ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
លោក អ៊ុន សិទ្ធា និងសិល្បករ សិល្បការិនីជាច្រើនទៀតបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញពីការសម្តែងផ្សេងៗរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះនាពេលដ៏ខ្លីខាងមុខនេះ។ ក្នុងនាមជាតារាសម្តែងល្បីឈ្មោះមួយរូប អ៊ុន សិទ្ធា ក៏នឹងមានវត្តមានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងប្រារព្ធធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ ដូច្នេះហើយទើបមួយរយៈនេះលោកបានបាត់មុខពីសិល្បៈដើម្បីទុកពេលវេលាហ្វឹកហាត់ការសម្តែង ។
លោក អ៊ុន សិទ្ធា បានឱ្យដឹងថា លោកបានចំណាយពេលវេលាហ្វឹកហាត់ទៅតាមការណាត់របស់លោកគ្រូអ្នកគ្រូដើម្បីត្រៀមនឹងបង្ហាញការសម្តែងដ៏ធំក្នុងព្រឹត្តិការណ៍ស៊ីហ្គេម បើទោះបីជាការងារផ្ទាល់ខ្លួនមានការមមាញឹកយ៉ាងណា លោកមិនអាចខកខានក្នុងការហាត់សមនោះទេ ពីព្រោះនេះជាការងារធំសម្រាប់ប្រទេសជាតិ ដូច្នេះមិនអាចមានការផ្លោះធ្លោយបានឡើយ ។
មកទល់ពេលនេះតារាសម្ដែងល្បីឈ្មោះខាងលើ នៅតែលេចធ្លោមួយរូបដែលទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន មិនថាលោកសម្តែងតួអង្គបែបណា ទស្សនិកជននៅតែស្រឡាញ់គាំទ្រលោកច្រើនឡើងៗ។ នេះជាកម្លាំងចិត្តដ៏ធំសម្រាប់លោក ក្នុងការពង្រឹងស្នាដៃខ្លួនក្នុងវិស័យសម្តែង ឱ្យកាន់តែខ្លាំងក្លាឡើង ។ លោក អ៊ុន សិទ្ធា ក៏មានវត្តមាននៅក្នុងភាពយន្តប្រវត្តិសាស្រ្ត « កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី » ផងដែរ ។
គួររំលឹកផងដែរថា លោក អ៊ុន សិទ្ធា ប្រលូកក្នុងសិល្បៈច្រើនឆ្នាំមកហើយ ហើយលោកក៏មិនដែលមានរឿងអាស្រូវស្នេហាជាមួយនរណាម្នាក់ទេ ។ ចំពោះរឿងរ៉ាវស្នេហាវិញ លោក អ៊ុន សិទ្ធា នៅតែអះអាងថាលោកមិនទាន់មានគម្រោងរៀបការ ឬរៀបចំជីវិតគូនៅឡើយទេ លោកចង់នៅម្ចាស់ឯងស្រួលចិត្តជាង ម្យ៉ាងវិញទៀតខ្លួនមិនទាន់មានលំនឹងច្បាស់លាស់ ទើបចង់សន្សំប្រាក់ឱ្យបានច្រើនសិន ចាំគិតពីរឿងគ្រួសារ កុំឱ្យពេលរៀបការរួចជួបនូវវិប្បត្តិផ្សេងៗ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា