ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

វិស័យអប់រំកម្ពុជា មានទិសដៅអាទិភាពកំណែទម្រង់ ៨ចំណុច សម្រាប់ឆ្នាំ២០៣០ និងឆ្នាំ២០៥០

០៩ ធ្នូ ២០២២ | ព័ត៌មានជាតិ


ឆ្នាំ២០២៣ ខាងមុខនេះ គឺជាឆ្នាំចុងក្រោយនៃយុទ្ធសាស្រ្ដកំណែទម្រង់វិស័យអប់រំ ២០១៨-២០២៣ ដែលជាដំណាក់កាលទី២ ហើយបន្ទាប់ពីសម្រេចបានសមិទ្ធផលសំខាន់ ក្នុងរយៈពេល ៥ឆ្នាំនេះ ក្រសួងអប់រំ បានដាក់ចេញនូវទិសដៅអាទិភាពកំណែទម្រង់ ៨ចំណុច សម្រាប់អនុវត្តតទៅមុខទៀត។ 

 


អាទិភាពទី១ ស្ដីពី កំណែទម្រង់សាលារៀន ចែកជា ២ប្រភេទ គឺសាលារៀនជំនាន់ថ្មី និងសាលារៀនប្រកបដោយប្រសិទ្ធភាព។ សាលារៀនជំនាន់ថ្មី ផ្ដោតលើការបណ្ដុះធនធានមនុស្សមានបំណិនសតវត្សទី២១ ដែលក្នុងនោះគណៈគ្រប់គ្រង និងគ្រូបង្រៀនត្រូវមាន ៤ ចំណុចគឺ សីលធម៌ និងស្ដង់ដាវិជ្ជាជីវៈខ្ពស់, គណនេយ្យភាព និងនវានុវត្តន៍,  ចេះប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការរៀន និងបង្រៀន និង ចេះប្រើប្រាស់វិធីសាស្រ្ដបង្រៀនថ្មី ។ ចំណែកសិស្សត្រូវមាន ៧ ចំណុចគឺ ផ្ដួចផ្ដើមគំនិត និងសហគ្រិនភាព, ចេះទំនាក់ទំនង និងសរសេរយ៉ាងប៉ិនប្រសប់ , ចេះវិភាគវាយតម្លៃព័ត៌មាន , ចង់ឃើញ ចង់ដឹង និងមានការស្រមើលស្រមៃ, ចេះគិតបែបវិភាគស៊ីជម្រៅ និងការដោះស្រាយបញ្ហា ,ចេះសហការ មានភាពរហ័សរហួន និងចេះយកចំណេះដឹងទៅអនុវត្ត។ 

 


រីឯសាលារៀនប្រកបដោយប្រសិទ្ធភាព ផ្ដោតលើ៥ ចំណុច គឺសាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្ដង់ដាសាលារៀនមានប្រសិទ្ធភាព ,មានស្វ័យភាព ក្នុងការងារផែនការកែលម្អសាលារៀន និងផ្ដល់ការអភិវឌ្ឍជាប្រចាំដល់គណៈគ្រប់គ្រង និងគ្រូបង្រៀន , សិស្សត្រូវបានធ្វើតេស្ដស្ដង់ដាប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីបម្រើដល់ការកែលម្អការបង្រៀន និងរៀន ការជួយសិស្សរៀនយឺត មាតាបិតា និងសហគមន៍ចូលរួមគាំទ្រ និងអភិវឌ្ឍសាលារៀន ។ 
នេះបើតាមការឱ្យដឹងរបស់ឯកឧត្តមបណ្ឌិត រស់ សុវាចា មន្ត្រីនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា ។

 


ចំណែកអាទិភាពទី២ ស្ដីពីការអភិវឌ្ឍគ្រូបង្រៀន តាមរយៈកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ មាន ៦ ចំណុច ក្នុងនោះមានជាអាទិ៍ វិធីសាស្រ្ដបង្រៀនសម្បូរបែប និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្រៀន ជាដើម ។ អាទិភាពទី៣ ស្ដីពី ការអប់រំឌីជីថល ដែលក្រសួងអប់រំ នឹងបន្ដលើកកម្ពស់តាមរយៈ ៥ ចំណុច ដូចជា កែលម្អវេទិកាឌីជីថលដែលមានស្រាប់ , បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និងពីចម្ងាយ និង បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅក្នុងការបង្រៀន និង រៀន ។ 

 


អាទិភាពទី៤ ស្ដីពី ការអប់រំវិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា ដែលក្រសួងនឹងផ្តោតលើកត្តា ៥ ចំណុចដូចជា បង្កើនចំនួនសាលារៀនជំនាន់ថ្មី សាលារៀនស្ទែម បង្កើនម៉ោងបង្រៀន និងការបង្រៀនផ្ដោតលើមុខវិជ្ជាស្ទែម ។  អាទិភាពទី៥ ស្ដីពី ការលើកកម្ពស់សុខភាពសិក្សា ដែលសាលារៀនត្រូវបន្តធ្វើកិច្ចការ ៥ យ៉ាង មានបង្កើតគណៈកម្មការសុខភាពសិក្សានៅតាមសាលារៀន កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា រៀបចំបន្ទប់សុខភាពស្តង់ដា បរិស្ថានសាលារៀនបៃតង សាលាស្អាតគ្មានសំរាម និង លើកកម្ពស់អាហារូបត្ថម្ភ ។

 


អាទិភាពទី៦ ស្ដីពី ការអភិវឌ្ឍយុវជន ដើម្បីលើកកម្ពស់បំណិនសតវត្ស ២១ មាន ៤ ចំណុច ដែលយុវជន នឹងត្រូវទទួលបាននូវការអភិវឌ្ឍលើគ្រប់ទិដ្ឋភាព និងតាមគ្រប់រូបភាព ទាំងបំណិនរឹង និងបំណិនទន់ ។អាទិភាពទី៧ ស្ដីពី ការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សា ដែលគ្រឹះស្ថានឧត្តមសិក្សាត្រូវផ្តោតលើកត្តា ៤ យ៉ាងដែរ ដូចជា ពង្រឹងអភិបាលកិច្ច លើកកម្ពស់គុណវុឌ្ឍិសាស្ត្រាចារ្យឱ្យមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត កែលម្អកម្មវិធីសិក្សា ធនធានសិក្សា និង ប្រើប្រាស់បច្ចេកវិទ្យា ។ 


រីឯអាទិភាពទី៨ ស្ដីពី ការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព ដែលក្រសួងអប់រំ នឹងដាក់ឱ្យអនុវត្តនូវអភិក្រមស្តីពីការគ្រប់គ្រងផ្តោតលើលទ្ធផល តាមរយៈការបង្កើតយន្តការគ្រប់គ្រង បែងចែកធាតុចូល ដែលមានគុណភាព និងតម្រង់ទៅរកលទ្ធផល ជាពិសេសធាតុចូលដែលគាំទ្រដល់ការបង្កើនលទ្ធផលសិក្សារបស់សិស្ស បណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពល្អ និងភាពជាពលរដ្ឋល្អ ៕
 

 

 

 

អត្ថបទ៖ ខឿន សាឃាង     រូបភាព៖ ឯកសារ 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025