ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៥
«សាងជាថ្មី» ពិព័រណ៍សិល្បៈរបស់សិល្បករ ៣ រូប និងអង្គ កំពុងតាំងបង្ហាញនៅគម្រោងសិល្បៈស-ស ចាប់ពីថ្ងៃទី៣ ខែមីនា ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ «សាងជាថ្មី» លើកឡើងពីវដ្តនៃជីវិត ធម្មជាតិ និងអ្វីដែលមនុស្សកសាង ព្រមទាំងបញ្ហាដែលវាពាំនាំមក។
«សាងជាថ្មី»នាំមកបង្ហាញជូនស្នាដៃថ្មីៗដោយអតីតនិស្សិតបីរូប និងអង្គ ដែលបាន បញ្ចប់កម្មវិធីអប់រំពីគម្រោងសិល្បៈស-សគឺ ឡេង គឹមស្រៀង, គង់ តារា និង ព្រះអង្គ សួង ភក្តី ។ សិល្បករនៅក្នុងពិព័រណ៍ «សាងជាថ្មី» លើកឡើងពីវដ្តនៃជីវិត ធម្មជាតិ និងអ្វី ដែល មនុស្ស កសាង ព្រមទាំងបញ្ហាដែលវាពាំនាំមកជាមួយ៖ អត្ថសញ្ញាណ ក្រុងដែល ផ្លាស់ប្តូរដ៏ញឹកញាប់ ភាពរឹងមាំនិងផុយស្រួយនៃសុខភាពផ្លូវចិត្ត ដំណើរកសាង បទ ពិសោធន៍ ជីវិត និងអតុល្យភាពនិងអស្ថេរភាពនៃជីវិត។
ចំណងជើងរបស់ពិព័រណ៍នេះ ត្រូវបានដកស្រង់ចេញពីស្នាដៃ សាងជាថ្មី របស់ ឡេង គឹមស្រៀង ដែលបង្កើតចម្លាក់ និងបង្គុំចម្លាក់ធ្វើចំបងពីកម្ចេចកញ្ចក់ឆ្អិន ដែលគាត់ ប្រមូល រើសពីការដ្ឋានសំណង់នានាក្នុងទីក្រុងភ្នំពេញ។ គឹមស្រៀង ចាប់អារម្មណ៍ពីប្រភេទនិងតួនាទីនៃកញ្ចក់ទាំងនោះ ព្រោះគេប្រើវាជារបាំងការងារអាកាសធាតុផង និងជាស្រទាប់ថ្លាសម្រាប់បង្ហាញអោយឃើញលំហខាងក្នុង នៃអគារផង។
អទ្វេភាព ដោយសិល្បករ គង់ តារា រួមមានគំនូរគូរពីប៊ិចនិងខ្មៅដៃពណ៌ចំនួន៨ ផ្ទាំង និងបង្គុំចម្លាក់ធ្វើពីដីឥដ្ឋមិនទាន់ដុតចំនួន១។ គំនូរដ៏លម្អិតប្រណីតរបស់ តារា រំលេចជារូបភាពសរសៃខ្សែពណ៌ខៀវរមួលត្របាញ់ពត់ពេនរុំព័ទ្ធកន្សោមអ្វីម្យ៉ាងដែលមើលទៅហាក់ដូចជាផែនទី។
នៅក្នុងគំនូរនោះ ក៏មានរូបភាពពណ៌លឿងស្រាលៗនៅចំកណ្តាល ដែលពេលយើងពិនិត្យជិតទើបឃើញថាហាក់ដូចជាមានទម្រង់សរីរាង្គមួយចំនួនកំពុងហែលឆ្វាត់ឆ្វែលនៅក្នុងនោះ។ ព្រះសង្ឃ និងសិល្បករ សួង ភភ្តី ធ្វើការសិក្សាតាមផ្លូវធម៌នៃព្រះពុទ្ធសាសនា ដោយធ្វើអន្តរាគមន៍ស្នាដៃចម្លាក់ចំនួន៦ មានចំណងជើងថា ខន្ធ ក្នុងទម្រង់ជារូបរាងកាយនិងសរីរាង្គខាងក្នុងរបស់មនុស្ស។
ចម្លាក់ទាំងនេះធ្វើអំពីគ្រោងឆ្អឹងដែក រុំដណ្តប់ដោយកន្ទេលចចូតនិងដេរភ្ជាប់គ្នាដោយថ្នេរធ្វើពីស្បង់ចីពរ។ ចម្លាក់សរីរាង្គខាងក្នុងរួមមានក្រពះ សួត បេះដូង និងថ្លើមទាំងនេះសុទ្ធសឹងតែមានតួនាទីដ៏សំខាន់សម្រាប់ទ្រទ្រង់រាងកាយ ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងបរិស្ថានអេកូឡូស៊ីធម្មជាតិនៅជុំវិញយើង។ពិព័រណ៍សិល្បៈ «សាងជាថ្មី» កំពុងដាក់តាំងបង្ហាញនៅគម្រោងសិល្បៈស-ស ផ្ទះលេខ ៤៧ ផ្លូវ ៣៥០ (កែងផ្លូវ៩៥) រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ខែមីនា ដល់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ