ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤
លោក Najib Razak អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបដិសេធចំពោះការពោលអះអាងដែលថា លោកនឹងត្រូវបានដោះលែងភ្លាមៗតាមរយៈការលើក លែងទោសពីព្រះមហាក្សត្រម៉ាឡេស៊ី ប្រសិនបើគណបក្សនយោបាយBarisan Nasional ឬ(BN) ឈ្នះការបោះឆ្នោតសាកលម៉ាឡេស៊ីលើកទី១៥នេះ។
ក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានពីក្រុមហ៊ុនមេធាវី Shafee & Co នៅថ្ងៃអង្គារ(១៥វិច្ឆិកា) បានឱ្យដឹងថា លោកNajib បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំងដែលឈ្មោះរបស់លោកនៅតែត្រូវបានយកទៅប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយនយោបាយដោយគ្មានមូលដ្ឋានដែលថាលោកនឹងត្រូវដោះលែងចេញពីពន្ធនាគារតាមរយៈព្រះរាជសារលើកលែងទោស ប្រសិនបើគណបក្សBN ឈ្នះការបោះឆ្នោត ខណៈដែលលោកកំពុងជាប់ពន្ធនាគារក៏ដោយ។
លោក Najib អាយុ៦៩ឆ្នាំធ្លាប់ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៨ លោកត្រូវជាប់ចោទក្នុងរឿងអាស្រូវពុករលួយទឹកប្រាក់រាប់លានដុល្លារក្នុងមូលនិធិរដ្ឋម៉ាឡេស៊ី1MDB។
លោក Najib Razak ត្រូវបញ្ជូនទៅពន្ធនាគារនៅថ្ងៃ២៣សីហា បន្ទាប់ពីតុលាការសហព័ន្ធប្រទេសម៉ាឡេស៊ី តំកល់សាលក្រមនិងទោសរបស់តុលាការកំពូលម៉ាឡេស៊ីនៅខែកក្កដាឆ្នាំ២០២០ នៅពេលដែលតុលាការបានរកឃើញថា លោកបានល្មើសនឹងគ្រប់បទចោទប្រកាន់ទាំង៧ មានល្មើសទំនុកចិត្ត លាងលុយកខ្វក់ និងល្មើសអំណាច។
ប្រែសម្រួល៖ណាវ័ន្ត