ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

ក្រសួងស្ថាប័នពាក់ព័ន្ធ កំពុងរកវិធីកំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹង

១០ កញ្ញា ២០២២ | ព័ត៌មានជាតិ



ដោយមើលឃើញថា គ្រឿងស្រវឹង កំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់កុមារ ពេលនេះ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងឡាយ បាន និងកំពុងពិភាក្សាពិគ្រោះយោបល់ ដើម្បីទប់ស្កាត់ផលអវិជ្ជមានទាំងនេះ។ ក្នុងនោះ ការកំណត់អាយុអ្នកប្រើប្រាស់គ្រឿងស្រវឹង គឺជាប្រធានបទដ៏សំខាន់បំផុតមួយ។

 


បន្ទាប់ពីប្រទេសកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ រួចមក រាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចគោរព ការពារ និងបំពេញសិទ្ធិដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា ។ រហូតមកដល់បច្ចុប្បន្ន ការអនុវត្តន៍សិទ្ធិកុមារនៅកម្ពុជា មានការរីកចម្រើនជាលំដាប់ ។ កម្ពុជា បានដាក់ចេញជាបន្តបន្ទាប់នូវច្បាប់ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការអភិវឌ្ឍ និងយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាច្រើន សំដៅពង្រឹងកិច្ចការពារកុមារពីភាពងាយរងគ្រោះ និងរងគ្រោះទាំងឡាយឱ្យកាន់តែល្អប្រសើរ ។

 

 

ទោះយ៉ាងណា ទន្ទឹមនឹងការរីកចម្រើនក្នុងការលើកកម្ពស់ និងការការពារសិទ្ធិកុមារ ក៏កុមារកម្ពុជា មួយចំនួននៅតែជួបបញ្ហាប្រឈមនៅឡើយ ដូចជាកុមារបោះបង់ការសិក្សា កុមារបម្លាស់ទី អំពើហិង្សាលើកុមារ កុមារប្រើប្រាស់សារធាតុញៀន កុមារកង្វះអាហារូបត្ថម្ភ កុមារតាមម្តាយក្នុងពន្ធនាគារ ការរំលោភបំពាន និងកេងប្រវ័ញ្ចគ្រប់ទម្រង់លើកុមារ ជាពិសេសកុមារដែលរងផលប៉ះពាល់ពីគ្រឿងស្រវឹង ដែលតម្រូវឱ្យក្រសួង ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍ ឪពុកម្ដាយ និងអង្គភាពពាក់ព័ន្ធទាំងអស់ រួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងចំគោលដៅ ។

 

 

គ្រឿងស្រវឹង និងគ្រឿងញៀន គឺជាបញ្ហាដ៏ធំរបស់កុមារ និងយុវជន ហើយប្រសិនបើពួកគាត់បានប្រើប្រាស់ នឹងមានផលប៉ះពាល់ជាច្រើន ដូចជាសុខភាពផ្លូវកាយ ផ្លូវចិត្ត ខ្សោយប្រាជ្ញាស្មារតី វង្វេងវង្វាន់ អាចបង្កទៅជាវិកលចរិត គ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា និងចលាចលក្នុងគ្រួសារ សង្គម និងខ្ជះខ្ជាយថវិកាយ៉ាងច្រើន ។ នេះគឺជាការលើកឡើងរបស់លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បី កុមារ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីផលប៉ះពាល់ នៃគ្រឿងស្រវឹងទៅលើកុមារ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ។

 


សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងចំនួន ៣ សំខាន់ៗ គឺ៖ ១.ផ្សព្វផ្សាយពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងស្រវឹងទៅលើកុមារ, ២.ស្វែងយល់អំពីក្របខណ្ឌគតិយុត្តជាតិ និងអន្តរជាតិ ពាក់ព័ន្ធនឹងគ្រឿងស្រវឹង និង ៣.គាំទ្រវិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រឿងស្រវឹងទៅលើកុមារ។

 


គួរជម្រាបជូនថា បច្ចុប្បន្ននេះ ក្រសួងចំនួន០៣ គឺក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បាន និងកំពុងពិភាក្សាអំពីការកំណត់អាយុអប្បបរមាសម្រាប់ការប្រើប្រាស់គ្រឿងស្រវឹងដែលមិនទាន់គ្រប់អាយុ នៅក្នុងសេចក្តីព្រាងច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង៕

 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ គ្រឿងស្រវឹងប៉ះពាល់កុមារ 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025