ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤
គណៈកម្មាធិការជាតិ CAMSOC និងក្រុមហ៊ុនដៃគូរមួយចំនួនបានប្រកាសស្វែងរក និងកៀរគរថវិកាជួយដល់ការហ្វឹកហាត់របស់ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។
ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនជាដៃគូរបស់ CAMSOC ក្នុងការបង្កើតឡើងនូវមូលនិធិជួយទ្រទ្រង់ដល់ក្រុមជម្រើសជាតិកម្ពុជា បន្ថែមពីលើការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ពីព្រោះកីឡាករ កីឡាការិនីទាំងអស់ត្រូវបាននូវការលើកទឹកចិត្តបន្ថែម ជារៀងរាល់ពេល ជាពិសេសទៅលើការថែទាំការហ្វឹកហាត់ឲ្យមានគុណភាពកាន់តែខ្ពស់។
នេះជាការរួមចំណែករបស់វិស័យឯកជន និងប្រជាពលរដ្ឋ ដើម្បីជួយជ្រោមជ្រែងដល់ក្រុមជម្រើសជាតិកម្ពុជា។ ឯកឧត្តមបានអំពាវនាវដល់វិស័យឯកជន សហគ្រាស ប្រជាពលរដ្ឋចូលរួមបរិច្ចាគជាថវិកាតាមរយៈ App Khmer Care តាមលទ្ធភាពពី១ដុល្លារឡើងទៅ ខណៈដែលគោលដៅមានចំនួន ១លានដុល្លារ សម្រាប់បម្រើដល់ការហ្វឹកហាត់ប្រកបដោយតម្លាភាព សម្រាប់កីឡាករ កីឡាការិនីកម្ពុជា ក្នុងពេលប្រកួត ស៊ីហ្គេម និងអាសានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
ការរៀបចំស្វែងរកថវិកាគាំទ្របន្ថែមនេះ មិនមែនជាការៀបចំដើម្បីមុខមាត់នោះទេ ប៉ុន្តែដើម្បីបម្រើដល់តម្រូវការជាក់ស្តែង ជួយរុញសិទ្ធផលក្រុមជម្រើសជាតិឲ្យកាន់តែរឹងមាំក្នុងបច្ចេកទេស ដើម្បីឆ្ពោះទៅដណ្តើមមេដាយមាស ឬជើងឯកជូនជាតិ និងប្រជាជនខ្មែរទាំងអស់គ្នា ក្នុងនាមជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ដ៏អស្ចារ្យ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាប្រវត្តិសាស្ត្រដំបូង ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ យើងនឹងបន្តធ្វើកម្មវិធីនេះជាបន្តបន្ទាប់ទៀត ខណៈរាជរដ្ឋាភិបាលកម្ពុជាផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ហើយប្រសិនបើវិស័យឯកជន ប្រជាពលរដ្ឋខ្មែរយើងជួយបន្ថែមទៀត គឺរិតតែល្អប្រសើរ និងជួយជំរុញឲ្យគុណភាពបច្ចេកទេសអត្តពលិកកម្ពុជាកាន់តែមុតស្រួច និងខ្ពស់ឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃចាប់ផ្តើមដំបូងនៃការប្រកាសស្វែងរក «មូលនិធីកីឡាកម្ពុជា» ដោយក្រុមហ៊ុននានាបានចូលរួមជួយឧបត្ថម្ភ ក្នុងមូលនិធីនេះបានថវិកាមួយចំនួនហើយៗក្នុងនោះ ធនាគារឯកជនក្នុងស្រុកមួយបានឧបត្ថម្ភ ១៥ម៉ឺនដុល្លារ ដល់មូលនិធិកីឡាកម្ពុជា ដែលជាចំនួនថវិកាឈានមុខគេ ក្នុងចំណោមក្រុមហ៊ុនដទៃៗទៀត៕
អត្ថបទ និងរូបភាព៖ ប៉ុន សុភាព