ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥

លោកគ្រូ រូបវិទ្យា ចូលនិវត្តន៍ក្លាយជាតារាអ៊ីនធឺណិត តាមរយៈការធ្វើវីដេអូពិសោធន៍ប្លែកៗ

១៥ សីហា ២០២២ | កម្សាន្ដ

 

គ្រូបង្រៀនចូលនិវត្តន៍វ័យ៦០ឆ្នាំមួយរូប បានក្លាយខ្លួនជាតារាអ៊ីនធឺណិត បន្ទាប់ពីបានបង្ហោះវីដេអូធ្វើការពិសោធន៍ប្លែកៗ ដោយមានវីដេអូមួយចំនួនមានអ្នកចុចទស្សនាដល់រាប់លានដង។


គ្រូបង្រៀនចូលនិវត្តន៍មួយរូបនៅឯក្រុង Changzhou (ឆាងចូវ) ខេត្ត Jiangsu (ជាំងស៊ូ) ប្រទេសចិន កំពុងទទួលបានភាពល្បីល្បាញលើបណ្ដាញសង្គម តាមរយៈការពិសោធន៍ប្លែកៗដែលលោកបានបង្កើតឡើង។

 


វីដេអូមួយចំនួនរបស់គ្រូបង្រៀនមុខវិជ្ជារូបវិទ្យាដែលមានឈ្មោះថា Tang Shouping (ថាង ស៊ូភីង) បានទាក់ទាញចំនួនទស្សនាបានរាប់លានដង ដោយក្នុងនោះមានវីដេអូមួយធ្វើការពិសោធន៍ជាមួយមឹក អាចប្រមូលចំនួនទស្សនាបានជាង ២០លានដង និងមានអ្នកចុច Like មួយលានដង ក្នុងពេលត្រឹមមួយសប្ដាហ៍។

 


មុនពេលក្លាយជាតារាអ៊ីនធឺណិត លោកគ្រូ Tang (ថាង) បានបង្ហោះវីដេអូធ្វើពិសោធន៍តូចៗបង្ហាញដល់ចៅប្រុសរបស់លោក ដែលវីដេអូទាំងនោះក៏ទទួលបានការចុច Like គួរសមផងដែរ។

 


គ្រូបង្រៀនវ័យ៦០ឆ្នាំរូបនេះ តែងតែគិតថាការធ្វើពិសោធន៍ អាចជួយឲ្យសិស្សានុសិស្សយល់កាន់តែងាយស្រួលយល់នូវមុខវិជ្ជារូបវិទ្យា ដូចនេះគាត់បានបន្តធ្វើពិសោធន៍អស់ពេលជាច្រើនឆ្នាំ ហើយបានបង្កើតឧបករណ៍ពិសោធន៍ដោយខ្លួនឯងថែមទៀតផង។ 

 


ដំបូងឡើយ ភរិយារបស់លោកគ្រូ Tang (ថាង) មិនគាំទ្រការធ្វើពិសោធន៍នេះទេ ប៉ុន្តែក្រោយមកភរិយារបស់លោកបានប្ដូរចិត្តបន្តិចម្ដងៗ បន្ទាប់ពីបានឃើញចំណង់ចំណូលចិត្តដ៏ធំធេងរបស់លោកគ្រូ Tang (ថាង) និងបានឃើញការគាំទ្រពីទស្សនិកជនលើអ៊ីនធឺណិត៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025