ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា បានខាតបង់ទៅលើតម្លៃអគ្គិសនីជាង ១០០លានដុល្លារ ក្រោយរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន

០៦ កក្កដា ២០២២ | សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ស្នើអោយពលរដ្ឋនិងគ្រប់ស្ថាប័នទាំងអស់ សន្សំសំចៃការប្រើប្រាស់អគ្គីសនីតាមដែលអាចធ្វើបាន ខណៈកម្ពុជាបាននិងកំពុងខាតបង់ទៅលើតម្លៃអគ្គិសនីជាង ១០០លានដុល្លារ ក្រោយរងផលប៉ះពាល់ពីវិបត្តិសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ដែលបានធ្វើឲ្យតម្លៃថាមពល ឥន្ទនៈ ឧស្ម័ន និងអគ្គិសនីឡើងថ្លៃខ្ពស់។

 


ក្នុងពិធីសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) នាព្រឹកមិញនេះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការ សង្កត់ធ្ងន់ថា ដោយសារតែវិបត្តិសង្គ្រាមរង្ស៊ី និងអ៊ុយក្រែន បានធ្វើអោយប៉ះពាល់ តម្លៃឥន្ទនៈ ឧស្ម័ន អគ្គីសនី និងវិបត្តិថាមពលបានកើនឡើងខ្ពស់ ដែលធ្វើអោយកម្ពុជា ក៏បានរងនូវពលប៉ះពាល់ទាំងនេះផងដែរ ។

 

 

សម្តេចបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានខិតខំទប់ស្កាត់ការឡើងថ្លៃនៃអគ្គីសនី សម្រួលដល់ការងារអាជីវកម្ម និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការចេញថ្លៃខាតបង់ទៅដល់អគ្គីសនីកម្ពុជា ដែលគិតជា ទឹកប្រាក់រហូតដល់ជាង១០០លានដុល្លាររួចទៅហើយ។

 


នៅក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏នៅតែបន្តអំពាវនាវអោយពលរដ្ឋ និងស្ថាប័នទាំងអស់ ផ្តើមចេញពីស្ថាប័នរដ្ឋមុនគេ ឲ្យចូលរួមសន្សំសំចៃការប្រើប្រាស់អគ្គីសនីតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្ថានការណ៍ជាសកលនៃវបត្តិថាមពល ដែលកំពុងរងពលប៉ះពាល់ដោយសារតែសង្គ្រាមរុស្ស៊ី អ៊ុយក្រែន។

 


គួរបញ្ជាក់ថា បើយើងមើលពីរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២១កន្លងទៅ កម្ពុជាទទួលបានទុនវិនិយោគសរុបលើវិស័យអគ្គិសនីប្រមាណ ១ ៦០០ លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគដោយអគ្គិសនីកម្ពុជាមានទឹកប្រាក់ ៦០០លានដុល្លារអាមេរិក និងការវិនិយោគដោយវិស័យឯកជនមានទឹកប្រាក់ចំនួន ១០០០ លានដុល្លារអាមេរិក៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024