ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីប្រភេទអាជីវកម្ម ដែលមិនជាប់កាតព្វកិច្ចចុះបញ្ចីអាជីវកម្មអនឡាញ

២៩ មិថុនា ២០២២ | សេដ្ឋកិច្ច

 

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ពីប្រភេទអាជីវកម្មលក់ដូរទំនិញ និងផ្តល់សេវាកម្មអនឡាញ៦ប្រភេទ ដែលមិនជាប់កាតព្វកិច្ចចុះបញ្ចីអាជីវកម្មអនឡាញ ខណៈការអនុវត្តការផាកពិន័យ នឹងចាប់ផ្ដើមចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះតទៅ។


ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យPNN ដឹងថា សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេស ដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រសួងពាណិជ្ជកម្ម ដើម្បីក្លាយជាអាជីវកម្មស្របច្បាប់ក្នុងប្រទេសកម្ពុជា។

 

 

ចំពោះអាជីវកម្ម ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះ នឹងត្រូវទទួលការផាកពិន័យជាប្រាក់១០លានរៀល ឬត្រូវបញ្ឈប់អាជីវកម្ម និងអាចមាន ការផ្តន្ទាទោសដូចមានចែងក្នុងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។ឯកឧត្តមបានគូសបញ្ជាក់ថា ទន្ទឹមនឹងការតម្រូវអោយអាជីវកម្មអនឡាញត្រូវតែចុះបញ្ជីដំណើរការអាជីវកម្មនោះ ក្រសួងក៏បានពិនិត្យមើលពីប្រភេទអាជីវកម្មមួយចំនួនដែលមិនតម្រូវអោយដាក់ពាក្យស្នើសុំចុះបញ្ជីនោះទេ ដោយអាជីវកម្មតាមអនឡាញ ដែលត្រូវបានលើកលែង។

 


សម្រាប់ការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មអេឡិចត្រូនិក ក្រុមហ៊ុន សហគ្រាស ឬអ្នករកស៊ីតាមអនឡាញទាំងអស់ អាចដាក់ពាក្យស្នើសុំនៅនាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម ឬអាចចូលទៅកាន់គេហទំព័ររបស់ក្រសួងពាណិជ្ជកម្មដើម្បីស្វែងរកការស្នើសុំតាមអនឡាញ។ ដោយតម្លៃសេវានៃការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណវិញ មានតម្លៃ ២០ម៉ឺនរៀលសម្រាប់រូបវន្តបុគ្គល និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែលមានសុពលភាពរយៈពេល២ឆ្នាំ។

 


គួរបញ្ជាក់ដែរថា បើមើលពីរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានប្រកាសថា នៅក្នុងរយៈពេល ២ឆ្នាំពេញនេះ ក្រុមហ៊ុនចំនួន ១ម៉ឺន ៤ពាន់ បានចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងទទួលបានការអនុម័ត ដែលមានទំហំទឹកប្រាក់ជាង ៤ពាន់ ៦រយលានដុល្លារអាមេរិក ខណៈអ្នកជំនាញសេដ្ឋកិច្ច អះអាងថា ចំនួននេះ ហាក់នៅទាបនៅឡើយ ធៀបនឹងចំនួនអាជីវកម្ម ដែលកំពុងរកស៊ីនៅកម្ពុជា៕

 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព៖ ឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024