ថ្ងៃច័ន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥
បន្ទុប្បន្ននេះកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ ហិកតាដែលទទួលបានបរិមាណផលប្រមាណជាង ៣ម៉ឺនតោន ក្នុង១ឆ្នាំ។ កាន់តែពិសេស កសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេនដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។ នេះបើយោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់ មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ជុំវិញរឿងទុរេននេះដែល លោក ហ៊ុន នាង ជាអ្នកជំនាញនិងជាកសិករទុរេន និងអ្នករកស៊ីក្នុងវិស័យទុរេននៅកម្ពុជា បានឲ្យដឹងថា ការដាំដំណាំទុរេន នៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។
ម៉្យាងទៀត តម្លៃទុរេន ក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។ ទុរេនខ្មែរធ្វើការប្រមូលផលនៅដើមឆ្នាំ២០២៣នេះ មានសន្ទុះកើនឡើង និងតម្លៃល្អប្រសើរ បើធៀបទៅនិង៥ឆ្នាំមុន។ ដំណាំទុរេន ជាដំណាំឈើហូបផ្លែប្រណិត កាន់តែពិសេសសម្រាប់ដំណាំទុរេននៅក្នុងប្រទេសកម្ពុជា ខេត្តដែលមានការដាំដុះច្រើនជាងគេគឺ រតនះគីរី កំពង់ចាម និងកំពត។
ប្រសិនជាកសិករចង់ដាំនៅដំណាំប្រភេទមួយនេះ ត្រូវចំណាយដើមទុន ១ពាន់ទៅ២ពាន់ដុល្លា នៅក្នុងទំហំដី១ហិចតា ដាំបាន១០ដើមទៅ២០ដើមនៃដំណាំទុរេន តាំងពីដាំដំបូងរហូតដល់ហុចផ្លែដំបូង។ ទុរេន ជាដំណាំសក្តានុពលផ្នែកសេដ្ឋកិច្ចខ្ពស់ដែលតម្រូវឱ្យកសិករមានបច្ចេកទេសដាំ តាក់តែងមែកការកំណត់ចំនួនផ្លែក្នុងដើមនីមួយៗទៅតាមអាយុកាល ការផ្តល់ជី និងទឹក និងការមើលថែការពារជំងឺ និងសត្វល្អិតចង្រៃត្រឹមត្រូវ ទើបទទួលបានទិន្នផលខ្ពស់។ លោក ហ៊ុន នាង បានលើកឡើងថា ការប្រមូលផលឆ្នាំ២០២៣នេះ បើធៀបនិង២ឆ្នាំកន្លងទៅមានការកើនឡើង ២០ទៅ៣០% ។
ដោយម្ចាស់ចំការរូបនេះ ប្រមូលផលដំណាំទុរេនកាលពីឆ្នាំកន្លងទៅបាន៣៤០តោន និងធ្វើការបញ្ជូនបន្តទៅឈ្មួញកណ្តាលផ្គត់ផ្គង់ចូលទីផ្សារក្នុងស្រុក តម្លៃបោះដុំដែលឈ្មួញកណ្តាលទិញដល់ចំការផ្ទាល់១គីឡូ ២.៧ ទៅ៣ ដុល្លា ទៅតាមគុណភាពនៃផ្លែទុរេន ។ លោក ហ៊ុន នាង រំពឹងថា ចិននិងចុះកិច្ចព្រមព្រៀងជាមួយនិងកម្ពុជា ក្នុងការនាំចេញផ្លែទុរេនស្រស់របស់កម្ពុជា ក្នុងការវិនិយោគ និងពង្រឹងអាជីវកម្ម នាំផ្លែឈើស្រស់ពីកម្ពុជា នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កសិករដែលជាអ្នកផលិត។
សព្វថ្ងៃ គេសង្កេតឃើញ ដំណាំទុរេន ត្រូវបានដាំដុះច្រើនជាងគេនៅខេត្តកំពត កំពង់ចាម បាត់ដំបង ខេត្តកោះកុង និងខេត្តពោធិ៍សាត់ជាដើម។ មិនតែប៉ុណ្ណោះ ពីមួយឆ្នាំទៅមួយឆ្នាំគេសង្កេតឃើញថា ទីផ្សារទុរេននៅកម្ពុជាមានសក្តានុពល និងទទួលបានការគាំទ្រច្រើនពីសាធារណៈជន ខណៈក្រសួងកសិកម្ម ក៏បាននិងកំពុងរៀបចំផែនការក្នុងការជំរុញការដាំដុះផ្លែទុរេនដល់ប្រជាពលរដ្ឋ ឲ្យទទួលបានផលខ្ពស់ និងស្របតាមស្តង់ដាគុណភាព ដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ខណៈដែល ថៃ វៀតណាម និង ម៉ាឡេស៊ី សម្រុកនាំចេញផ្លែទុរេនយ៉ាងសម្បើមទៅកាន់ទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ធ្លាប់បង្ហាញការជឿជាក់ថា នៅថ្ងៃអនាគតកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កបង្កើនផល និងនាំចេញផ្លែទុរេនទៅកាន់ទីផ្សារអន្តរជាតិ។ បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ ទុរេននឹងជួយផ្តល់ប្រាក់ចំណូលខ្ពស់ដល់រដ្ឋក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ប្រសិនបើកសិករដាំដំណាំទុរេនដោយចងជាសហគមន៍ និងអនុវត្តតាមបច្ចេកទេស និងបទដ្ឋានរបស់ក្រសួង៕ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងសិក្សាពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ទីផ្សារចិនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជំរុញឱ្យផ្លែទុរេនរបស់កម្ពុជាអាចទៅកាន់ទីផ្សារប្រទេសចិនបាននាពេលឆាប់ៗខាងមុខនេះ។
អត្ថបទ: ថុន សុកេតុមាលា រូបភាព: ឯកសារ និងអ៊ិន អាត