ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ខណៈពន្ធផ្ទៃក្នុងបានកើនជិត៩៥%

០៣ តុលា ២០២២ | សេដ្ឋកិច្ច

 

 

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ តាមរយៈបង្កើតការងារ និងចំណូលពន្ធ ខណៈ៩ខែឆ្នាំ២០២២នេះ ពន្ធផ្ទៃក្នុងរបស់កម្ពុជា សម្រេចបានប្រមាណ៩៥% ដែលស្មើនឹងជិត ៣ពាន់លានដុល្លារ។

 

 

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និសិ្សតវិទ្យាស្ថាន វ៉ាន់ដា នាព្រឹកថ្ងៃចន្ទទី៣តុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងមួយខែ ពន្ធផ្ទៃក្នុងរបស់កម្ពុជា ទទួលបានប្រមាណ ២៥០លានដុល្លារ អាមេរិក ខណៈ៩ខែឆ្នាំ ២០២២នេះ ពន្ធផ្ទៃក្នុងរបស់កម្ពុជា សម្រេចបានប្រមាណ ៩៥ភាគរយ ស្មើនឹងថវិកាជិត ៣ពាន់លានដុល្លារ។

 


ដោយសម្តេចតេជោ បានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងបង់ពន្ធជូនរដ្ឋ។ នៅពេលដែលវិស័យឯកជនរីកចម្រើន នឹងជួយបង្កើតការងារជូនប្រជាជនកាន់តែច្រើន ហើយការបង់ពន្ធកាន់តែកើនខ្ពស់ សម្រាប់ជួយទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាល។សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញពង្រឹងការរីកចម្រើនវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យកម្ពុជាមានអ្នករកស៊ីកាន់តែច្រើន សម្រាប់ជួយដល់ប្រទេសជាតិ។

 


សម្តេចតេជោបានគូសបញ្ជាក់ថា សម្តេចបានដឹកនាំធ្វើការកែទម្រង់ដោយផ្ទាល់ នៃសេដ្ឋកិច្ចរបស់កម្ពុជា ពីសេដ្ឋកិច្ចផែនការ ទៅសេដ្ឋកិច្ចទីផ្សារ ដែលនាំមកនូវការរីកចម្រើនរបស់វិស័យសេដ្ឋកិច្ចកម្ពុជាដូចសព្វថ្ងៃនេះ។ រយៈពេលជាង៣០ឆ្នាំមកនេះ ចាប់តាំងពីការធ្វើសេដ្ឋកិច្ចទីផ្សាររហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងបន្តធ្វើសុក្រឹតកម្មសេដ្ឋកិច្ចទីផ្សារ ដែលមានន័យថា មកដល់បច្ចុប្បន្នកម្ពុជា មិនទាន់ដើរដល់ទីបញ្ចប់នៃការកែទម្រង់ ក្នុងវិស័យសេដ្ឋកិច្ចនៅឡើយទេ ដោយនៅខ្វះលិខិតបទដ្ឋានគតិយុត្តមួយចំនួន សម្រាប់អង្គការពាណិជ្ជកម្មពិភពលោក។

 


គួរបញ្ជាក់ថា បើយោងតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា រយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ បានជាង៩៥%នៃផែនការច្បាប់ថវិកាជាតិ ដែលស្មើនឹងជាង ២,៦០០លានដុល្លារ ដែលអាចនឹងលើស ផែនការ ប្រមាណ១០ ទៅ១៥ភាគរយ ។

 

 

ហើយបើមើលពីប្រភេទចំណូលពន្ធសំខាន់ៗ ក្នុងឆមាសទី១ឆ្នាំ ២០២២កន្លងទៅ បានរក្សាកំណើនក្នុងរង្វង់ ២៥% ទៅ ៤៤% ក្នុងនោះពន្ធលើប្រាក់ចំណូលកើនឡើង  ២៧% អាករលើតម្លៃបន្ថែមកើន ៣៣% ពន្ធលើប្រាក់បៀវត្សកើន ២៥% អាករពិសេសកើន ៣៤% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យកើន ៤៤%៕
 

 

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ក្រុមការងារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024