ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣
មហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២២ លើកទី១១ ត្រឡប់មកវិញហើយ ដោយឆ្នាំនេះ ភាពយន្តខ្លីជាតិ-អន្តរជាតិ ៥៥រឿង នឹងបង្ហាញខ្លួនលើផ្ទាំងសពត់សរបស់រោងភាពយន្តទំនើប រយៈពេល៤ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា។
មហោស្រពភាពយន្តខ្លីចតុមុខ (Chaktomuk Short Film Festival/CSFF) ថ្មីៗនេះបាន រៀបចំកម្មវិធីសន្និសីទសារព័ត៌មាន នៅបរិវេនរោងភាពយន្ត Legend Premium Noro Mall ដោយមានការចូលរួមពី ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ណុប វាសនា ប្រធានមហោស្រព ឆ្នាំ២០២២ លោក ស៊ុំ សុីថែន និងដៃគូសហការផ្សេងៗ និងសមិទ្ធករ និងតារាសម្តែងភាពយន្តជាច្រើនរូប។
តាមការឱ្យដឹងរបស់ លោក ស៊ុំ ស៊ីថែន អ្នករៀបចំមហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំនេះ មហោស្រពមានលក្ខណៈពិសេសជាងមុខច្រើន ចំណែកសាច់រឿង និងបច្ចេកទេសក្នុងការផលិតភាពយន្តក៏មើលទៅកាន់តែមានគុណភាពលើសបណ្តាឆ្នាំមុនៗ។ បន្ថែមពីលើនោះ លោក ស៊ុំ ស៊ីថែន បានសង្កត់ធ្ងន់ចំណុចពិសេស ៥ ក្នុង មហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២២ លើកទី១១នេះ។
១. កំណើននៃការដាក់រឿងក្នុងស្រុក៖ ឆ្នាំនេះ មហោស្រពទទួលបានភាពយន្តខ្លីដល់ទៅ ១៨៥រឿងសរុប តែសម្រាំងតែ៥៥ចំណងជើងដើម្បីប្រកួត និងចាក់បង្ហាញ ឆ្នាំនេះ។ ជាក់ស្តែងកាលពីឆ្នាំទៅ ភាពយន្តខ្លីប្រឌិតកម្ពុជាមានតែ២៧រឿងទេ ឆ្នាំនេះទទួលបាន៣៦រឿង គឺកើនបាន ៩រឿង។
២. CSFF ហ៊ានសម្អាងលើទិដ្ឋភាពនេះ ត្រង់ថាមានរឿង២ដែល ទទួលបានពានរង្វាន់អន្តរជាតិរួចហើយ តែក៏មានវត្តមាន ក្នុង មហោស្រពឆ្នាំនេះដែរ។ ម្យ៉ាងទៀតសូម្បីតែជយលាភីឆ្នាំ២០២១ ក៏បានដាក់រឿងថ្មីរបស់ខ្លួន ក្នុងឆ្នាំនេះដែរ។ ទាំងនេះជា តឹកតាងដែលបញ្ជាក់ពីមួយឆ្នាំទៅមួយឆ្នាំ យុវសមិទ្ធករប្រឹងប្រែងដុសខាត់ស្នាដៃដើម្បីដាក់ប្រកួតមហោស្រពនានា ជាពិសេស CSFF នេះឯង។
៣. ម្ចាស់ជយលាភី ភាពយន្តខ្លីកម្ពុជាល្អបំផុត នឹងទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ និងពាន១ , ជយលាភី ភាពយន្តខ្លីកម្ពុជាល្អបន្ទាប់ នឹងទទួលប្រាក់រង្វាន់ ៥០០ដុល្លារ និងពាន១ , ជយលាភី ភាពយន្តខ្លីអន្តរជាតិល្អបំផុត នឹងទទួលបានប្រាក់រង្វាន់ ៣០០ដុល្លារ។
៤. ភាពយន្តខ្លីពិសេស សម្រាប់ពិធីបើក និងបិទ៖ ពិធីបើកជំនាន់ទី១១នេះ នឹងរំលេចស្នាដៃរបស់យុវសមិទ្ធករឯករាជ្យ១រូបគឺអ្នកនាង មាស ស្រីលីន តាមរយៈភាពយន្តខ្លី របស់គាត់រឿង «សុបិនកាលីហ្វ័រញ៉ា» (California Dreaming)។ រឿងនេះមានការកោតសសើរពីឆាកអន្តរជាតិ ដោយ និយាយពីទំនាក់ទំនងលាក់បាំងរវាងនារី២នាក់ដែលមកពីសាវតារផ្សេងគ្នា។
៥. ភាពយន្តខ្លីទាំងអស់នឹងត្រូវធ្វើការចាក់បញ្ចាំងទីតាំងនៅតាមរោងភាពយន្តដែលជាដៃគូសហការរបស់យើងដូចជាសាលសន្និសីទចតុមុខ រោងភាពយន្ត Legend Premium Noro Mall និងរោងភាពយន្ត Major Cineplex by Smart ជាដើមសូមជម្រាបថា មហោស្រពភាពយន្តខ្លីចតុមុខ ឆ្នាំ២០២២ លើកទី១១ នឹងប្រព្រឹត្តឡើងរយៈពេល៤ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែវិច្ឆិកា។ ទស្សនិកជន ដែលចង់លើកទឹកចិត្តយុវសមិទ្ធករយើង អាចទៅទស្សនា រាល់រឿងខ្លីជាប់ជម្រើសទាំងអស់នេះ ក៏ដូចជាបោះឆ្នោតគាំទ្រដោយផ្ទាល់ដល់រឿងដែលខ្លួនពេញចិត្ត នៅសាលសន្និសីទចតុម្មុខ រោងភាពយន្តLegend Cinema - Noro Mall, និង Major Cineplex by Smart៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច