ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អតីតអ្នកបួសខ្មែរ មានសមាគមរបស់ខ្លួន ជាលើកដំបូង

២៨ មីនា ២០២៣ | ព័ត៌មានជាតិ

 


ចាប់ពីពេលនេះតទៅ អតីតអ្នកបួសខ្មែរទាំងអស់ នឹងលែងឯកោទៀតហើយ ដ្បិតសមាគមអតីតអ្នករបួសខ្មែរ ត្រូវបានបង្កើតជាផ្លូវការហើយ ក្នុងគោលបំណងសំខាន់ៗ ២យ៉ាង គឺជួយអតីតអ្នកបួសខ្មែរ និងយកសមត្ថភាពអតីតអ្នកបួសខ្មែរ ជួយដល់សង្គម។

 


នេះគឺជាការលើកដំបូងហើយ ដែលអតីតអ្នកបួសក្នុងព្រះពុទ្ធសាសនា នៅកម្ពុជា មានសមាគម ដែលជាបណ្តុំ ឬជាទីប្រមូលផ្តុំ នៃអតីតអ្នកបួសទាំងអស់ នៅគ្រប់ទិសានុទិស ហើយគោលបំណងសំខាន់ៗ នៃការបង្កើតសមាគមនេះ គឺទី១ ជួយដល់អតីតអ្នកបួស ដែលភាគច្រើន គឺជាអ្នកចេញមកពីគ្រួសារក្រីក្រ នៅតាមទីជនបទ ខ្វះសាច់ញាតិ ខ្វះបទពិសោធន៍ជីវិត និងការងារក្នុងសង្គម និងទី២ ដើម្បីបញ្ចេញសមត្ថភាពចំណេះដឹងរបស់អតីតអ្នកបួស ដើម្បី ជួយដល់សង្គម ពីព្រោះ អតីតអ្នកបួសខ្លះ គឺជាមនុស្សប្រកបដោយគុណភាពខ្ពស់ណាស់។ នេះគឺជាការលើកឡើងរបស់លោក ហឿន សំនៀង សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអតីតអ្នកបួសខ្មែរ នាឱកាសសមាគមនេះ ត្រូវបានបង្កើតឡើងជារូបរាង នាល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ម្សិលម៉ិញនេះ បន្ទាប់ពីមានកិច្ចខ្នះខ្នែងអស់រយៈពេលជិត ១ឆ្នាំមក។

 


សេចក្តីថ្លែងហេតុ នៃការបង្កើតសមាគមអតីតអ្នកបួសខ្មែរ បានលើកឡើងថា អតីតអ្នកបួសទាំងអស់នៅទូទាំងប្រទេស ពិតជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា និងសូមដឹងគុណជានិច្ចចំពោះព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំសង្ឃ គណៈសង្ឃនាយក វត្តអារាម ពុទ្ធបរិស័ទ និងរាជរដ្ឋាភិបាល ដែលបានផ្តល់ឱកាសឱ្យយើងខ្ញុំព្រះករុណាទាំងអស់គ្នា ជាកុលបុត្រខ្មែរ បានជ្រកកោន និងសិក្សារៀនសូត្រ ស្រូបយកចំណេះជំនាញ។ ប៉ុន្តែអតីតអ្នកបួសភាគច្រើនជួបបញ្ហាយ៉ាងស្មុគស្មាញក្រោយពីលាចាកសិក្ខាបទ ដូចជាកង្វះចំណេះដឹង បទពិសោធន៍សង្គម និងវ័យ ឬអាយុខុសតម្រូវការការងារ ជាដើម ពេលជួបវិបត្តិ គ្មានរៀមច្បងជាទីពឹងពំនាក់ ឬ អ្នកប្រឹក្សាយោបល់ ការពារ និងបង្ហាញផ្លូវជីវិត គឺពួកគេឯកោ ប្រឈមនឹងភាពក្រីក្រ អស់សង្ឃឹម ខូចចិត្ត និងលែងជឿជាក់លើខ្លួនឯង ជាដើម។

 


ក្រោមស្មារតីនេះ ក្រុមអតីតអ្នកបួស បានសម្រេចដាក់ចេញនូវចក្ខុវិស័យថា អតីតអ្នកបួសខ្មែរ មានសាមគ្គីភាពគ្នា រស់នៅថ្លៃថ្នូរ និង ជាគម្រូលល្អក្នុងសង្គម ក្នុងគោលបំណង ពង្រីកទំនាក់ទំនង បង្កើនការចែករំលែកចំណេះដឹង បទពិសោធន៍ និងជួយគ្នាក្នុងចំណោមអតីតអ្នកបួសខ្មែរគ្រប់ជំនាន់។ដូច្នេះ អំណឹះតទៅ អតីតអ្នកបួសខ្មែរ គ្រប់ជំនាន់ អាចទៅប្រមូលផ្តុំគ្នា នៅក្នុងសមាគអតីតអ្នកបួស ហើយសមាគមនេះ ក៏ប្រកាសបើកទូលាយ ចំពោះអ្នក ដែលមិនមែនជាអតីតអ្នកបួសខ្មែរ អាចចូលរួមក្នុងសមាគមនេះទៅតាមស្ថានភាព សមត្ថភាព និងលទ្ធភាពរបស់ពួកគេរៀងៗខ្លួន៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឆិល សុភ័ស្ត  

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024