ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

បើស្នេហាលើកនេះជោគជ័យ អៀ ម៉េងលិ អាចនឹងបញ្ចប់អាជីពសិល្បៈដោយមិនស្ទាក់ស្ទើរ

២៧ មីនា ២០២៣ | កម្សាន្ដ

 

ខណៈស្នេហាកំពុងមានពន្លឺភ្លឺត្រចះត្រចង់ តារាស្រីសិចស៊ី អៀ ម៉េងលិ ស្រាប់តែបង្ហើបឱ្យដឹងថា បើស្នេហាលើកនេះជោគជ័យ ហើយគូស្នេហ៍ចង់ឱ្យនាងឈប់ពីសិល្បៈ នាងនឹងធ្វើតាមសំណើររបស់គូស្នេហ៍ដោយមិនស្ទាក់ស្ទើរ។ ពេលចុងក្រោយនេះ តារាស្រីសិចស៊ី អៀ ម៉េងលិ កាន់តែផ្អែមល្អែមខ្លាំងឡើងជាមួយគូស្នេហ៍បុរសសង្ហាដែលនាងហៅថា ស័ក្ត ដោយជារឿយៗនាងតែងបណ្តើរគូស្នេហ៍ទៅសាងភាពផ្អែមល្ហែម និងចូលរួមកម្មវីធីសិល្បៈជាញឹកញាប់។ 

 

 

បើនិយាយពីការងារសិល្បៈវិញ ស្រីស្រស់សោភានេះថា បច្ចុប្បន្ននាងមិនសូវមមាញឹកការងារសិល្បៈខ្លាំងដូចមុនទេ ដោយសារនាងមិនទទួលការងារច្រើនតាមសំណើររបស់គូស្នេហ៍។ ម៉្យាងវិញទៀត ពេលនេះនាង និងគូស្នេហ៍ក៏កំពុងបោះទុនបើកមុខរបររកស៊ីជាមួយគ្នាធ្វើឱ្យពេលវេលាកាន់តែខើចសម្រាប់ការងារសិល្បៈ។ តាមរយៈមុខរបររួមគ្នាដែលមាននៅពេលនេះ សរបញ្ជាក់ឱ្យឃើញថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរកំពុងមានបង្គោលរឹងមាំ ស្របពេលគ្រួសារទាំងសងខាងដឹងឮអស់ទៅហើយ។

 

 

តារាស៊ិចស៊ីរូបនេះឱ្យដឹងថា មកទល់ពេលនេះ អ្នកទាំងពីរស្រលាញ់មើលចិត្តគ្នារយៈពេលជាង៦ខែហើយ។ នាងស្រលាញ់ពេញចិត្តគូស្នេហ៍រាងខ្ពស់ស្រឡះនេះជាខ្លាំង ព្រោះលោកជាមនុស្សយល់ពីស្ថានភាព និងយល់កាលៈទេសៈ ថែមទាំងចេះបត់បែនគ្រប់ស្ថានភាពបានយ៉ាងល្អទៀតផង ពិសេសគឺដឹងពីទុកធុរៈ និងមិនចេះរអ៊ូរទាំដាក់នាងនោះឡើយ គ្រប់ពេលឱ្យជូនទៅក្រៅម្តងៗ។ តែយ៉ាងណា តារាស្រីនិយមបញ្ចេញដើមទ្រូងទ្រលុកទ្រលុនរូបនេះ សុំមិនបញ្ជាក់លម្អិតពីសមាសភាពគូស្នេហ៍នាងឡើយ ដើម្បីឯកជនភាពរបស់គូស្នេហ៍។

 

 

ខណៈភ្លើងស្នេហ៍៍កំពុងមានកម្តៅក្តៅអ៊ុនៗ អៀ ម៉េងលិ បង្ហើបឱ្យដឹងថា នាងនិងគូស្នេហ៍ក៏បានសំលឹងមើលផ្លូវអនាគតរួមគ្នាដែល ថែមទាំងបង្ហើបឡើងថា ប្រសិនបើទំនាក់ទំនងអ្នកទាំងពីរច្បាស់លាស់ដល់ថ្ងៃចូលរោងការតាមច្បាប់ជាប្តីប្រពន្ធពិតមែននោះ នាងអាចនឹងបញ្ចប់អាជីពសិល្បៈទាំងស្រុង បើគូស្នេហ៍របស់នាងចង់ឱ្យនាងឈប់ពិតមែន។

 

 


ចាប់តាំងពីស្រលាញ់គ្នាជាគូសង្សាមក ម៉េងលិ និងគូស្នេហ៍ ជួយកែតម្រូវចំនុចខ្វះខាតគ្នាទៅវិញទៅមកច្រើនណាស់។ តួយ៉ាង សូម្បីតែការនិយមស្លៀកពាក់ស៊ីចស៊ីបញ្ចេញដើមទ្រូងដូចពីមុនក៏នាងផ្លាស់ប្តូរដែល តែការផ្លាស់ប្តូរនេះមិនមែនដើម្បីតម្រូវចិត្តគូស្នេហ៍មួយមុខទេ តែខ្លួននាងផ្ទាល់ក៏យល់ថាខ្លួនឯងពីមុនស៊ិចស៊ីជ្រុលពេកបន្តិចដែល ដល់ពេលកែប្រែបែបនេះទៅក៏ល្អជាងមុនច្រើន។

 

ចំែណក ការងារសិល្បៈវិញ គូស្នេហ៍នាងមិនហាមប្រាមមិនឱ្យធ្វើទាំងស្រុងទេ គ្រាន់តែហាមមិនឱ្យថតបែបស្រើបស្រាលជាមួយតួប្រុស ដោយសារគូស្នេហ៍ប្រច័ណ្ឌហួសហែងច្រើន ប៉ុន្តែបើការងារថតស៉្បតពាណិជ្ជកម្ម និងប្រម៉ូតផលិតផល គឺនាងនៅទទួលធ្វើធម្មតា៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024