ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ឆ្នាំ២០២៣ កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ នឹងទទួលបានប្រាក់ឈ្នួលចំនួន ២០០ដុល្លារអាមេរិក ក្នុង ១ខែ

២២ កញ្ញា ២០២២ | ព័ត៌មានជាតិ

 


កិច្ចប្រជុំចរចាត្រីភាគី លើប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ឆ្នាំ២០២៣ បានសម្រេចឯកភាពគ្នាហើយ នៅថ្ងៃទី២១ ខែកញ្ញានេះ គឺកម្មករនិយោជិតពេញសិទ្ធិ នឹងទទួលបានប្រាក់ឈ្នួលចំនួន ២០០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ខាងមុខ និងកម្មករនិយោជិតសាកល្បង នឹងទទួលបានចំនួន ១៩៨ដុល្លារ។ ចំនួនប្រាក់ឈ្នួល ឆ្នាំ២០២៣ នេះ បានឡើង ៦ដុល្លារ បើធៀបនឹងឆ្នាំ២០២២ នេះ។


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១កញ្ញានេះ បានប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣។ 

 

 

កិច្ចប្រជុំដែលត្រូវបានធ្វើឡើងជាយន្តការត្រីភាគី និងមានសមាជិកជាតំណាងភាគីកម្មករនិយោជិតចំនួន ១៧រូប តំណាងភាគីនិយោជកចំនួន ១៧រូប និងតំណាងរាជរដ្ឋាភិបាលចំនួន ១៧រូប បានបើកកិច្ចប្រជុំចំនួន ២៥លើក ចាប់តាំងពីថ្ងៃទី ១៥សីហា រហូតដល់ថ្ងៃទី ២១កញ្ញានេះ ដែលលទ្ធផលសម្រេចប្រាក់ខែសម្រាប់កម្មករនិយោជិតក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងដល់ ២០០ដុល្លារក្នុងមួយខែ។ 

 

 

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ប្រាក់ខែអប្បបរមារបស់កម្មករនិយោជិតក្នុងឆ្នាំ២០២៣ នឹងទទួលបានចំនួន ២០០ដុល្លារអាមេរិក ព្រមទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺពួកគេនៅតែទទួលបានតាមធម្មតា។ 

 

 

ទន្ទឹមនឹងនេះ លោក ហ្វា សាលី  ប្រធានសម្ព័ន្ធសហជីពជាតិ ក៏បានសម្តែងការរីករាយចំពោះតួលេខប្រាក់ឈ្នួលថ្មីនេះ បើធៀបទៅនឹងឆ្នាំកន្លងទៅ គឺឆ្នាំ២០២៣នេះ មានការដំឡើងបានច្រើនជាងរាល់ឆ្នាំរហូតដល់ ៦ដុល្លារ ខណៈឆ្នាំកន្លងទៅគឺអាចដំឡើងបានត្រឹមតែ ២ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ 

 

 

តួលេខប្រាក់ឈ្នួលថ្មីនេះដែរ កម្មករនិយោជិត នឹងអាចទទួលបានចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ២០២៣ទៅ ចំពោះកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នឹងទទួលបានប្រាក់ឈ្នួលអប្បបរមាចំនួន ២០០ដុល្លារក្នុងមួយខែចំពោះកម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៩៨ដុល្លារ ចំពោះកម្មករនិយោជិតសាកល្បង៕
 

 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ និន សុខលី  

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024