ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤
ដោយសារបុណ្យគ្រីសស្មាស់ និងបុណ្យចូលឆ្នាំសកលកៀកគ្នា ឃ្លាតគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដូចនេះ ក្រុមគ្រួសារខ្លះប៉ែកខាងបស្ចិមប្រទេសមានឱកាសច្រើនគួរសមដើម្បីជួបជុំគ្នា និងញ៉ាំអាហារសាមគ្គីជុំគ្នា។ មិនខុសគ្នាពីមនុស្សប៉ុន្មានទេ, សត្វខ្លះនៅក្នុងសួនសត្វនៃទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ក៏មានឱកាសស៊ីចំណីអាហារឆ្ងាញ់ៗផងដែរនៅក្នុងឱកាសនេះ។
សត្វខ្លាទាំងនេះអាចស៊ីបន្លែ ផ្លែឈើ ដែលគេដាក់បន្តោងនៅលើដើមគ្រីសស្មាស់។ ក្នុងនោះ ក៏មានសាច់មាន់១ចំនួនផងដែរ។ ចំណីអាហារទាំងនេះពិតជាត្រូវមាត់ខ្លាំងសម្រាប់សត្វខ្លាដែលធំពេញវ័យ២ក្បាល និងកូនរបស់ពួកវា។ រឹតតែពិសេសថែមទៀត, ការប្រើប្រាស់ដើមគ្រីសស្មាស់ថ្មីសម្រាប់រៀបចំពិធីអបអរសាទរឲ្យពួកវាអាចធ្វើឲ្យពួកវាកាន់តែមានទឹកចិត្តក្លៀវក្លា។
បុគ្គលិកជាន់ខ្ពស់នៅក្នុងសួនសត្វនេះប្រាប់ថាពួកគាត់តែងតែរៀបចំដើមគ្រីសស្មាស់ និងកម្មវិធី១ចំនួនទៀតសម្រាប់សត្វខ្លានៅទីនេះអស់ជាច្រើនឆ្នាំមកហើយ។ សួនសត្វនេះមានមោទកភាពយ៉ាងខ្លាំងដែលបានបង្កាត់ពូជខ្លាស៊ូម៉ាត្រា(Sumatra tiger)ដោយជោគជ័យនៅក្នុងបរិវេណសួនសត្វផ្ទាល់តែម្ដង។
ខ្លាប្រភេទនេះត្រូវគេចាត់ទុកថាជាសត្វដែលនៅសេសសល់តិចតួចជាទីបំផុតនៅលើភពផែនដី។ សព្វថ្ងៃនេះ, គេប៉ាន់ស្មានថាខ្លាស៊ូម៉ាត្រានៅសល់ប្រហែល៤រយក្បាលប៉ុណ្ណោះនៅក្នុងព្រៃធម្មជាតិ។
សត្វខ្លាញីឈ្មោលទាំង២ក្បាល ខ្លាមេឈ្មោះម៉ាយ៉ាង(Mayang)ធ្លាប់បង្កើតកូនជាច្រើនក្បាល, រីឯខ្លាបាឈ្មោះជែជែ(Jae Jae)មានដើមកំណើតនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក។
ក្រោយមក, ដើម្បីអនុវត្តគម្រោងរបស់អង្គការ១ដែលមានទីស្នាក់ការនៅអង់គ្លេស, គេក៏ដឹកជញ្ជូនសត្វនេះទៅទីក្រុងប៊ែឡាំង។ ខ្លាញី២ក្បាល ១ក្បាលឈ្មោះល្វីស(Luise) និង១ក្បាលទៀតឈ្មោះឡូតតេ(Lotte) ចាប់កំណើតកាលពីខែកញ្ញា ឆ្នាំ២០២២។
យោងតាមអ្នកអភិរក្សសត្វព្រៃ, សត្វខ្លាចូលចិត្តរស់នៅស្ងប់ស្ងាត់នៅក្នុងព្រៃធម្មជាតិ។ ប៉ុន្តែវាអាចមានទម្លាប់រស់នៅល្អៀងគ្នាពីសត្វខ្លា១ទៅសត្វខ្លា១ទៀត។ លុះត្រាតែយើងប្រើប្រាស់ពេលវេលាដើម្បីសង្កេតមើលឥរិយាបថរបស់ពួកវា ទើបដឹងច្បាស់ពីបញ្ហាទាំងនេះ។
នៅក្នុងសួនសត្វនេះ ពួកយើងមានសំណាងគ្រាន់បើដែលទទួលយកមកចិញ្ចឹម និងអភិរក្សនូវប្រភេទសត្វដែលមានចរិតស្លូតបូត។ ទាំងខ្លាបា ខ្លាមេ និងកូនៗរបស់ពួកគេសុទ្ធតែរស់នៅចុះសម្រុងនឹងគ្នាល្អណាស់។ ខាងលើនេះជាប្រសាសន៍របស់បុគ្គលិកជាន់ខ្ពស់ផ្នែកគ្រប់គ្រងសួនសត្វប៊ែឡាំង។ មូលហេតុនេះហើយទើបបានជាគេសម្រេចចិត្តដាក់ឲ្យពួកវារស់នៅជុំគ្នាជាគ្រួសារតែ១៕
ប្រែសម្រួល៖ អន សំអាង