ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សំបុត្រព្រឹត្តការណ៍បង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃដ៏ធំរបស់ ក្រុមឡាឈូក «យាត្រា០3» ចាប់បើកលក់ហើយ!

០១ ធ្នូ ២០២២ | កម្សាន្ដ

 

 

សំបុត្រនៃព្រឹត្តិការណ៍បង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃដ៏ធំរបស់ ក្រុមឡាឈូក «យាត្រា០៣» ដែលនឹងប្រព្រឹត្តិទៅនៅ The Olympia Mall នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ មានបើកលក់ពីពេលនេះតទៅហើយ។​​​ «យាត្រា០៣» គឺជាកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃដ៏ធំ និងដំបូងគេបំផុតនៅកម្ពុជារបស់ក្រុមឡាឈូក (La Chhouk Recycled and Creative Fashion) បន្ទាប់ពី «យាត្រា០១» និង «យាត្រា០២»។

 

ព្រឹត្តការណ៍បង្ហាញម៉ូដដ៏ធំមួយនេះ បានត្រៀមខ្លួនរួចរាល់ដើម្បីនាំយកនូវឈុតបង្ហាញសម្លៀកបំពាក់កែច្នៃថ្មីមិនធ្លាប់មានពីមុនមក ដែលក្នុងនោះ សម្លៀកបំពាក់កែច្នៃពីប្លាស្ទិកចំនួនរហូតដល់ ៤៨ឈុតនឹងត្រូវបានលើកយកមកបង្ហាញដោយចែកចេញជា៤ក្រុមផ្សេងគ្នា រួមមាន៖  «ស៊ីវីឡៃ CIVILAI» «ដឺ អវកាសា DE AVAKAZAA» «ភព PHOUP» និង «វ៉ាយម៉ូន Y.MOON»។ 

 

លោក គឹម សុខលី ដែលជាអ្នកច្នៃម៉ូដមួយរូបរបស់ក្រុមឡាឈូកបានរំលឹកពីភាពជោគជ័យរបស់ក្រុមកន្លងមកថា ព្រឹត្តការណ៍បង្ហាញម៉ូដសម្លៀកបំពាក់កែច្នៃរបស់ឡាឈូកតែងតែទទួលបានការគាំទ្រយ៉ាងច្រើន ដែលភាពជោគជ័យទាំងនោះកើតឡើងពីការខិតខំប្រឹងប្រែងរបស់ក្រុមទាំងមូល។ 

 

 

ចំណែក កញ្ញា ហៀង ប៉ោឈូង ដែលជាតារាបង្ហាញម៉ូដនិងអ្នកច្នៃម៉ូដមួយរូប ប្រចាំក្រុមឡាឈូក ក៏បានបង្ហាញសេចក្ដីសោមនស្សរីករាយ និងអំណរគុណដល់ក្រុមឡាឈូក ដែលបានផ្ដល់ឱកាសឱ្យកញ្ញាបានចូលរួម និងបង្ហាញនូវសមត្ថភាព ក៏ដូចជាទេពកោស្យលទាំងវិស័យច្នៃម៉ូដ និងការបង្ហាញម៉ូដនានា។ ជាពិសេសសម្រាប់ ការជាម៉ូឌែលផ្ទាំងផ្សព្វផ្សាយផ្លូវការ (Official Poster) សម្រាប់កម្មវិធី យាត្រា YEATRAA.03 ។ 

 


លោក អ៊ិត សុវណ្ណារាជ ដែលជាស្ថាបនិករបស់ក្រុមឡាឈូក ក៏បានអំពាវនាវឱ្យបងប្អូនទាំងអស់ចូលរួមទស្សនាកម្មវិធីបង្ហាញម៉ូដយាត្រា០៣ ឆ្នាំនេះឱ្យបានច្រើនកុះករ ដើម្បីជាការគាំទ្រស្នាដៃច្នៃប្រឌិតរបស់យុវជនខ្មែរទាំងអស់គ្នា។ ក្នុងនោះលោកក៏មានជាសារផ្ដាំផ្ញើរខ្លីផងដែរថា «បើពេលណាមួយ អ្នកគិតថាអ្នកគ្មានតម្លៃ អ្នកត្រូវនឹកឃើញថា ឡាឈូកឱ្យតម្លៃសូម្បីតែកាកសំណល់»។ 

 

 

សម្រាប់ សំបុត្រចូលរួមកម្មវិធី លោកអ្នកអាចកក់បានរយៈទំព័រហ្វេសបុក La Chhouk Recycled & Creative Fashion ដោយ តម្លៃសំបុត្រក្នុងប្រូម៉ូសិនមាន៣ជម្រើស ដូចជា ជួរVIPទីមួយតម្លៃ $35 , ជួរទីពីរតម្លៃ $16  និងជួរទីបីតម្លៃ $13។ រាល់សំបុត្រចូលទស្សនាត្រូវបានទទួល ស្រាបៀរ Hanuman និង ភេសជ្ជៈមុនពេលចូលទស្សនាទាំងអស់ ហើយសម្រាប់ VIP FRONT ROW នឹងត្រូវបានទទួលកាដូរអនុស្សាវរីយ៍ផងដែរ។

 

 

ថវិកាពីការលក់សំបុត្រមួយផ្នែក នៅក្នុងឆ្នាំនេះក្រុមឡាឈូក នឹងយកទៅឧបត្ថម្ភទៅដល់សិស្សានុសិស្ស ដែលមានពិការភាពសតិបញ្ញា និង អូទីស្សឹមនាអង្គការ ករុណាបាត់ដំបង នៅសាលបឋមសិក្សាព្រះជីសុវណ្ណ ឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។អ្នកទាំងអស់គ្នា ក៏អាចចូលរួមបរិច្ចាកថវិកាសម្រាប់ការឧបត្ថម្ភដល់សិស្សដែលមានពិការភាពសតិបញ្ញា និង អូទីស្សឹម នាអង្គការ ករុណាបាត់ដំបង នេះផងដែរ តាមរយៈទំព័រហ្វេសបុក La CHHOUK Recycled & Creative Fashion៕

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024