ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

ការប្រមូលចំណូលពន្ធក្នុងឆ្នាំ ២០២៣ ប្រឈមនឹងបញ្ហាបណ្តាលមកពីវិបត្តិសកល

០៧ មីនា ២០២៣ | សេដ្ឋកិច្ច

 

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការប្រមូលចំណូលពន្ធដារ សម្រាប់ឆ្នាំ ២០២៣នេះ អាចនឹងជួបប្រឈមបញ្ហាមួយចំនួន ដោយប្រយោលបណ្តាលមកពី វិបត្តិសកល ខណៈ ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានបន្ទាបមកនៅត្រឹម ៥,៦%។

 

 

ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី កាតព្វកិច្ចពន្ធលើប្រាក់ចំណូល ការបំពេញទម្រង់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ការស៊ើបអង្កេតបទល្មើសពន្ធដារ និងការប្រឆាំងការសម្អាតប្រាក់ ឱ្យដឹងថា ទោះបីជាការប្រមូលចំណូលពន្ធដារក្នុងឆ្នាំ ២០២២កន្លងមកលើសផែនការដល់ទៅជាង ២២% ប៉ុន្តែការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ ២០២៣ នេះអាចនឹងមានបញ្ហាប្រឈមមួយចំនួន ដោយប្រយោលពីវិបត្តិសកល។

 


ឯកឧត្តម បន្តថា ក្នុងឆ្នាំ ២០២៣ ច្បាប់ថវិកា បានដាក់ចេញរួចហើយ ដោយកំណត់ឱ្យ អគ្គនាយកដ្ឋានពន្ធដារ រកចំណូលឱ្យបានប្រមាណ ៣ពាន់ ៥រយលានដុល្លារ បើធៀបនឹងថវិកាដែលបានកំណត់ដោយច្បាប់ឆ្នាំ ២០២២ គឺកើនឡើងប្រមាណ ៣០% យ៉ាងណាមិញកំណើននេះ មិនឆ្លុះបញ្ចាំងពី កំណើនសេដ្ឋកិច្ចឡើយ ព្រោះថាកំណើននេះ ត្រូវបានរៀបចំតាមការព្យាករសេដ្ឋកិច្ចក្នុងអត្រា ៦,៦% ប៉ុន្តែឥឡូវនេះ តាមការព្យាករឡើងវិញគឺត្រឹមតែ ៥,៦% ប៉ុណ្ណោះ។

 


ជាក់ស្តែង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ មានការទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាពីអត្រា ៦,៦% មកនៅត្រឹម ៥,៦% ដោយការថយចុះ ១%នេះ អាចបង្កការលំបាកច្រើនដល់ការប្រមូលពន្ធដារ។ជាមួយគ្នានេះ សម្រាប់ឆ្នាំ ២០២៣ ស្ថានភាពការគ្រប់គ្រងជំងឺកូវីដ១៩ នៅកម្ពុជា មានដំណើរការល្អប្រសើរ ប៉ុន្តែសង្គ្រាមរវាងប្រទេសអ៊ុយក្រែន-រុស្ស៊ី វិបត្តិភូមិសាស្ត្រនយោបាយពិភពលោក និងការកើនឡើងនៃអត្រាអតិផរណាដែលធ្វើឱ្យកម្លាំងបញ្ជាទិញថមថយ គឺកំពុងជះឥទ្ធិពលអវិជ្ជមានដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

 


ឯកឧត្តម គង់ វិបុល បន្ថែមបន្តិចទៀតថា តាមរយៈជំនួបជាមួយបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុន និងសហគ្រាសធំៗមួយចំនួន ពួកគេក៏បានលើកឡើងពី ផលវិបាកមួយចំនួនចំពោះដំណើរការអាជីវកម្ម នៅក្នុងឆ្នាំ ២០២៣នេះផងដែរ។សូមរម្លឹកថា នៅក្នុងឆ្នាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលនូវចំណូលពន្ធ-អាករ បានប្រមាណ ៣ពាន់ ៤រយលានដុល្លារអាមេរិក ដែលស្មើនឹង ១២២% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ។

 

 

សរុបជារួម ក្នុងឆ្នាំ ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ បានរក្សាកំណើនខ្ពស់ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២១ ក្នុងនោះពន្ធលើប្រាក់ចំណូលកើនឡើង  ២៣% អាករលើតម្លៃបន្ថែមកើន ៣៤% ពន្ធលើប្រាក់បៀវត្សកើន ២២% អាករពិសេសកើន ២៥% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យកើន ១២%៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025