ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣
ក្រុមហ៊ុនទីប្រឹក្សា WoodMac បានព្យាករថា ប្រទេសចិន រំពឹងថានឹងមានចំណែកប្រហែល ៤០% នៃការកើនឡើងនៃតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះ ដោយសារសេដ្ឋកិច្ចរបស់ចិន ងើបចេញពីការចាក់សោរយ៉ាងតឹងរ៉ឹង។ប្រភពដដែលបានលើកឡើងថា ទោះយ៉ាងណាក៏ដោយ ការកើនឡើងនូវ តម្រូវការរបស់ប្រទេសចិន មិនបានជំរុញតម្លៃប្រេងឡើងខ្ពស់ទៅដល់កម្រិតក្នុងឆ្នាំ ២០២២វិញនោះទេ។
ក្រុមហ៊ុន WoodMac បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា នៅក្នុងសេណារីយ៉ូករណីមូលដ្ឋាន សេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ បន្ទាប់ពីវាបានដកយុទ្ធសាស្ត្រទប់ស្កាត់ កូវីដរបស់ខ្លួន។
កំណើនសេដ្ឋកិច្ចចិន នឹងស្មើនឹងការកើនឡើងតម្រូវការប្រេង ១លានបារ៉ែលក្នុងមួយថ្ងៃ ក្នុងចំណោមការកើនឡើង ២,៦លានបារ៉ែលក្នុងមួយថ្ងៃ នៃតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះ។
ក្នុងសេណារីយ៉ូកំណើនខ្ពស់ ដែលផលិតផលក្នុងស្រុកសរុបរបស់ចិនកើនឡើង ៧% នោះវានឹងបន្ថែមតម្រូវការប្រេង ៤សែនបារ៉ែលក្នុងមួយថ្ងៃ បន្ថែមទៀត។ទោះជាយ៉ាងនេះក្តី តម្លៃជាមធ្យមនៃប្រេងឆៅ Brent នៅឆ្នាំនេះ នឹងនៅតែទាបជាងតម្លៃមធ្យម ៩៩ដុល្លារក្នុងមួយបារ៉ែល ដែលត្រូវបានគេមើលឃើញក្នុងឆ្នាំ ២០២២ ដោយសារ ទីផ្សារឥឡូវនេះបានសម្របខ្លួនទៅនឹង ភាពវឹកវរដែលកើតឡើងដោយសង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន។
សូមជម្រាបថា ទោះជាមានការធ្លាក់ចុះសេដ្ឋកិច្ចដ៏សំខាន់ WoodMac មើលឃើញថា តម្លៃប្រេងឆៅ Brent អាចកើនឡើងពីកម្រិតបច្ចុប្បន្ន ប្រហែល ៧៥ដុល្លារក្នុងមួយបារ៉ែល ដល់ជាមធ្យម ៨៩ដុល្លារ នៅឆ្នាំនេះ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ