ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

Jennifer Lopez ប្រកាសចេញអាល់ប៊ុមថ្មី តពីអាល់ប៊ុមចេញកាល២០ឆ្នាំមុន

២៨ ​វិច្ឆិកា ២០២២ | កម្សាន្ដ




កំពូលតារាចម្រៀងជើងចាស់ Jennifer Lopez (ជេននីហ្វើ ឡូប៉េស) បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយការប្រកាសដំណឹងពីការចេញផ្សាយអាល់ប៊ុមចម្រៀងថ្មី តពីអាល់ប៊ុមដែលបានចេញកាលពី២០ឆ្នាំមុន។

 


២០ឆ្នាំក្រោយចេញផ្សាយអាល់ប៊ុមចម្រៀង "This Is Me... Then" (ឌីស អីស មី ដេន) តារាចម្រៀងនិងសម្ដែងអាមេរិក Jennifer Lopez (ជេននីហ្វើ ឡូប៉េស) បានប្រកាសចេញផ្សាយអាល់ប៊ុមចម្រៀងតពីអាល់ប៊ុមចាស់ឈ្មោះថា "This Is Me... Now" (ឌីស អីស មី ណាវ) ដែលនឹងចេញផ្សាយឆ្នាំក្រោយ។

 

 

តារាវ័យ៥៣ឆ្នាំរូបនេះ បានលុបចោលការបង្ហោះទាំងអស់លើគណនីបណ្ដាញសង្គម Instagram (អ៊ីនស្តាក្រាម) របស់ខ្លួនកាលពីប៉ុន្មានថ្ងៃកន្លងទៅ រួចបានចែករំលែកវីដេអូខ្លីដែលបង្ហាញពីការថតឡើងវិញតាមរូបភាពនៃអាល់ប៊ុមចម្រៀងដែលចេញផ្សាយកាលពីឆ្នាំ២០០២។

 

 

អាល់ប៊ុម "This Is Me... Then" (ឌីស អីស មី ដេន) ទទួលបានការបំផុតគំនិតពីទំនាក់ទំនងរវាង Jennifer Lopez (ជេននីហ្វើ ឡូប៉េស) និងគូស្នេហ៍ជាតារាសម្ដែង Ben Affleck (ប៊េន អាហ្វ្លិក)។ គូស្នេហ៍ដែលត្រូវបានគេឲ្យឈ្មោះថា "Bennifer" (ប៊េននីហ្វើ) បានភ្ជាប់ពាក្យ រួចបានរំសាយចោលពិធីអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៣ និងបានចែកផ្លូវគ្នានៅរយៈពេលប៉ុន្មានខែក្រោយមក។ ពួកគេបានផ្សារភ្ជាប់ទំនាក់ទំនងផ្អែមល្ហែមឡើងវិញកាលពីឆ្នាំ២០២១ និងបានរៀបអាពាហ៍ពិពាហ៍កាលពីខែកក្កដាកន្លងទៅ។

 

 

ក្នុងការបង្ហោះលើបណ្ដាញសង្គម Instagram (អ៊ីនស្តាក្រាម) Jennifer Lopez (ជេននីហ្វើ ឡូប៉េស) បានបង្ហាញចំណងជើងបទចម្រៀងទាំង១៣បទក្នុងអាល់ប៊ុមថ្មី រួមមានចម្រៀងមួយបទមានចំណងជើងថា "Dear Ben pt. ll" (ឌៀ ប៊េន ផាត ធូ) ដែលទំនងជាច្រៀងអំពីស្វាមីរបស់នាង៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024