ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
ព្រះមហាក្សត្រី Elizabeth (អេលីហ្សាប៊េត) ដែលជាស្ដេចនៃចក្រភពអង់គ្លេស និងនៅរាជបុរីចំនួន១៤ផ្សេងទៀតនោះ បានសោយទិវង្គត នៅរសៀលថ្ងៃព្រហស្បត្តិ៍ ក្នុងព្រះជន្ម ៩៦ព្រះវស្សា។
ព្រះមហាក្សត្រី Elizabeth (អេលីហ្សាប៊េត) ដែលជាស្ដេចគ្រងរាជ្យយូរឆ្នាំជាងគេរបស់ចក្រភពអង់គ្លេស បានសោយទិវង្គតនៅក្នុងព្រះជន្ម ៩៦ព្រះវស្សា។ នេះបើតាមការប្រកាសរបស់រាជវាំង Buckingham (បាកឃីងហេម) កាលពីអាធ្រាត្រថ្ងៃព្រហស្បត្តិ៍។
ក្នុងសេចក្ដីប្រកាសរបស់រាជវាំង Buckingham (បាកឃីងហេម) បានសរសេរថា ៖ "ព្រះមហាក្សត្រីបានសោយទិវង្គតដោយស្ងប់សុខនៅវិមាន Balmoral (បាលមូរ៉ាល) នាពេលរសៀលនេះ"។
ក្រោយការសោយទិវង្គតនេះ បុត្រច្បងរបស់មហាក្សត្រី Elizabeth (អេលីហ្សាប៊េត) គឺព្រះអង្គម្ចាស់ Charles (ឆាលស៍) ដែលមានព្រះជន្ម ៧៣ព្រះវស្សា នឹងក្លាយជាស្ដេចនៃចក្រភពអង់គ្លេស និងនៅរាជបុរីចំនួន១៤ផ្សេងទៀត រួមមានប្រទេសអូស្ត្រាលី, ប្រទេសកាណាដា និងប្រទេសនូវែលហ្សឺឡង់ជាដើម។
ព្រះមហាក្សត្រី Elizabeth (អេលីហ្សាប៊េត) មានបញ្ហាព្រះសុខភាពចាប់តាំងពីចុងឆ្នាំ២០២១មកម្ល៉េះ ដោយរាជវាំង Buckingham (បាកឃីងហេម) បានហៅជំងឺរបស់ទ្រង់ថា "ជំងឺពិបាកបម្លាស់ទី" ដែលជំងឺនេះបានបង្ខំឲ្យទ្រង់ត្រូវដកព្រះកាយចេញពីការងារសាធារណៈទាំងអស់។
ព្រះមហាក្សត្រី Elizabeth (អេលីហ្សាប៊េត) បានឡើងគ្រងរាជ្យបន្ទាប់ពីការសោយទិវង្គតនៃព្រះបិតារបស់ទ្រង់ គឺនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៥៣ ពេលដែលទ្រង់ទើបមានព្រះជន្ម ២៥ព្រះវស្សាប៉ុណ្ណោះ។ ទ្រង់បានក្លាយជាស្ដេចដែលគ្រងរាជ្យយូរឆ្នាំជាងគេក្នុងប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស និងយូរជាងគេបំផុតលើលោក៕
ប្រែសម្រួល៖ វ៉ាន់ថន