ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ២០២៥
ប៊ីចេងសញ្ញារូបវែក ដែលបានក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ត្រូវបានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃស្នងការដ្ឋាននគរខេត្តសៀមរាប ឆែកឆេរ ត្រួតពិនិត្យ និងដកហូតបាន ចំនួន ១៨តោន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។ ប៊ីចេងទាំង ១៨តោននេះ ត្រូវបានយកមកដុតបំផ្លាញចោល កាលព្រឹកថ្ងៃទី២៨ ខែកក្កដានេះ។
ពិធីដុតបំផ្លាញចោលនូវប៊ីចេង សញ្ញារូបវែក ទាំង ១៨តោននេះ បានធ្វើឡើង នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមវត្តមានរបស់លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកព្រះរាជអាជ្ញារង ស្នងការរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរស្រុក កម្លាំងនគរបាលការិយាល័យប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងអធិការនគរបាលស្រុក និងនគរបាលប៉ុស្តិ៍រដ្ឋបាល មន្ត្រីរាជការផងដែរ។
លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុលេខាធិការដ្ឋាន បានឲ្យដឹងថា វត្ថុតាងទាំងនេះ គឺជាបទល្មើស ក្នុងការក្លែងបន្លំពាណិជ្ជសញ្ញា និងក្លែងផលិតផលទំនិញ ដោយបានរំលោភទៅលើសិទ្ធបញ្ញាក្រុមហ៊ុន ដែលបានចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ។ វត្ថុតាងទាំងនេះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បានដកហូត កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើមី្បរង់ចាំការសម្រេចពីតុលាការ ដើម្បីដុតបំផ្លាញចោល។
ចំពោះបុគ្គលសង័្សយ ក៏ត្រូវបានចាប់បញ្ជូនទៅតុលាការសាលាដំបូង ផងដែរ។ ចំណែកលោក ប៉ុន តារា ព្រះរាជអាជ្ញារង នៃតុលាការ សាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថា ចំពោះករណីនេះ បុគ្គលម្ចាស់ផលិតផលប៊ីចេងក្លែងក្លាយនេះ ត្រូវបានតុលាការសាលាដំបូងខេត្តសៀមរាប ចេញសាលក្រម ដាក់ពន្ធនាគាររយៈពេល ១ឆ្នាំ៕
អត្ថបទ និងរូបភាព៖ ឡៃ លី