ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤
សួនសត្វនៅទីក្រុងឡុនដុន ប្រទេសអង់គ្លេស បានបង្ហាញឈ្មោះកូនខ្លាភ្លោះបីក្បាល ជាប្រភេទខ្លាស៊ូម៉ាត្រា(Sumatran tiger)ដែលកើតនៅក្នុងតំបន់អភិរក្សសត្វព្រៃកាលពីខែមិថុនា។ ពួកវាជាសត្វកម្រដែលនៅសេសសល់តិចតួចបំផុត។ គេបានដាក់ឈ្មោះពួកវា ១ក្បាលឈ្មោះអ៊ីនកា(Inca), ១ក្បាលឈ្មោះហ្សាក់(Zac) និង១ក្បាលទៀតឈ្មោះគ្រីសស្ពីន(Crispin)។
សួនសត្វបានប្រកាសផ្ដល់សិទ្ធិសម្រាប់អ្នកគាំទ្រដើម្បីដាក់ឈ្មោះកូនខ្លាជាលក្ខណៈដេញថ្លៃ។ មានន័យថាអ្នកណាហ៊ានឲ្យថ្លៃខ្ពស់ជាងគេ នឹងទទួលបានសិទ្ធិដាក់ឈ្មោះកូនខ្លាស៊ូម៉ាត្រាទាំងនេះ។ គេប្រមូលថវិកាបានជាង៥ម៉ឺនផោនសម្រាប់ទ្រទ្រង់សួនសត្វ។ លោកម៉ាធីន.អូ.ស៊ូលីវេន(Martin O’Sullivan) ដែលជាអ្នកមើលការខុសត្រូវលើសត្វខ្លានៅសួនសត្វនេះប្រាប់ថាកូនខ្លាឈ្មោះអ៊ីនកា, ហ្សាក់ និងគ្រីសស្ពីនជាឈ្មោះល្អមែនទែន។
ឥឡូវនេះ ពួកវារីកធំធាត់យ៉ាងឆាប់រហ័ស បានអាយុ៤ខែហើយ។ កូនខ្លាញីឈ្មោះអ៊ីនកាចូលចិត្តស៊ីចំណីអាហារ ពេលខ្លះសូម្បីតែសាច់មាន់បន្តិចបន្តួចក៏វាមិនឲ្យរបូតពីដៃបានទៅខាងបងប្រុសរបស់វាទេ។
ចំណែកគ្រីសស្ពីនមិនសូវបានមាត់កច្រើនប៉ុន្មានទេ សុខចិត្តនៅស្ងៀមស្ងាត់តែម្នាក់ឯង។ មើលទៅសត្វនេះពេលខ្លះប្រៀបដូចជាម៉ាំមីដែលនៅស្ងៀមឈឹងឥតកម្រើក។ វាច្រើនដេកសំដិលខ្លួននៅក្រោមពន្លឺថ្ងៃ។ រីឯហ្សាក់ជាកូនខ្លាដែលមានមាឌធំជាងគេនៅក្នុងចំណោមបងប្អូនវាទាំងបីក្បាល។
គេអាចសម្គាល់ថាកូនខ្លាណាជាកូនខ្លាណាតាមរយៈសញ្ញាឆ្នូតនៅលើផ្ទៃមុខរបស់ពួកវា។ សញ្ញានេះមានលក្ខណៈពិសេសដាច់ដោយឡែកៗពីគ្នា។ គ្រាន់តែក្រឡេកមើលទៅគឺដឹងថាខុសៗគ្នាទាំងអស់។
កូនខ្លាទាំងនេះជាលទ្ធផល១នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមអ្នកអភិរក្សសត្វព្រៃដើម្បីការពារពួកវាឲ្យនៅគង់វង្ស។ គេបានប្រើប្រាស់វិធីសិប្បនិម្មិតដើម្បីបង្កកំណើតពួកវា។ សត្វខ្លាស៊ូម៉ាត្រានាពេលបច្ចុប្បន្ននៅសេសសល់ប្រមាណ៣រយក្បាលប៉ុណ្ណោះ។ ដូចនេះ ការទទួលបានកូនខ្លាទាំង៣ជាការចូលរួមចំណែកបង្កើនចំនួនសត្វដ៏កម្រនេះ៕
ប្រែសម្រួល៖ អន សំអាង