ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥
វិស័យសារព័ត៌មានត្រូវបានចាត់ទុកថា ជាកញ្ចក់ឆ្លុះបញ្ចាំងពីតថភាពនូវអ្វីជាសច្ចៈភាពរបស់កម្ពុជា នាពេលបច្ចុប្បន្នទៅកាន់ពិភពលោកឲ្យកាន់តែជ្រួតជ្រាប ដែលប្រជាជននៅលើពិភពលោកកំពុងតែត្រៀមផ្តោតចក្ខុមកកាន់កម្ពុជា តាមរយៈព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យក្នុងនាមជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំ៦៤ឆ្នាំ។
នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា នេះជាកិច្ចការចុងក្រោយ ដែលយើងនៅសល់ ៨៨ថ្ងៃទៀត ដល់ថ្ងៃពិធីបើកស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ចាប់ពីខែមីនា ២០២៣ តទៅនឹងចាប់ផ្តើមរៀបចំទីតាំង ការទទួលចុះឈ្មោះអ្នកសារព័ត៌មាន និងការធ្វើប័ណ្ណសម្រាប់សារព័ត៌មានជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជានឹងទទួលបដិសណ្ឋារកិច្ចជូនដល់អ្នកសារព័ត៌មានអន្តរជាតិរាប់រយនាក់ជាមួយនឹងការផ្តល់នូវមធ្យោបាយផ្សេងៗទៀតជូនដល់ពួកគាត់ប្រកបដោយភាពកក់ក្តៅ។ «កិច្ចប្រជុំល្ងាចនេះផ្តោតសំខាន់លើផ្នែកបច្ចេកទេសនៃមជ្ឈមណ្ឌលផ្សាយផ្ទាល់ (IBC) និងមជ្ឈមណ្ឌលសារព័ត៌មានត្រូវរៀបចំបែបណាខ្លះ ធ្វើកិច្ចការអ្វីខ្លះ អ្នកទទួលខុសត្រូវ ជាពិសេសគឺប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ទាំងអស់ទទួលបានសិទ្ធិផ្សាយផ្ទាល់ដោយឥតគិតថ្លៃ ដោយនេះគឺជាអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោយកដ្ឋមន្ត្រី ហ៊ុន សែន។
កិច្ចប្រជុំនេះជំរុញឲ្យការងារផ្សព្វផ្សាយទាំងអស់ទទួលខុសត្រូវឲ្យបានជាក់លាក់ និងប្រសិទ្ធភាពខ្ពស់ ក្នុងការផ្សព្វផ្សាយឲ្យបានទូលំទូលាយប្រកបដោយគុណភាពខ្ពស់ និងវិជ្ជាជីវៈកីឡា។ ឯកឧត្តមអគ្គលេខាធិការក៏បានលើកបង្ហាញពីភាពលម្អិតលើផែនការនេះ ដោយការផ្សព្វផ្សាយត្រូវបានចែកចេញជាពីរ។ ទី១ គឺការផ្សព្វផ្សាយពីការថតផលិតលើ១៥ប្រភេទកីឡាដែលមានប្រជាប្រិយភាព ដោយផលិតពីក្រុមផលិតឯកជន ឬដោយក្រុមជំនាញអន្តរជាតិឲ្យបានក្នុងកម្រិតគុណភាពស្តង់ដាអន្តរជាតិ ហើយបញ្ជូនទៅប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដោយឥតគិតថ្ល។
ទី២ ចំណែកឯច្រើនជាង១៥ប្រភេទកីឡាទៀត គឺផ្តល់ជូនដល់ស្ថានីយទូរទស្សន៍នានា ក្នុងស្រុក ដែលមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការផ្សាយផ្ទាល់។ ក្នុងនោះ យើងបានលម្អិតដល់ការរៀបចំថាតើទូរទស្សន៍ណាទទួលបានសិទ្ធិផ្សាយផ្ទាល់ប្រភេទកីឡាណាខ្លះ អាស្រ័យដោយការរៀបចំរបស់ឯកឧត្តម ផុស សុវណ្ណ ប្រធានគណៈកម្មការផ្សព្វផ្សាយ និងព័ត៌មាន ក្រោមការឯកភាពពីឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធាន គណៈកម្មាធិការជាតិ CAMSOC រួមទាំងការឯកភាពពីថ្នាក់ដឹកនាំ CAMSOCផងដែរ៕
អត្ថបទ និងរូបភាព៖ ប៉ុន សុភាព