ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សហគ្រាសចំនួន ១៧ ទទួលបានកញ្ចប់វិនិយោគពីកម្មវិធីអង្គការសហប្រជាជាតិ ដើម្បីលើកស្ទួយផលិតផលជលផល

០៦ កក្កដា ២០២២ | ព័ត៌មានជាតិ


ថវិកាចំនួន ៥០ម៉ឺនដុល្លារ ត្រូវបានប្រគល់ជាកញ្ចប់វិនិយោគដល់សហគ្រាសចំនួន ១៧ នៅកម្ពុជា ដើម្បីលើកកម្ពស់ការកែច្នៃចំណីអាហារ ឱ្យស្របតាមស្តង់ដារអន្តរជាតិ និងអាចក្លាយជាអាហារមានសុវត្ថិភាព សម្រាប់ប្រជាជនកម្ពុជា។ 

 

 

នៅព្រឹកថ្ងៃទី ៥កក្កដានេះ អង្គការយូនីដូ សហការជាមួយរដ្ឋបាលជលផលនៃ ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំ ពិធីប្រគល់កញ្ចប់វិនិយោគកម្មវិធី VCIS ដល់សហគ្រាសជលផលក្រោយប្រមូលផល នៅឯសណ្ឋាគារ Hyatt Regency ភ្នំពេញ និងមានការចូលរួមពីសំណាក់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងម្ចាស់សហគ្រាសទាំង ១៧ និងភ្ញៀវកិត្តិយសជាច្រើនផ្សេងទៀត។ 

 

 

ទន្ទឹមនឹងការប្រគល់កញ្ចប់វិនិយោគនេះដែរ ម្ចាស់សហគ្រាសនីមួយៗសម្តែងការសប្បាយរីករាយ ដែលទទួលបានឱកាសវិនិយោគបន្ថែមទៀតទៅលើផលិតផលរបស់ពួកគេ ឱ្យកាន់តែមានទីផ្សារ ស្របតាមស្តង់ដារ និងត្រូវបានគេស្គាល់កាន់តែច្រើន។ លោក លាង ឡេង ម្ចាស់សហគ្រាស លាង ឡេង ដែលមានផលិតទឹកត្រី ទឹកស៊ីអ៊ីវ និងទឹកម្ទេសជាដើម បានសម្តែងអារម្មណ៍សប្បាយរីករាយដែលទទួលបានកញ្ចប់វិនិយោគពីគម្រោង CAPFISH របស់ UNIDO ដែលបានដើរតួនាទីជួយលើកស្ទួយផលិតផលខ្មែរ តាមរយៈការគាំទ្រផ្នែកឧបករណ៍ និងបច្ចេកទេសជាដើម។ 

 

 

ចំណែកលោក យន់ សំណាង ម្ចាស់សិប្បកម្ម សំណាង សុធា ដែលមានកែច្នៃផលិតផលពីត្រីជាច្រើន បានលើកឡើងដែរថា តាមរយៈកញ្ចប់វិនិយោគនេះ លោកនឹងយកទៅកែប្រែសិប្បកម្មរបស់លោកបន្ថែមទៀត ដើម្បីកុំឱ្យមានខ្វះចន្លោះណាមួយ។ ម្ចាស់សហគ្រាសដែលទទួលបានកញ្ចប់វិនិយោគពីគម្រោងនេះ បានប្តេជ្ញារថានឹងនាំគ្នាអនុវត្តនូវគម្រោងមួយនេះឱ្យបានជោគជ័យ ដើម្បីលើកស្ទួយផលិតផលក្នុងស្រុកឱ្យកាន់តែមានភាពសំបូរបែប ដែលនឹងអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អាហារសុវត្ថិភាពបាននៅកម្ពុជានាពេលអនាគត។ 

 

 

 

កញ្ចប់វិនិយោគដែលប្រគល់ជូនម្ចាស់សហគ្រាសចំនួន ១៧ នេះ មានចំនួនទឹកប្រាក់ ៥០ម៉ឺនដុល្លារអាមេរិក ដែលស្ថិតនៅក្រោមគម្រោង CAPFish ដែលជាគម្រោងដ៏ធំមួយ ទទួលថវិការគាំទ្រពីសហគមន៍អ៊ឺរុប និងអនុវត្តដោយអង្គការ UNIDO ដែលកំពុងផ្តល់ជំនួយបច្ចេកទេស ដើម្បីលើកកម្ពស់សមត្ថភាពបច្ចេកទេស និងនិរន្តរភាពសេវាកម្ម ព្រមទាំងប្រព័ន្ធត្រួតពិនិត្យផ្លូវការផ្នែកសុវត្ថិភាពចំណីអាហាររបស់អាជ្ញាធរមានសមត្ថកិច្ច លើកស្ទួយគុណភាពផលិតផលក្នុងស្រុកឱ្យស្របតាមស្តង់ដារអន្តរជាតិ និងតម្រូវការទីផ្សារ ពង្រឹងការប្រកួតប្រជែងរបស់ធុរកិច្ចជលផលក្រោយប្រមូលផល តាមរយៈនវានុវត្តន៍ និងការស្រាវជ្រាវ អភិវឌ្ឍន៍ផលិតផល។ 

 

 

លើសពីនេះ UNIDO ក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតប្រព័ន្ធចំណីអាហារឱ្យកាន់តែប្រសើរឡើង និងការកែលម្អខ្សែច្រវ៉ាក់ផ្គត់ផ្គង់ចំណីអាហារ ដើម្បីអាចការពារពីជំងឺឆ្លង និងសារជាតិពុល ភ្នាក់ងារបង្ករមេរោគ សំណល់គីមី ជីវជាតិពុល និងសារធាតុគ្រោះថ្នាក់ផ្សេងៗទៀតដែលមាននៅក្នុងចំណីអាហារ៕
 

 

 

អត្ថបទ៖ អ៊ីសា ហាសាណះ  រូបភាព៖ និន សុខលី  

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024