ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥
តារាល្បីៗអន្តរជាតិជាច្រើនរូបបានបរិច្ចាគប្រាក់ម្នាក់រាប់ម៉ឺនដុល្លារដើម្បីចូលរួមពិធីជប់លៀងសប្បុរសធម៌គាំទ្រការស្រាវជ្រាវជំងឺអេដស៍ amfAR នៅក្នុងកំឡុងកម្មវិធីមហោស្រពភាពយន្តទីក្រុងកាន។
តារាសម្ដែង អ្នកដឹកនាំរឿង និងតារាចម្រៀងល្បីៗជាច្រើនរូបបានបង្ហាញវត្តមានចូលរួមកម្មវិធីជប់លៀងសប្បុរសធម៌មួយនៅឯសណ្ឋាគារ Du Cap-Eden-Roc ដែលស្ថិតនៅក្បែរទីតាំងប្រារព្ធមហោស្រពភាពយន្តទីក្រុងកាន កាលពីថ្ងៃទី២២ ខែឧសភា។
ជាមួយសំបុត្រចូលរួមមានតម្លៃចាប់ពី ២៥០០០ ដុល្លារឡើងទៅ កម្មវិធីអាហារពេលល្ងាចសប្បុរសធម៌មានឈ្មោះថា amfAR តែងតែប្រមូលផ្ដុំសិល្បករជាច្រើនដែលបានចូលរួមកម្មវិធីមហោស្រពទីក្រុងកាន មកចូលរួមបរិច្ចាគប្រាក់ដើម្បីទ្រទ្រង់ដល់ការស្រាវជ្រាវពាក់ព័ន្ធជំងឺអេដស៍និងមេរោគអេដ៍ HIV។
អ្នករៀបចំកម្មវិធីបាននិយាយថា ចាប់តាំងពីចាប់ផ្ដើមប្រារព្ធឡើងក្នុងឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ កម្មវិធីបានរៃអង្គាសប្រាក់បានជិត ៣០០ លានដុល្លារសម្រាប់កម្មវិធីស្រាវជ្រាវពាក់ព័ន្ធជំងឺនេះ។
ខណៈចូលរួមកម្មវិធីនេះ តារាល្បីៗមានដូចជាតួសម្តែងរឿង "Sing Sing" លោក Colman Domingo តារាសម្តែងស្រី Taraji P. Henson និងតួរឿង "Fast and Furious" Michelle Rodriguez ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីផែនការកាត់បន្ថយបុគ្គលិក និងថវិការបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ការស្រាវជ្រាវ និងការការពារជំងឺអេដស៍នៅជុំវិញពិភពលោក។
តារាសម្ដែង Rodriguez បាននិយាយនៅលើកម្រាលព្រំក្រហមមុនចូលរួមអាហារពេលល្ងាចថា ការកាត់បន្ថយធនធានជាច្រើននាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកបានប៉ះពាល់ដល់សហគមន៍ការពារជំងឺអេដស៍យ៉ាងខ្លាំង។
ទីភ្នាក់ងារជំងឺអេដស៍របស់អង្គការសហប្រជាជាតិបានព្រមានកាលពីខែមីនាថា ក្នុងមួយថ្ងៃៗអាចមានការឆ្លងមេរោគអេដស៍ថ្មីលើមនុស្សចំនួន ២០០០ នាក់នៅទូទាំងពិភពលោក ហើយនឹងអត្រាស្លាប់ដោយសារជំងឺនេះនឹងកើនឡើងដប់ដង ប្រសិនបើមូលនិធិដែលបង្កកដោយសហរដ្ឋអាមេរិកមិនត្រូវបានស្តារ ឬជំនួសមកវិញ ៕
ប្រែសម្រួល៖ វ៉ាន់ថន