ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥
ទីបំផុតកន្លែងម្សាន្តដែលសិល្បករសិល្បការីនីនៅក្នុងផលិតកម្ម ដាវីត្រា តែងតែថតរូបស្អាតៗ បង្ហាញទស្សនិកជននាពេលកន្លងមក បានដាក់សម្ពោធឱ្យចូលទស្សនាជាផ្លូវការហើយកាលពីប៉ុន្មានថ្ងៃមុន ។
ស្របពេលសាងសង់ស្ទូឌីយោថតសម្លេងដ៏ធំត្រូវតាមស្តងដាអន្តរជាតិរួច ស្រាប់តែថៅកែផលិតកម្ម ដាវីត្រា លោកស្រី ច័ន្ទ ដាវី បានបង្ហាញកន្លែងកម្សាន្តដ៏ទាក់ទាញថ្មីមួយដែលមានឈ្មោះថា « កោះស្លាកែតស្ទូឌីយោ » កន្លងមកមានសិល្បករសិល្បការីនីជាច្រើននៅក្នុងផលិតកម្ម ដាវីត្រា ឧស្សាហ៍ថតនៅទីនោះខ្លាំងបំផុត ជាក់ស្តែងកាពីថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២២ កន្លងចុងនេះ ថៅកែផលិតកម្មចម្រៀងរូបនេះបានរៀបចំបើកសម្ពោធកន្លែងកម្សាន្តលក្ខណៈស្តង់ដាថ្មីមួយប្លែកពីគេ ។
ជុំវិញនៃការបើកកន្លែងកម្សាន្តដែលមានឈ្មោះថា « កោះស្លាកែតស្ទូឌីយោ » នេះ ត្រូវបានលោកស្រី ច័ន្ទ ដាវី បញ្ជាក់ប្រាប់ថា ការដែលលោកស្រីនិងគ្រួសារបើកកន្លែងកម្សាន្តនេះឡើងគឺជារឿងចៃដន្យ បំផុត ។
« កោះស្លាកែតស្ទូឌីយោ » ជាកន្លែងកម្សាន្តថ្មីមួយដែលទើបតែរៀបចំបានប្រមាណជាង ២០ ភាគរយប៉ុណ្ណោះ ប៉ុន្តែទីនេះទទួលបានការចាប់អារម្មណ៍ពីសំណាក់ទស្សនិកជនក្រោយពីឃើញសិល្បករសិល្បការីនីជាច្រើនទៅថតរូបស្អាតនៅទីនេះតាមរយៈ MV ចម្រៀងនៅក្នុងផលិតកម្ម ដាវីត្រា រហូតធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍និងចង់ទៅទស្សនាជាក់ស្តែងក្នុងថ្ងៃសម្ពោធឱ្យចូលទស្សនាជាផ្លូវការ ឃើញបងប្អូន ខ្មែរ ជាច្រើនទៅទស្សនា ។ លោកស្រី ច័ន្ទ ដាវី បានបន្ថែមទៀតថា កន្លែងនេះគឺប្លែកពីគេដែលមិនធ្លាប់មានពីមុនមក ។
គួរបញ្ជាក់ផងដែរថា « កោះស្លាកែតស្ទូឌីយោ » ជាកន្លែងសម្រាកកម្សាន្ត លំហែកាយដែលរំលេចទៅដោយវប្បធម៌និងធម្មជាតិសម្រាប់អ្នកធ្វើដំណើរកម្សាន្តវិលល្ងាច ដែលស្ថិតនៅតាមផ្លូវជាតិលេខ ១ ក្នុងភូមិដីឥដ្ឋកោះផុស ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលមានចំងាយត្រឹម ៣គីឡូម៉ែត្រពី កៀនស្វាយក្រៅ ។ នៅទីនោះមានហាងកាហ្វេប្រេន ដែលមានទីធ្លាធំទូលាយភ្ជាប់គ្នានិងអាងហែលទឹកទំនើបនិងមានផ្ទះលំហែដែលសាងសង់បែបរចនាបថខ្មែរ ។
អ្វីដែលពិសេសបំផុតនោះគឺយើងបានសាងសង់ផ្ទះខ្មែរដ៍ប្រណិតមួយតាមរចនាបថខ្មែរទាំងស្រុងទាំងក្នុងនិងខាងក្រៅហើយដែលបានដាក់ឈ្មោះថា ភូមិគ្រឹះល្វែងច័ន្ទ ជាទីកន្លែងសំរាប់រៀបចំពិធីប្រពៃណីផ្សេងៗ ហើយដែលសក្ដិសមជាពិសេសជាមួយនឹងកម្មវិធីថតរូបមង្គលការនិងឈុតសំលៀកបំពាក់ប្រពៃណីបុរាណខ្មែរ ។ក្រៅពីនោះ កោះស្លាកែតស្ទូឌីយោ មានទេសភាពដ៍សែនមនោរម្យប្លែកជាលក្ខណៈស្រុកចំការដែលអមដោយដើមឈើរុក្ខជាតិតូចធំជីវៈចំរុះតាមដងអូរ ស្រះឈូក និងបឹងដ៍ធំដែលអាចអុំទូកលេងកម្សាន្តបានយ៉ាងសប្បាយ ៕
អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា