ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥
ឆន ស្រីណេត ស្រ្តីខ្មែរកម្ពុជាក្រោមដំបូងគេបង្អស់ក្នុងវិស័យបវរកញ្ញាកម្ពុជា នឹឹងតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធី Miss Tourism International 2022។ ស្រីណេត អះអាងនឹងប្រើសម្លេងលើវេទិកាអន្តរជាតិនេះ ដើម្បីជំរុញលើកទឹកចិត្តស្ត្រីឱ្យរួចផុតពីជំងឺបាក់ទឹកចិត្ត ព្រោះនាងក៏មានប្រវត្តិធ្លាប់បាក់ទឹកចិត្តរហូតធ្លាប់គិតសម្លាប់ខ្លួន។
កញ្ញា ឆន ស្រីណេត ស្រ្តីខ្មែរកម្ពុជាក្រោមដំបូងគេបង្អស់ក្នុងវិស័យបវរកញ្ញាកម្ពុជា ត្រូវក្រុមហ៊ុន CIM សម្រេចជ្រើសរើសជា Miss Tourism International Cambodia 2022 ត្រៀមតំណាងឱ្យកម្ពុជាចូលរួមប្រកួតកម្មវីធី Miss Tourism International 2022 នៅប្រទេស ម៉ាឡេស៊ី នៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ស្រីណេត ដែលមានដើមកំណើតនៅភូមិមេរង ឃុំដើមជ្រៃ ស្រុកផ្នោដាច់ ខេត្តព្រះត្រពាំង កម្ពុជាក្រោម ប៉ុន្តែឪពុកម្ដាយជាជនជាតិខ្មែរ បានឱ្យដឹងខ្លួនថា ខ្លួនមានអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងណាស់ ដែលបានក្លាយជាស្ត្រីខ្មែរកម្ពុជាក្រោមដំបូងគេ ដែលមានឱកាសបានចេញទៅប្រឡងនៅឆាកអន្តរជាតិ។ មិនថាកម្មវិធីប្រកួតអន្តរជាតិណាមួយនោះទេ វាសុទ្ធតែជាភារៈកិច្ច និងកាតព្វកិច្ចដែលត្រូវធ្វើ ដើម្បីមុខមាត់របស់ប្រទេសយើង។
ដើម្បីបង្កើនសមត្ថភាព និងភាពជឿជាក់លើខ្លួនឯង ស្រីណេត បានសិក្សាស្រាវជ្រាវច្រើនពីកម្មវិធី Miss Tourism International និងគោលដៅដែលកម្មវិធីគេចង់បាន ដើម្បីឱ្យខ្លួនឯងងាយស្រួលក្នុងការប្រកួតប្រជែង។ ដ្បិតជាការចេញទៅប្រកួតនៅឆាកអន្តរជាតិលើកទី១ តែនាងគ្មានភាពភ័យខ្លាចទេ មានតែប្រឹងពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លា។
ខណៈការប្រកួតកាន់តែរំកិលខិតជិតមកដល់ បវរកញ្ញារូបស្រស់នេះក៏ត្រៀមខ្លួនយ៉ាងរៀបរយ មិនថាសម្លៀកបំពាក់ ឈុតតំណាងជាតិ សមត្ថភាពពិសេសសម្រាប់បញ្ចេញក្នុងវគ្គទេពកោសល្យ រួមទាំងមតិតស៊ូផងដែរ ដោយនាងនៅតែប្រកាន់ខ្ជាប់យកមតិតស៊ូចាស់ដែលនិយាយពីការលើកទឹកចិត្តស្រ្តីឱ្យជៀសផុតពីការកើតជំងឺបាក់ទឹកចិត្ត ព្រោះកញ្ញាផ្ទាល់ធ្លាប់ជាមនុស្សម្នាក់ដែលបាក់ទឹកចិត្ត រហូតគិតសម្លាប់ខ្លួនថែមទៀតផង ដូច្នេះកញ្ញាចង់ប្រើសម្លេងលើវេទិកានេះ ប្រាប់ទៅស្ត្រីទាំងឡាយជុំវិញពិភពលោកឱ្យងើបតស៊ូឡើង យើងមិនត្រូវរស់ត្រាំត្រែងនិងភាពបាក់ទឹកចិត្តឡើយ។
ផ្តល់កិច្ចសម្ភាសន៍ក្នុងកម្មវិធី សិល្បៈកម្សាន្ត កាលពីសប្តាហ៍កន្លងទៅ ឆន ស្រីណេត ថា ខ្លួនរំពឹង ៨០% សម្រាប់ការប្រកួតនាពេលខាងមុខនេះ ព្រោះតែបានសិក្សាស្រាវជ្រាវពីកម្មវិធីប្រកួតយ៉ាងលម្អិត និងបានរៀនសូត្រច្រើនពីរៀនច្បងជំនាន់មុន ជារួមចំនុចខ្វះខាតពេលនេះគឺមានតែការនិយាយភាសាអង់គ្លេសមួយមុខគត់ដែលនាងត្រូវពង្រឹង។
សូមជម្រាបថា កម្មវិធី Miss Tourism International 2022 លើកទី២៥ នឹងប្រារព្ធធ្វើនៅ Kuching, Sarawak, Malaysia ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុននេះ។ កុំភ្លេចរង់ចាំតាមដានដំណើការប្រកួតរបស់ ឆន ស្រីណេត ក្នុងកម្មវិធី Miss Tourism International 2022 ដើម្បីជាកម្លាំងជំរុញចិត្តដ៏ធំធេងសម្រាប់ស្រ្តីខ្មែរកម្ពុជាក្រោមដំបូងគេបង្អស់ដែលចេញទៅប្រកួតលើឆាកអន្តរជាតិ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច