ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

សិល្បករ-សិល្បការនី សាទរខ្លាំងចំពោះភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» របស់សម្ដេចតេជោ ហ៊ុន សែន

២៩ កញ្ញា ២០២២ | កម្សាន្ដ

 

 

សិល្បករ-សិល្បការនីជាច្រើន បាននាំគ្នាអបអរសាទរចំពោះសមិទ្ធិផលស្នាដៃភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» របស់សម្ដេចតេជោ ហ៊ុន សែន ព្រោះភាពយន្តនេះបានបង្ហាញឱ្យឃើញពីប្រវត្តិដ៏ជូរជត់ និងភាពអំណត់អត់ធ្មត់របស់សម្ដេចតេជោ ដែលពុះពារគ្រប់ឧបសគ្គ ដើម្បីក្រេបជញ្ជក់យកចំណេះវិជ្ជា ជាទ្រព្យសម្បត្តិដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។


បន្ទាប់ពីចំណាយពេលថតយ៉ាងសម្រិតសម្រាំងអស់រយៈពេលជាង១ឆ្នាំ នៅទីបំផុត ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវ សម្ពោធផ្សព្វផ្សាយជាសាធារណៈ កាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ នៅសាលសន្និបាទ២០២១ នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបណ្ដាមន្ត្រីក្រសួង ឧកញ៉ា លោកជំទាវ ផលិតករ អ្នកដឹកនាំរឿង សិល្បករ និងភ្ញៀវកិត្តិយស សរុបប្រមាណជាង ២០០០នាក់។

 

ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» ជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបង្កប់ដោយអត្ថន័យ អត្ថរូប និងអត្ថរសដ៏សម្បូរបែបអំពីខ្សែជីវិតពិត និងការតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាកូនកសិករ ហើយក្រាញននាលការលំបាកសព្វបែបយ៉ាង ដើម្បីចំណេះវិជ្ជាជាទ្រព្យដ៏សំខាន់មិនអាចកាត់ថ្លៃបាន។ 


បន្ទាប់ពីបានទស្សនាភាពយន្តចម្រៀងប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» រួចមក សិល្បករ-សិល្បការនី បាននាំគ្នាអបអរសាទរចំពោះសមិទ្ធិផលស្នាដៃភាពយន្តចម្រៀងប្រវត្តិសាស្ត្រមួយនេះយ៉ាងព្រោងព្រាត ព្រោះភាពយន្តនេះបង្ហាញឱ្យពីដំណើរជីវិតពិត និងការតស៊ូពុះពាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
 

 

 

សូមជម្រាបថា ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ «ជីវិតក្មេងវត្ត» និពន្ធឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩៦ ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំការថតដោយ ឯកឧត្តម ហ៊ុន ហេង ប្រគុំដោយតន្រ្តីវិទ្យុជាតិកម្ពុជា ច្រៀងដោយ លោក យិន សារិន ហើយនៅពេលនេះ ច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា សម្រួលតន្រ្តីដោយលោក ប៊ូ វណ្ណមុនីរ័ក្ស និងលោក  កែវ ម៉ារ៉ា ហើយដឹកនាំការថតឡើងវិញដោយ លោក ហ្វៃ សំអាង។ 

 

 

បទចម្រៀង ជីវិតក្មេងវត្ត ធ្លាប់បានផលិតជាចម្រៀងកាយវិការម្តងហើយកាលពីឆ្នាំ២០០០ ដោយផលិតកម្មហង្សមាស ក្រោមការដឹកនាំដោយ លោក ហ្វៃ សំអាង ហើយក៏មានការគាំទ្រច្រើនពីសំណាក់មហាជន។ ដោយឡែកការផលិតម្តងទៀតនេះមានទម្រង់ជាភាពយន្តហើយល្អវិសេសវិសាលបំផុត។

 

 

ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» មានផលិតករ ៣ រូប គឺតារាសម្ដែងចន ច័ន្ទលក្ខិណា, ឧកញ៉ា ហេង ឡុង និងឧកញ៉ា អ៊ឹង លីហេង។ ចំណែក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានឧបត្ថម្ភបច្ចេកទេសថត និងសម្ភារៈបម្រើ។ តួអង្គសម្តែងក្នុងរឿងនេះសុទ្ធសឹងជាសិល្បករសិល្បការិនីល្បីៗដែលមានបទពិសោធន៍ក្នុងការសម្តែងបានគ្រប់រសជាតិជីវិតគឺអាចធ្វើបានទាំងអស់។

 

 

ក្នុងនោះមានដូចជា អ្នកគ្រូ ឌីសាវ៉េត កញ្ញា ឌួង សូរីដា លោកឈឹម សក្កដា លោក ប៉ាន់ ខែមម៉ានូ  អោក ឧត្តម កញ្ញា នីតា វរវង្ស លោក ម៉េងប៊ុនឡូ លោក ពៅ ពិសិដ្ឋ អ្នកនាង លី ម៉ារីណា និងមានតួអង្គជាច្រើនទៀត។«ជីវិតក្មេងវត្ត» ចាយទុនផលិតអស់ជាង ១២ ម៉ឺនដុល្លារ និងចំណាយពេលថតរយៈពេលជិត១ឆ្នាំ តាំងពីការរើសទីតាំងថត តួសម្តែង ការថត រហូតដល់ការកាត់ត៕


 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024