ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃច័ន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០២៥
ផលិតផលក្នុងស្រុក បានបង្ហាញវត្តមាននៅតាមបណ្តាទីផ្សារនានា ក្នុងប្រទេសច្រើនជាងមុន នៅប៉ុន្មានខែចុងក្រោយក្នុងឆ្នាំ២០២២ នេះ។ អ្នកជំនាញ បានអះអាងថា ការលេចចេញវត្តមានផលិតផលក្នុងស្រុកច្រើននេះ ដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលធ្វើប្រទេសឱ្យងើបចេញពីវិបត្តិកូវីដ១៩បានយ៉ាងឆាប់រហ័ស និងមួយវិញទៀត កំណើននៃការដាំដុះ និងចិញ្ចឹមសត្វរបស់កសិករ។
ការលេចឡើងវត្តមានផលិតផលក្នុងស្រុក នៅតាមបណ្តាទីផ្សារនានាក្នុងប្រទេសច្រើនជាងមុន នាពេលនេះ ដោយសារគោលនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដែលធ្វើប្រទេសឲ្យងើបចេញពីវិបត្តិកូវីដ១៩បានយ៉ាងឆាប់រហ័ស និងកំណើននៃការដាំដុះ និងចិញ្ចឹមសត្វរបស់កសិករ។ នេះបើតាមការបញ្ជាក់របស់ លោក ពេជ្រ ចាន់ ប្រធានសភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជាសាខាភ្នំពេញ ។
ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជាសាខាភ្នំពេញ ក៏បានរៀបចំវេទិកានិងពិព័រណ៍ប្រចាំឆ្នាំ ផ្តោតលើជំនួយនិងឱកាសវិនិយោគក្នុងវិស័យកសិកម្ម ។
បើតាមលោក ពេជ្រ ចាន់ ថាការរៀបចំវេទិកានិងពិព័រណ៍ប្រចាំឆ្នាំនេះ គឺ មានគោលបំណងប្រមូលផ្តុំម្ចាស់គម្រោងជំនួយ ម្ចាស់ឥណទាន អ្នកវិនិយោគ សហគ្រិន អ្នកផ្គត់ផ្គង់ក្នុងវិស័យកសិកម្ម បានជួបគ្នាទទួលយកព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍន៏ក្នុងវិស័យកសិកម្ម និងអាហារកែច្នៃនៅប្រទេសកម្ពុជា ជាពិសេស ឈ្វេងយល់ពីការត្រៀមខ្លួននិងយុទ្ធសាស្រ្តក្នុងការស្នើសុំជំនួយ ផ្សេងៗអោយបានជោគជ័យតាមរយៈការចែករំលែកបទពិសោជន៏ជាក់ស្តែងរបស់វាគ្មិនផងដែរ។
គួរបញ្ជាក់ថា ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងបន្តកើនឡើង ៤,៥ភាគរយ នៅឆ្នាំ២០២២នេះ។ ជាក់ស្តែងក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ការនាំចេញទំនិញរបស់កម្ពុជា កើនឡើងប្រមាណជា ២៦ភាគរយ បើធៀបទៅនឹងឆ្នាំ២០២១។
ដ្បិតតែសេដ្ឋកិច្ចមានសន្ទុះងើបឡើងវិញ ក៏ពិតមែន ប៉ុន្តែដំណើរស្តារឡើងវិញក៏ជួបបញ្ហានៃតម្រូវការលើទីផ្សារសកល។ វិបត្តិសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ដែលរុញច្រានឲ្យតម្លៃប្រេងសាំង និងអាហារ បន្តឡើងថ្លៃ បានប្រែក្លាយជាបញ្ហាជំរុញឲ្យអតិផរណាកាន់តែមានតម្លៃខ្ពស់ ៕
អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ញិល សុជា