ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
ថ្ងៃច័ន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣
តម្លៃប្រេងឆៅ នៅលើទីផ្សារសកល បានធ្លាក់ចុះជិត ៥% កាលពីថ្ងៃពុធ ស្ថិតនៅកម្រិតទាបបំផុតក្នុងរយៈពេលជាង ១ឆ្នាំ ដោយសារការព្រួយបារម្ភថា វិបត្តិទំនុកចិត្តក្នុងវិស័យធនាគារ អាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច និងកាត់បន្ថយតម្រូវការប្រើប្រាស់។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃនេះដោយ សារព័ត៌មានអន្តរជាតិធំៗ។
សន្ទស្សន៍តម្លៃប្រេងឆៅទាំង២ បានឈានដល់កម្រិតទាបបំផុត ចាប់តាំងពីខែធ្នូ ឆ្នាំ ២០២១ ហើយបានធ្លាក់ចុះ ៣ថ្ងៃជាប់ៗគ្នា។ប្រេងឆៅ Brent បានធ្លាក់ចុះ ៣ដុល្លារ ៧៦សេន ឬប្រមាណ ៥% មកនៅត្រឹម ៧៣ដុល្លារ ៦៩សេនក្នុងមួយធុងបារ៉ែល ខណៈ ប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះប្រមាណ ៥,២% នៅត្រឹម ៦៧ដុល្លារ ៦១សេន។
ប្រេង Brent បានធ្លាក់ចុះជាង ១០% ចាប់តាំងពីការបិទកាលពីថ្ងៃសុក្រ ខណៈដែលប្រេងឆៅរបស់សហរដ្ឋអាមេរិកធ្លាក់ចុះជាង ១៤%។ប្រាក់ដុល្លារអាមេរិក ក៏បានឡើងថ្លៃធៀបនឹងកញ្ចប់រូបិយប័ណ្ណ ដែលធ្វើឱ្យវាកាន់តែថ្លៃ សម្រាប់អ្នកកាន់រូបិយប័ណ្ណទាំងនោះ ដើម្បីទិញប្រេងឆៅ។
ការបន្ថែមទៅលើការធ្លាក់ចុះនៅក្នុងទីផ្សារ គឺដោយសារស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក បានកើនឡើង ១លាន ៦សែនបារ៉ែលកាលពីសប្តាហ៍មុន ដោយទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា វាគឺច្រើនជាងការរំពឹងទុកនៃការកើនឡើងត្រឹមតែ ១លាន ២សែនបារ៉ែល។
សូមជម្រាបដែរថា អត្រាការប្រាក់ខ្ពស់ អាចនាំឱ្យតម្រូវការប្រេងធ្លាក់ចុះ ដោយសារកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ប៉ុន្តែក្តីបារម្ភនៃវិបត្តិហិរញ្ញវត្ថុកាន់តែជ្រៅ សម្រាប់វិស័យធនាគារ ក៏អាចថ្លឹងថ្លែងលើតម្រូវការប្រេងផងដែរ៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ