ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អត្តពលិកក្រសួង មហា ផ្ទៃប្រជែងបានមេដាយមាសច្រើនជាងគេ លើប្រភេទ កីឡា ចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

២៣ ​វិច្ឆិកា ២០២២ | កីឡា

 

 

ក្រុមអត្តពលិកកីឡាក្រសួងមហាផ្ទៃ ប្រជែងបានមេដាយមាសច្រើនជាងគេ ពីការ ប្រកួតប្រភេទកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ បន្ទាប់ពីបានធ្វើការប្រកួតអស់រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកីឡដ្ឋានមរតកតេជោ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

 


ដែលពិធីបិទការប្រកួតមានការអញ្ជើញចូលរួមក្រោមវត្តមានឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋ កិច្ច និងហិរញ្ញាវត្ថុ ព្រមទាំងលោក ខេស៊ី បាណេត ជានាយកសាលា CamEd business school និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងឧត្តមសេនីយ៌ត្រី តុង សុផល អគ្គលេខា ធិការ រង ក្រុមព្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងភ្ញៀវកិត្តិយសតំណាងបណ្តាខេត្ត ។

 


បើតាមការបញ្ជាក់របស់លោក ខេស៊ី បាណេត បានអោយដឹងថា ការប្រកួតនេះមាន សមាគម ក្លិប ប្រតិភូនិងកីឡាករ-កីឡាការិនី ចូលរួមចំនួន៧ក្លិប សរុបប្រតិភូ គ្រូបង្វឹក ចំនួន១៨នាក់ កីឡាករ៣៤នាក់ កីឡាការិនី ១៣នាក់ សរុបទាំងអស់៦៥នាក់ ដោយធ្វើការប្រកួត លើ ១២ វិញ្ញាសា ។ អនុប្រធានរូបនេះបញ្ជាក់ ទៀតថា ការប្រកួតនេះទទួលបានការជួយសម្របសម្រួល ឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា ដោយបានអនុញ្ញាតព្រមទាំងផ្ដល់ទីតាំង នាពហុកីឡដ្ឋានមរតកតេជោ សម្រាប់សហព័ន្ធរៀបចំការប្រកួតនេះឡើង ។

 


ជាមួយគ្នានោះឯកឧត្តម ងី តាយី បានវាយតម្លៃខ្ពស់ចំពោះគណកម្មការរៀបចំការប្រកួត ព្រមទាំងកីឡាករ-កីឡាការិនី ដែលបានចូលរួមប្រកួតប្រឹងអស់កម្លាំងកាយចិត្ត បញ្ចេញអស់សមត្ថភាពនៅក្នុងការប្រកតដើម្បីដណ្តើមកជ័យជំនះ ជូនក្លឹប និងខេត្តរបស់ខ្លួន បន្ទាប់ពីបានធ្វើការហ្វឹកហាត់អស់ជាច្រើនខែ ។ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ការប្រកួតនេះជាចំណែកដើម្បីផ្តល់ឱកាសដល់អត្ដពលិកជាតិ បានវាស់ស្ទង់សមត្ថភាព ជាពិសេសយកការប្រកួតជាការដ្ឋានអនុវត្តការងារត្រៀមលក្ខណៈ ឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ក៏ដូចជាផ្តល់ឱកាសដល់មន្រ្តីបច្ចេកទេសរបស់សហព័ន្ធ បានអនុវត្តជាក់ស្តែង ទទួលបានចំណេះដឹង និងបទពិសោធន៍។

 

 

គណៈកម្មការរៀបចំការប្រកួតទទួលបានចំណេះដឹង និងបទពិសោធន៍ក្នុងការរៀបចំការប្រកួត និងលើកកម្ពស់គុណភាពនៃការរៀបចំការប្រកួតដើម្បីឆ្ពោះទៅឆ្នាំ២០២៣។ មិនត្រឹមតែប៉ុន្នឹងទេការប្រកួតនេះក៏នឹងធ្វើការផ្សព្វផ្សាយដើម្បីអភិវឌ្ឍកីឡាចំបាប់កម្ពុជាឲ្យដូចបណ្ដាប្រទេសនានា បង្កើនឱកាសឲ្យយុវវ័យបង្ហាញសមត្ថភាពពិតប្រាកដ និងជំរុញលើកទឹកចិត្តឲ្យយុវវ័យចូលរួមហ្វឹកហាត់កីឡា ដើម្បីទទួលបានសុខភាពនិងជំនាញ ។

 


សូមបញ្ជាក់ថា ការប្រកួតនេះមាន សមាគម ក្លិប ប្រតិភូនិងកីឡាករ-កីឡាការិនី ចូលរួមចំនួន៧ក្លិប សរុបប្រតិភូ គ្រូបង្វឹក ចំនួន១៨នាក់ កីឡាករ៣៤នាក់ កីឡាការិនី ១៣នាក់ សរុបទាំងអស់៦៥នាក់ ដោយធ្វើការប្រកួត លើ ១២ វិញ្ញាសា ។ ក្នុងនោះក្រសួងមហាផ្ទៃស្ថិតនៅកំពូលតារាង ដោយដណ្តើមបានមេដាយមាស ៦ ប្រាក់២ និងសំរិទ្ធ១ សរុប៩គ្រឿង លេខ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដណ្តើមបានមេដាយមាស ៥ប្រាក់៥ និងសំរិទ្ធ២ សរុប១២គ្រឿង លេខ៣ ខេត្តកំពង់ឆ្នាំង ដណ្តើមបានមេដាយមាស ១ ប្រាក់១ និងសំរិទ្ធ៧ សរុប៩គ្រឿង ។ ខណៈខេត្តព្រៃវែង ពោធិ៍សាត់ កំពង់ធំ ដណ្តើមបានត្រឹមមេដាយប្រាក់ និងសំរិទ្ធប៉ុណ្ណោះ រឺ ឯខេត្តកណ្តាល មិនដណ្តើមបានមេដាយអ្វីនោះទេ ៕

 

 

រូបភាព  និងអត្ថបទ៖ សារ៉ាន ទីងី

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024