ថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥

៥ ថ្ងៃនៅ បារាំង យ៉ែម សំអូន ឆ្លៀតពេលសម្តែងផង និងថត MV ផងដើម្បីបំពេញក្តីស្រមៃកូនប្រុស ! 

២២ ​វិច្ឆិកា ២០២២ | កម្សាន្ដ

 

តារាចម្រៀងលោក យ៉ែម សំអូន បានចំណាយថវិការផ្ទាល់ខ្លួនចេញទៅប្រទេស បារាំង ក្នុងគោលបំណងសម្តែងផង  និងដើម្បីបំពេញក្តីស្រមៃដល់កូនប្រុសខ្លួនផង។រយៈពេល ៥ ថ្ងៃនៅប្រទេស បារាំង បានធ្វើឱ្យលោក យ៉ែម សំអូន ពេញចិត្តជាខ្លាំង ព្រោះមិនត្រឹមតែបានបំពេញក្តីស្រមៃដល់កូនប្រុសរូបរបស់ខ្លួនប៉ុណ្ណោះទេ លោកថែមទាំងឆ្លៀតពេលវេលាថត MV ចម្រៀងថ្មីមួយដ៏គួរឱ្យចាប់អារម្មណ៍ជាមួយតារាស្រី សម ម៉ាណា។ ជាពិសេសលោកបានឆ្លៀតពេលសម្តែងជូនបងប្អូន ខ្មែរ យើងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយកាលពីចុងសប្តាហ៍នេះ  ។ 


ច្រើនឆ្នាំមកហើយដែលលោក ខកខានក្នុងការចេញទៅក្រៅប្រទេស លោកមិនរំពឹងថា នឹងមានឱកាសបានឈរនៅលើឆាកសម្តែងនៅក្រៅប្រទេសជាថ្មីម្តងទៀតនោះទេ។ តែទោះជាយ៉ាងណាក្តី កាលពីចុងសប្តាហ៍នេះលោកបានលេចមុខនៅក្នុងកម្មវិធីតន្រ្តី រំាលេងកម្សាន្តជាមួយបងប្អូន ខ្មែរ យ៉ាងសប្បាយរីករាយនៅទីនោះ ។


តារាចម្រៀងរូបនេះ បានបញ្ជាក់ថា លោកទៅប្រទេស បារាំង លើកនេះត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះ ក្នុងគោលបំណង ២ ទី ១ គឺលោកមកដើរកម្សាន្ត ដើម្បីបំពេញក្តីស្រមៃរបស់កូនប្រុសខ្លួនដែលចង់ស្គាល់ទឹកដីនេះ ។ ទី ២ គឺលោកមកសម្តែងជូនបងប្អូន ខ្មែរ ទស្សនា និងរាំលេងកម្សាន្ត ប៉ុន្តែដោយសាររយៈពេលវេលាខ្លី លោកបានត្រឹមតែចេញសម្តែងមួយលើកតែប៉ុណ្ណោះ ជាលទ្ធផលគឺទទួលបានការគាំទ្រខ្លាំងពីសហគមន៍បងប្អូន ខ្មែរ នៅទីនោះ ។  

 

 

អារម្មណ៍របស់លោកពិតជារំភើបចិត្តខ្លាំងណាស់ ហើយក៏ប្លែកដែរ នៅពេលឃើញសន្ទុះគាំទ្ររបស់បងប្អូន ពីព្រោះលោកខកខានក្នុងការចេញសម្តែងនៅក្រៅប្រទេសអស់ពេលជាច្រើនឆ្នាំមកហើយ ។ ចំណែកតារាចម្រៀង សម ម៉ាណា ក៏ធ្វើជាដៃគូចម្រៀងលោកនៅពេលនោះផងដែរ ។ 

 


មើលទៅលោក យ៉ែម សំអូន ពិតជារីករាយជាមួយដំណើរកម្សាន្តរបស់ខ្លួនលើកនេះ ដោយលោកបានបង្ហោះរូបភាពស្អាតៗជាច្រើនឱ្យអ្នកគាំទ្របានឃើញ ។ ក្រៅពីនេះលោក យ៉ែម សំអូន បានឆ្លៀតពេលវេលាចេញថត MV ចម្រៀងថ្មីមួយដែលមានចំណងជើងថា « លាហើយប៉ារីស » លោកបានសម្តែងជាមួយតារាចម្រៀងកូន ១ សម ម៉ាណា ។ 

 


ចំពោះ Full MV នឹងចេញនាពេលឆាប់ៗខាងមុខ ដោយសាររយៈពេលខ្លីពេកនៅទឹកដី បារាំង លោកមិនមានពេលវេលាច្រើន ក្នុងការកាត់ត ឬរៀបចំឱ្យបានស្អាតបាតនៅឡើយទេ ដោយជំហានដំបូងនេះលោកបានចេញត្រេល័រ MV ចម្រៀងនោះជាមុនសិន ។

 

 

លោក យ៉ែម សំអូន បានបន្ថែមថា ត្រេល័រចម្រៀង « លាហើយប៉ារីស » កូនប្រុសលោកចំណាយពេលវេលាថតតែ ៣ ម៉ោងប៉ុណ្ណោះ និងកាត់តភ្លាមៗ ហើយបង្ហោះជូនបងប្អូនទស្សនាភ្លាមៗ ដើម្បីឱ្យទាន់សភាពការលោកកំពុងនៅប្រទេស បារាំង ។ លោក យ៉ែម សំអូន ត្រូវប្រញាប់ប្រញាលមកស្រុកកំណើតវិញ ដើម្បីបំពេញការងារក្នុងក្រុមតន្រ្តីរបស់ខ្លួនជាបន្តទៀត ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025