ថ្ងៃអង្គារ៍ ទី០៧ ខែតុលា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០៧ ខែតុលា ឆ្នាំ២០២៥
ថវិកាចំនួន១៧៦៧ដុល្លារអាមេរិក និង១៣៥,៣៥០០រៀល ត្រូវបានក្រុមបាល់ទាត់ស្ម័គ្រចិត្ត Cambodian Fan Club All Stars និងយុវជនភូមិខ្ទរយកទៅប្រគលដល់ដៃកុមារី ស៊ាន ស្រីនិច ដែលមានជំងឺហើមជើងរាំរ៉ៃតាំងពីកំណើត និងឆ្លងកាត់ការវះកាត់នៅមន្ទីរពេទ្យកុមារជាតិ។
ពិធីប្រគល់នេះធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា បន្ទាប់ពីប្រមូលបានថវិកាពីការប្រកួតលក្ខណៈមិត្តភាពសប្បុរសធម៌រវាងក្រុមទាំងពីរខាងលើកាលព្រឹកថ្ងៃអាទិត្យ ទី១៤ ខែមិថុនា នាកីឡដ្ឋានខេមរភូមិន្ទ។
លោក អៃ សំអូន តំណាងក្រុម Cambodian Fan Club All Stars រៀបរាប់ពីចំណាប់អារម្មណ៍បែបនេះ៖ “យើងមានអារម្មណ៍អាណិតអាសូរប្អូនស្រីខ្លាំងមែនទែនដែលត្រូវកាត់ជើងចេញ។ ពួកយើងទាំងអស់គ្នាបានបង្កើតកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌ដើម្បីជួយប្អូនស្រីដែលមានជីវភាពក្រីក្រ។ ចំពោះថវិកាដែលយើងប្រមូលបាននេះ ទោះមិនច្រើនដល់ថ្នាក់រ៉ាប់រងប្អូនស្រីទាំងស្រុងបានមែន តែក៏ជួយសម្រាលបន្ទុកបានខ្លះដែរ ហើយប្រសិនបើសប្បុរសជនចង់ចូលរួមជួយដល់ប្អូនស្រី អាចទាក់ទងអាណាព្យាបាលប្អូនបាន។ ខ្ញុំសូមអរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយប្អូនស្រី”។
ចំណែកលោក សុខ ធូ ឪពុកកុមារី ស៊ាន ស្រីនិច្ច បានថ្លែងអំណរគុណដល់សប្បុរសជននានាសម្រាប់ការចូលរួមជួយកូនស្រីលោក និងមន្ទីរពេទ្យកុមារជាតិដែលបានយកចិត្តទុកដាក់ព្យាបាល មើលថែយ៉ាងដិតដល់។
“ខ្ញុំបាទសូមថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានចំណាយថវិកាផ្ទាល់ខ្លួនជួយកូនស្រីរបស់ខ្ញុំ។ ខ្ញុំក៏សូមអរគុណដល់មន្ទីរពេទ្យកុមារជាតិដែលបានព្យាបាល និងមើលថែកូនស្រីខ្ញុំយ៉ាងយកចិត្តទុកដាក់។ សូមឲ្យពួកគាត់មានសំណាងល្អ សុខភាពល្អទាំងអស់គ្នា”។
ជាមួយគ្នានេះ លោក កូយ សុភា នាយកសាលាអន្តរជាតិមួយកន្លែងនៅស្រុកទ្រាំង ខេត្តតាកែវដែលបានផ្សព្វផ្សាយពីការលំបាករបស់កុមារី ស៊ាន ស្រីនិច្ច ក៏រៀបរាប់ពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនផងដែរ។
“ខ្ញុំបានស្គាល់កុមារី ស៊ាន ស្រីនិច្ច មួយឆ្នាំកន្លះមកហើយ ហើយបានឃើញពីជំងឺរបស់ប្អូន។ ប្អូនបានឲ្យខ្ញុំជួយជូនទៅមន្ទីរពេទ្យ ហើយខ្ញុំក៏ទៅមន្ទីរពេទ្យតាកែវ។ ខាងក្រុមគ្រូពេទ្យបានណែនាំឲ្យខ្ញុំជូនមកមន្ទីរពេទ្យកុមារជាតិយើងហ្នឹង”។
គួរដឹងដែរថា កុមារី ស៊ាន ស្រីនិច្ច អាយុ ១៣ឆ្នាំ មានកំណើតក្នុងគ្រួសារក្រីក្រមួយ នៅស្រុកទ្រាំង ខេត្ដតាកែវ និងបានរងគ្រោះដោយជំងឺជើងហើមតាំងពីកំណើតមកម្ល៉េះ៕
អត្ថបទ និងរូបភាព ៖ សុវណ្ណ