ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ឥណ្ឌូនេស៊ី ក្លាយជាអ្នកនាំចេញរថយន្តធំជាងគេបំផុតទៅកាន់ វៀតណាម

២៣ មករា ២០២៣ | សេដ្ឋកិច្ច


ប្រទេសឥណ្ឌូណេស៊ី បានវ៉ាដាច់ប្រទេសថៃ ក្នុងនាមជាអ្នកនាំចេញរថយន្តធំជាងគេរបស់វៀតណាម ក្នុងឆ្នាំ ២០២២ ជាមួយនឹងការនាំចេញរថយន្តសរុបចំនួន ៧ម៉ឺន ២ពាន់គ្រឿង។ នេះបើយោងតាម សេចក្តីរាយការណ៍ដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។ បើយោងតាមស្ថិតិដែលចេញផ្សាយដោយ គយវៀតណាម បានបង្ហាញថា វៀតណាម បាននាំចូលរថយន្តចំនួន ១៧ម៉ឺនគ្រឿងក្នុងឆ្នាំ ២០២២ កើនឡើង ៨% ធៀបនឹងឆ្នាំ ២០២១។

 


ឥណ្ឌូណេស៊ី ថៃ និងចិន គឺជាប្រទេសនាំចេញរថយន្តធំជាងគេទៅកាន់ប្រទេសវៀតណាម ប៉ុន្តែឥណ្ឌូនេស៊ីបានវ៉ាដាច់ប្រទេសថៃ ដែលជាប្រទេសដែលបាននាំចេញរថយន្តច្រើនជាងគេទៅកាន់ប្រទេសវៀតណាម ដោយមានរថយន្តចំនួន ៧ម៉ឺន ២ពាន់គ្រឿង បានកើនឡើង ៦៥% ពីឆ្នាំ ២០២១ និងមានតម្លៃសរុប ១០ពាន់លានដុល្លារអាមេរិក។

 


ដោយឡែក ប្រទេសថៃ បាននាំចេញរថយន្តចំនួនជាង ៧ម៉ឺនគ្រឿង ដែលមានតម្លៃ ១ពាន់ ៤រយលានដុល្លារទៅកាន់ ប្រទេសវៀតណាម ក្នុងឆ្នាំ ២០២២ ដែលជាការថយចុះចំនួន ១១% ពីឆ្នាំ ២០២១។ចំនួនរថយន្តដែលនាំចូលពីប្រទេសឥណ្ឌូនេស៊ី និងប្រទេសថៃ មានចំនួនសរុប ១៤ម៉ឺនគ្រឿង ស្មើនឹង ៨៣% នៃរថយន្តដែលបាននាំចូលទាំងអស់។

 


ជាមួយគ្នានេះ ប្រទេសចិន ឈរនៅលំដាប់ទី ៣ ដោយបាននាំចេញរថយន្តចំនួនជិត ២ម៉ឺនគ្រឿងទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០២២។  សូមជម្រាបថា បើយោងតាមស្ថិតិពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម នេះគឺជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ដែលចំនួនរថយន្តបានលក់នៅក្នុងប្រទេសវៀតណាម ក្នុងឆ្នាំ ២០២២ បានកើនឡើងដល់ ៥០ម៉ឺនគ្រឿងនោះ៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024