ថ្ងៃច័ន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥

ទីភ្នាក់ងារថាមពលអន្តរជាតិ៖ តម្រូវការប្រេងនឹងកើនឡើង នៅពេលចិនបើកប្រទេសឡើងវិញ

២៥ មករា ២០២៣ | សេដ្ឋកិច្ច

 

ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ថា IEA បានអះអាងថា ការដកការរឹតបន្តឹងលើជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន គ្រោងនឹងជំរុញតម្រូវការប្រេងពិភពលោកនៅឆ្នាំនេះ ដល់កម្រិតខ្ពស់មួយ ខណៈដែលការដាក់ទណ្ឌកម្មតម្លៃប្រេងលើប្រទេសរុស្ស៊ី អាចកាត់បន្ថយការផ្គត់ផ្គង់ប្រេង។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 

 

ទីភ្នាក់ងារថាមពលអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស បានបញ្ជាក់នៅក្នុងរបាយការណ៍ប្រេងប្រចាំខែរបស់ខ្លួនថា មេធំ ២ ដែលគ្របដណ្តប់លើទស្សនវិស័យទីផ្សារប្រេងឆ្នាំ ២០២៣ គឺប្រទេសរុស្ស៊ី និងប្រទេសចិន។

 


ការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ី ធ្លាក់ចុះក្រោមឥទ្ធិពលនៃការដាក់ទណ្ឌកម្មតម្លៃ ខណៈពេលដែលការបើកប្រទេសចិន នឹងជំរុញឱ្យមានកំណើនតម្រូវការសកល បើទោះបីជារូបរាង និងល្បឿននៃការបើកដំណើរការប្រទេសឡើងវិញ នៅតែមិនទាន់ប្រាកដប្រជាក៏ដោយ។ កត្តាសកម្មភាពឧស្សាហកម្មចុះខ្សោយ និងកត្តាអាកាសធាតុ បានជួយកាត់បន្ថយតម្រូវការប្រេងជិត ១លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងបណ្តាប្រទេសអភិវឌ្ឍន៍របស់ OECD ក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២២។

 


ទីភ្នាក់ងារថាមពលអន្តរជាតិ បានបន្ថែមថា កត្តាជំរុញដ៏សំខាន់នៃ GDP ឆ្នាំ ២០២៣ និងកំណើនតម្រូវការប្រេង គឺអាស្រ័យលើពេលវេលា និងល្បឿននៃការងើបឡើងវិញក្រោយការបិទខ្ទប់របស់ប្រទេសចិន ។ ទន្ទឹមនឹងនេះ កំណើនសំខាន់នៃការផ្គត់ផ្គង់ប្រេង ត្រូវបានកំណត់ថា នឹងមកពីសហរដ្ឋអាមេរិក ដោយសារទិន្នផលពីក្រុមផលិតប្រេង OPEC+ នឹងធ្លាក់ចុះ ៨៧ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដោយសារប្រទេសរុស្ស៊ី។

 


ដោយឡែក ទិន្នផលប្រេងរបស់រុស្ស៊ី ត្រូវបានកាត់បន្ថយត្រឹមតែ ២០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ក្នុងខែធ្នូ បន្ទាប់ពីសហភាពអឺរ៉ុប បានហាមឃាត់ការនាំចូលប្រេងឆៅពីសមុទ្ររបស់ខ្លួន ហើយសម្ព័ន្ធនៃបណ្តាប្រទេស បានដាក់ពិដានតម្លៃលើប្រេងឆៅរបស់ខ្លួន។ គួរជម្រាបថា បើតាម ទីភ្នាក់ងារថាមពលអន្តរជាតិ បានបញ្ជាក់ថា ការនាំចេញប្រេងរបស់រុស្ស៊ី បានកើនឡើងត្រឹមតែ ៥% កាលពីឆ្នាំមុន ទោះបីជាតម្លៃទាបជាងឆ្ងាយក៏ដោយ៕
 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025