ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥

សត្វប្រើសអម្បូរព្ជែដេវីដដល់រដូវកាលបង្កាត់ពូជសម្រាប់ឆ្នាំនេះនៅក្នុងសួនអភិរក្សសត្វព្រៃប្រទេសចិន

១១ កក្កដា ២០២២ | ព័ត៌មានអន្តរជាតិ

សត្វប្រើសអម្បូរព្ជែដេវីដ(Père David) ដែលគេច្រើនស្គាល់ថាសត្វប្រើសមីលូ(milu) ចាប់ផ្ដើមដល់ខែដែលត្រូវបន្តពូជ។ ទៅតាមក្រឹត្យក្រមធម្មជាតិ ពួកសត្វប្រើសប្រភេទនេះក៏ដូចជាសត្វ១ចំនួនទៀតត្រូវប្រកួតគ្នាសិនរវាងឈ្មោល និងឈ្មោល។ សត្វដែលប្រកួតឈ្នះអាចបន្តពូជជាមួយសត្វញី។ រីឯសត្វឈ្មោលដែលចាញ់ត្រូវរង់ចាំរហូតដល់រដូវកាលថ្មីនៃឆ្នាំបន្ទាប់។

 

 

 

 

 

សត្វប្រើសព្ជែដេវីដមានដើមកំណើតនៅតាមដងទន្លេប្រទេសចិន។ ជាធម្មតា រដូវកាលបង្កាត់ពូជរបស់សត្វប្រើសព្ជែដេវីដច្រើនចាប់ផ្ដើមនៅចុងខែឧសភា ឬដើមខែមិថុនា។ ប៉ុន្តែនៅក្នុងឆ្នាំនេះ ដោយសារតែការប្រែប្រួលអាកាសធាតុធ្វើឲ្យរដូវកាលបង្កាត់ពូជរាងយឺតជាងរាល់ដង ហើយអាចធ្វើឲ្យការប្រកួតគ្នារឹតតែមានភាពស្វិតស្វាញខ្លាំងដោយសារនៅតំបន់អភិរក្សនេះមានសត្វព្រៃកាន់តែច្រើន។

 

ឥឡូវនេះ គេសង្កេតឃើញថាសត្វប្រើសនៅទីនេះបានកើនឡើងដល់ជាង៤ពាន់ក្បាល ដោយបំបែកមួយក្រុមៗមានគ្នាពីហាសិបក្បាលទៅហុកសិបក្បាល។ នៅក្នុងក្រុមនីមួយៗ មានតែសត្វប្រើសឈ្មោល១ក្បាលគត់ដែលមានសិទ្ធិប្រកួតដើម្បីបន្តពូជ ព្រោះវាធំពេញរូបពេញរាង ដល់ពេលដែលត្រូវបន្តពូជ។ ជានិច្ចកាលប្រើសនៅក្នុងវ័យនេះមានទម្ងន់២៥០គីឡូក្រាម និងដុះស្នែង១គូប្រវែង២ម៉ែត្រ។

 

ប៉ុន្តែវានឹងស្រកទម្ងន់អស់សាមសិបគីឡូក្រាម នៅពេលដែលរដូវកាលបន្តពូជរយៈពេលបីខែត្រូវបិទបញ្ចប់ទៅវិញនៅក្នុងខែកញ្ញា។ សត្វប្រើសអម្បូរព្ជែដេវីដ ឬមីលូនៅក្នុងតំបន់អភិរក្សសត្វនៃប្រទេសចិនទាំងជាង៤ពាន់ក្បាលនេះមានចំនួនជាង៦០%នៃប្រើសនេះសរុបទូទាំងពិភពលោក។ អង្គការអន្តរជាតិចាត់ទុកប្រើសនេះជាសត្វកម្រ។

 

 

 

 

 

នៅក្នុងតំបន់អភិរក្សនេះ គេឃើញសត្វប្រើសឈ្មោល១គូៗយកស្នែងជល់គ្នាជាលក្ខណៈប្រកួតដណ្ដើមសត្វប្រើសញីដែលឈរនៅក្បែរនោះ ដើម្បីធ្វើជាសាក្សី និងជួយដឹងឮថាអ្នកណាឈ្នះ អ្នកណាចាញ់។

 

សត្វប្រើសឈ្មោលដែលប្រកួតឈ្នះនឹងបង្ហាញកាយវិការដូចជាយកស្នែងរបស់វាទៅត្រដុសនឹងស្មៅ ឬរមៀលខ្លួនទៅលើភក់ឲ្យប្រឡាក់ភក់ពេញខ្លួនដើម្បីជាសក្ខីភាពបង្ហាញថារូបគេជាអ្នកមានសិទ្ធិបង្កកំណើតជាមួយសត្វប្រើសញី។

 

សត្វដែលឈ្នះនេះក៏មានសិទ្ធិដេញសត្វប្រើសឈ្មោលដទៃទៀតឲ្យចេញទៅឆ្ងាយពីតំបន់របស់វា។ បើមិនអីចឹងទេ ប្រើសដទៃចេះតែមកក្រវែលៗនៅម្ដុំហ្នឹង ដែលរំខានដល់សេចក្ដីសុខរបស់វា។ ខាងលើនេះជាការអះអាងរបស់មន្ត្រីទទួលបន្ទុកខាងអភិរក្សសត្វ៕

 

 

 


 

 

 

ប្រែសម្រួល៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025