ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥
មេបញ្ជាការនៃកម្មវិធី Indo-Pacific Endeavor នៃក្រសួងការពារជាតិអូស្ត្រាលី នៅថ្ងៃទី១៤ ខែមីនានេះ បានទៅទស្សនកិច្ច នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព ក្នុងស្រុកឧដុង្ត ខេត្តកំពង់ស្ពឺ។ ក្នុងដំណើរទស្សនកិច្ចនេះ អូស្ត្រាលី បានបង្ហាញឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការ ខណៈកម្ពុជា ស្នើសុំទៅភាគីអូស្ត្រាលី ឲ្យជួយបណ្តុះបណ្តាលលើជំនាញរក្សាសន្តិភាព និងជំនួយលើសម្ភារៈផ្សេងៗ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកឧត្តមសេនីយ៍ត្រី Tony McCormack មេបញ្ជាការនៃកម្មវិធី Indo-Pacific Endeavor នៃក្រសួងការពារជាតិអូស្ត្រាលី នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នៅស្រុកឧដុង្ត ខេត្តកំពង់ស្ពឺ នាថ្ងៃនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនីយ៍ អគ្គនាយកនៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើឲ្យជួយបណ្តុះបណ្តាល វគ្គជំនាញខ្លីៗលើវិស័យរក្សាសន្តិភាព បច្ចេកទេសកំទេចគ្រាប់មិនទាន់ផ្ទុះ និងការបណ្តុះបណ្តាលកងនគរបាលជាដើម។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏ស្នើសុំជំនួយលើសម្ភារៈផ្សេងៗដែលបម្រើដល់ប្រតិបត្តិការរក្សាសន្តិភាព ដូចជាម៉ាស៊ីនរាវមីន សម្ភារសម្រាប់បង្រៀនផ្នែកសង្គ្រោះគ្រោះមហន្តរាយ ទៅតាមលទ្ធភាពជាក់ស្តែង ជាពិសេសការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរលើវិស័យរក្សាសន្តិភាព។
ឆ្លើយតបនឹងសំណើរបស់អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា ឧត្តមសេនីយ៍ត្រី Tony បាន បង្ហាញឆន្ទៈពង្រីកកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា លើវិស័យរក្សាសន្តិភាព និងសន្យាយកសំណើរនាពេលនេះ ទៅជម្រាបជូនថ្នាក់ដឹកនាំក្រសួងការពារជាតិអូស្ត្រាលី ដើម្បីធ្វើការសម្រេច។
គួរបញ្ជាក់ថា ឧត្ដមសេនីយ៍ត្រី Tony McCormack មេបញ្ជាការអូស្ត្រាលីនៃកម្មវិធីIndo-Pacific Endeavour 2023 (IPE-23) បានមកទស្សនកិច្ចនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា រយៈពេលពី២ថ្ងៃ គឺនៅថ្ងៃទី១៣-១៤ ខែមីនា ឆ្នាំ២០២៣ ដើម្បីជួបពិភាក្សាការងារ ជាមួយនាយទាហានជាន់ខ្ពស់ មួយចំនួននៃកងយោធពល ខេមរភូមិន្ទ ។
កាលពីឆ្នាំ២០០៦ ខាងភាគីអូស្ត្រាលីបានចូលរួមផ្តល់ការហ្វឹកហ្វឺនដល់កងកម្លាំងរក្សាសន្តិភា កម្ពុជា ហើយនៅក្នុងឆ្នាំនេះអូស្ត្រាលី ក៏បានជួយបណ្តុះបណ្តាលផ្នែកយ៉េនឌ័រដល់កម្លាំងនារីមួកខៀវ កម្ពុជាផងដែរ៕
អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា