ថ្ងៃអាទិត្យ ទី០១ ខែមិថុនា ឆ្នាំ២០២៥

ផ្សារទំនើបម៉ាក្រូ (Makro) សាខាទី៣ តម្លៃជាង១២លានដុល្លារ ប្រកាសបើកដំណើរជាផ្លូវការហើយលើផ្លូវ៦អាជ្រោយចង្វារ

១៤ ធ្នូ ២០២២ | សេដ្ឋកិច្ច

 

ផ្សារទំនើបម៉ាក្រូ (Makro) សាខាទី៣ តម្លៃជាង១២លានដុល្លារ បានប្រកាសបើកដំណើរការសាខាទីបីរបស់ខ្លួនជាផ្លូវការហើយ នៅលើទំហំដីជិត៣ម៉ឺនហិតា តាមបណ្ដោយផ្លូវជាតិលេខ៦អា កែងមហាវិថីឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ។

 

 

ឯកឧត្តមអ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group ក្នុងឱកាសបើកសម្ភោធផ្សារម៉ាក្រូសាខាទី៣នៅជ្រោយចង្វារនាព្រឹកថ្ងៃទី ១៤ ធ្នូ ឆ្នាំ ២០២២នេះ បានលើកឡើងថា វត្តមានផ្សារម៉ាក្រូទាំង៣ទីតាំង នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គឺជាលទ្ធផលនៃការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ម៉ាក្រូ ខេមបូឌា និងក្រុមហ៊ុន LYP Group ។

 

 

ផ្សារម៉ាក្រូជ្រោយចង្វារសាងសង់នៅលើផ្ទៃដីទំហំជិត៣ហិតា, ក្រោមទុនវិនិយោគប្រមាណជាង ១២លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋខ្មែរប្រមាណ ៦០០ នាក់។  អ្នកឧកញ៉ា សង្ឃឹមថា ផ្សារម៉ាក្រូ នឹងបន្តពង្រីកវត្តមានរបស់ខ្លួនកាន់តែច្រើនថែមទៀតនៅកម្ពុជានាពេលខាងមុខ អាស្រ័យដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ។

 


ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ក្នុងពិធីនោះថា វត្តមាន ផ្សារទំនើបម៉ាក្រូនៅកម្ពុជា បានចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការរក្សារបាននៅកំណើនសេដ្ឋកិច្ច  ជាពិសេស បានផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាអត្ថប្រយោជន៍ជាច្រើនទៀតដល់មូលដ្ឋាន និងអាជីវកម្មពាក់ព័ន្ធ។

 

 

ជាក់ស្តែង ក្រុមហ៊ុនបានប្រើប្រាស់បុគ្គលិក-និយោជិតកម្ពុជា រហូតដល់ទៅ ៩៨% និងបានដាក់លក់ផលិតផលក្នុងស្រុករហូតដល់ទៅ ៩០%។ នេះ គឺជាការផ្តល់នូវឱកាសការងារ និងការលើកកម្ពស់សមត្ថភាពជំនាញដល់ប្រជាពលរដ្ឋ រួមទាំងប្រាក់ចំណូល និងជាការគាំទ្រដល់ដំណើរការអាជីវកម្ម ជាពិសេសការបើកឱកាសឱ្យផលិតករក្នុងស្រុកអាចចូលរួមប្រកួតប្រជែងក្នុងទីផ្សារ និងបន្តអភិវឌ្ឍខ្លួន។

 


លោកស្រី សាវាឡាក់ ធីតថាផាន នាយកប្រតិបត្តិក្រុមហ៊ុនម៉ាក្រូ ខេមបូឌា បានលើកឡើងថា ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ម៉ាក្រូខេមបូឌា និងក្រុមហ៊ុន LYP Group បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការបោះទុនវិនិយោគ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

 

 

ជាក់ស្ដែង វត្តមាន ផ្សារម៉ាក្រូទាំង៣ទីតាំង បានប្រើទុនវិនិយោគសរុបជាង ៤២លានដុល្លារ និងបានបង្កើតការងារ ជូនពលរដ្ឋខ្មែរជាច្រើនរយនាក់ និងបានផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការទិញទំនិញដែលមានគុណភាពខ្ពស់ មានអនាម័យល្អ និងមានតម្លៃសមរម្យ។ ហើយវត្តមានផ្សារម៉ាក្រូជ្រោយចង្វារនេះ នឹងជួយជំរុញការអភិវឌ្ឍន៍តំបន់ជុំវិញនេះ ឲ្យកាន់តែមានសន្ទុះលឿនទៅមុខយ៉ាងឆាប់រហ័ស។ តាមការរំពឹងទុក ម៉ាក្រូ នឹងពង្រីកខ្លួនអោយបាន៦ទីតាំងក្នុងប្រទេសកម្ពុជា ត្រឹមឆ្នាំ២០២៦ខាងមុខ។

 


សូមបញ្ជាក់ថា ផ្សារទំនើបម៉ាក្រូ ដែលជាមជ្ឈមណ្ឌលចែកចាយផលិតផលទំនិញបោះដុំ និងរាយខ្នាតធំដំបូងគេបង្អស់នៅកម្ពុជា បានបើកដំណើរការ កាលពីចុងឆ្នាំ ២០១៧ ដោយបានសាងសង់ឡើងលើផ្ទៃដីជាង ៥ហិកតា នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈសាខាទី ២ អភិវឌ្ឍន៍លើផ្ទៃដីទំហំ ៥ហិកតា ដែលមានទីតាំង នៅផ្លូវជាតិលេខ៦អា ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងសាខាទី៣ វិនិយោគលើផ្ទៃដីជិត៣ហិតា នៅលើបណ្ដោយផ្លូវជាតិលេខ៦អា កែងមហាវិថីឈ្នះឈ្នះក្នុងខណ្ឌជ្រោយចង្វារ៕

 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ អ៊ិន អាត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025