ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី០៩ ខែឧសភា ឆ្នាំ២០២៥
ត្រីមាសទី៣ឆ្នាំ២០២២នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានប្រមាណ ៣ពាន់២រយលានដុល្លារ ស្មើនឹង ១១៣% នៃផែនការប្រចាំឆ្នាំ ពោលគឺលើសផែនការដែលកំណត់ដោយច្បាប់ក្នុងរង្វង់ប្រមាណ ១៤%។
ក្នុងកម្មវិធីស្តីពី “វឌ្ឍនភាពនៃប្រព័ន្ធគ្រប់គ្រងទិន្នន័យសម្រាប់ផ្តល់សេវាតាមអនឡាញ (e-Tax Services) របស់អគ្គនាយកដ្ឋានពន្ធដារ” នាព្រឹកថ្ងៃសុក្រទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគារ Garden City ឯកឧត្តម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជា កំពុងឆ្លងកាត់ការលំបាកពីវិបត្តិជាច្រើនរួមមាន វិបត្តិជំងឺកូវីដ-១៩ ដែលមិនទាន់ស្រាកស្រាន្តទាំងស្រុងនៅឡើយ និងវិបត្តិថ្មីៗនានា ដូចជា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនសម្ពាធអតិផរណា និងការកើនឡើងថ្លៃ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ជាដើម ក៏អគ្គនាយកដ្ឋានពន្ធដារ មិនត្រឹមតែមានលទ្ធភាពប្រមូលចំណូលពន្ធក្នុងកំណើនជាមធ្យមប្រមាណ ១៧% ក្នុងរយៈពេលប្រមាណ ១០ ឆ្នាំជាប់ៗគ្នាប៉ុណ្ណោះទេ តែថែមទាំងចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ អាចប្រមូលលើសផែនការថែមទៀតផង។
ជាក់ស្ដែងសម្រាប់រយៈពេល១១ខែ ក្នុងឆ្នាំ២០២២នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានប្រមាណ ៣ពាន់២រយលានដុល្លារ ស្មើនឹង ១១៣% នៃផែនការប្រចាំឆ្នាំ ពោលគឺបានលើសផែនការដែលកំណត់ដោយច្បាប់ក្នុងរង្វង់ប្រមាណ ១៤%។
ឯកឧត្តមបញ្ជាក់ថា កំណើននៃអ្នកជាប់ពន្ធដែលប្រើប្រាស់ប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ មានការកើនឡើងជាលំដាប់ដែលតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារធ្វើការអភិវឌ្ឍ និងបច្ចុប្បន្នភាពបន្ថែមលើប្រព័ន្ធ កម្មវិធីរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយសម្រួលដល់ការបំពេញកាតព្វកិច្ចពន្ធរបស់អ្នកជាប់ពន្ធ។ក្នុងនោះអគ្គនាយកដ្ឋានពន្ធដារបានរៀបចំឱ្យមានជាការផ្តល់សេវាតាមអនឡាញ ដើម្បីដោះស្រាយបញ្ហា ឆ្លើយតបរាល់ចម្ងល់របស់អ្នកជាប់ពន្ធឱ្យបានទាន់ពេលវេលា។
គួរបញ្ជាក់ថា តាមរយៈសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលត្រូវបានកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុម័តទាំងស្រុងកាលពីព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ បានតម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលឱ្យបាននូវចំណូលពន្ធផ្ទៃក្នុងប្រមាណ ៣ ៥០០លានដុល្លារ កើនឡើង២៦% ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលឲ្យបានប្រមាណ ២ ៨០០ លានដុល្លារ៕
អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ អ៊ិន អាត