ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

មូលបត្ររដ្ឋបោះផ្សាយជាផ្លូវការ លើកទី ២ នៅថ្ងៃទី ២១ ខែកញ្ញានេះ

២០ កញ្ញា ២០២២ | សេដ្ឋកិច្ច

 

 

ក្រោយពីការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូង ប្រមាណ ២៥លានដុល្លារអាមេរិក នៅពេលនេះ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសបោះផ្សាយដំណាក់កាលទី ២ហើយ ដោយមានទំហំទឹកប្រាក់ប្រមាណ ២០០ពាន់លានរៀល ឬស្មើនឹង ៥០លានដុល្លារអាមេរិក នៅថ្ងៃទី ២១ ខែកញ្ញានេះ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា។

 


បើតាម ប្រភពដដែល បានបញ្ជាក់ថា ការដេញថ្លៃមូលបត្ររដ្ឋលើកទី ២ មានទំហំទឹកប្រាក់ ប្រមាណ ៥០លានដុល្លារអាមេរិក ជាប្រភេទឥណប្រតិទាន ៣ឆ្នាំ ដោយមានតម្លៃចារឹក ១លានរៀលក្នុងមួយឯកតា ក្នុងអត្រាគូប៉ុង ២,៤៤% ថេរ ដែលការគិតអត្រាការប្រាក់នេះ នឹងធ្វើឡើងរៀងរាល់ ៦ខែម្តង។

 


ការដេញថ្លៃមូលបត្ររដ្ឋនេះ នឹងធ្វើឡើងតាមរយៈប្រព័ន្ធ NBCP ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ២៖៣០នាទីរសៀល ដែលគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចចូលរួមដេញថ្លៃតាមការកំណត់ ក្នុងថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២នេះ។

 


សូមរម្លឹកបន្តិចថា បើយោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២២កន្លងទៅថ្មីៗនេះ បង្ហាញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចូលរួមចំនួន ៨ ជាមួយបរិមាណចូលរួមដេញថ្លៃសរុបជាង ៤ម៉ឺនឯកតា និងអត្រាចំណូលដេញថ្លៃឈ្នះ ២,២% ខណៈសម្រាប់ផែនការបោះផ្សាយលក់មូលបត្ររដ្ឋ ទំហំ ៣០០លានដុល្លារអាមេរិក ចាប់ផ្តើមពីខែកញ្ញា ឆ្នាំ ២០២២តទៅ ដោយមានការលើកទឹកចិត្តចំពោះ វិនិយោគិនមូលបត្ររដ្ឋផងដែរ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024