ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ដើម្បីជាការទាក់ទាញអតិថិជន និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា លោក បឿន ចំរើន ស្ថាបនិកបាយវត្ត និងជាម្ចាស់ហាងកាហ្វេ Frank Coffee នៅរាជធានីភ្នំពេញ បានប្រើប្រាស់ស្លឹកឈូក វេចខ្ចប់ម្ហូបអាហារ ជូនអតិថិជន ជំនួសប្រើប្រាស់ប្លាស្ទិក។ ការប្រើប្រាស់ស្លឹកឈូក សម្រាប់វេចខ្ចប់ម្ហូបអាហារនេះ ក៏បានទាក់ទាញអតិថិជនផងដែរ។
ផ្ដើមចេញពីអាជីវកម្មកាហ្វេតូចមួយ លោក បឿន ចំរើន បានក្លាយជាស្ថាបនិក Frank Coffee និងបាយវត្តមួយកន្លែង ដែលស្ថិតនៅក្នុងវត្តស្វាយពពែ និងពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជានៃរាជធានីភ្នំពេញ។ ក្នុងវ័យ ៤១ឆ្នាំ លោក បឿន ចំរើន បានឱ្យទូរទស្សន៍ PNN ដឹងថា រយៈពេលជាង ៦ឆ្នាំមកនេះ លោកបានចូលរួមចំណែកមួយដ៏សំខាន់ ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជាតាមរយៈការប្រើប្រាស់ស្លឹកឈូកខ្ចប់ម្ហូបអាហារជូនអតិថិជន ។
លោក បឿន ចំរើន ៖« ដូច្នេះដើម្បីសន្សំពេលវេលាយើង ក៏បានសម្រេចចិត្តរៀបចំជាបាយឡើង ដើម្បីសន្សំពេល និងបំពេញតម្រូវការបស់ពួកគាត់ ចឹងយើងចាប់ ផ្ដើមធ្វើបាយ ក៏ប៉ុន្ដែកាលនោះ យើងបានរៀបចំលក់បាយនឹងគឺ ជាលក្ខណៈតូចតាចនៅឡើយទេ មានន័យថា ពេលនឹងយើងធ្វើ[លក់] បានត្រឹមតែ ១០ទៅ២០ចាន ក្នុងមួយពេលៗ។ នៅពេលហ្នឹង ខ្ញុំចាប់ផ្ដើមគិតថា បើសិនជាយើងធ្វើ ដដែលៗ មិនមានជាការទាក់ទាញចំណាប់ អារម្មណ៍អតិថិជន របស់យើងទេ ព្រោះខ្ញុំគិតថា ភាព ដដែលវាហាក់ដូចជា អត់មានអីអស្ចារ្យ ចឹងទេខ្ញុំនិងភរិយា ពិសេសភរិយាខ្ញុំតែម្ដង ខ្ញុំគិតថា យើងគិត ត្រឡប់ទៅអតីតកាលបន្ថិច បានន័យថា កាលពីអតីតកាល យើងញ៉ាំបាយដាក់ស្លឹកឈូកធ្វើជាចាន ចឹងយើងសាកដាក់មើលសិនហើយចាំមើល អតិថិជនរបស់យើងមានប្រតិកម្មយ៉ាងម៉េច?» ។
ជាពលរដ្ឋមួយរូប ដែលមានស្រុកកំណើតនៅទីក្រុងព្រះសីហនុ ហើយមករស់នៅ និងបន្ដការសិក្សានៅរាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៩៩ លោក បឿន ចំរើន បានឱ្យដឹងបន្ថែមថា នៅពេលលោក និងភរិយា សម្រេចចិត្ដប្រើប្រាស់ស្លឹកឈូកជំនួសឲ្យការប្រើប្រាស់ប្លាស្ទិកក្នុងការវេចខ្ចប់ម្ហូបអាហារ លោកក៏ទទួល បានការគាំទ្រកាន់តែច្រើន។
លោក បឿន ចំរើន៖«ចឹងនៅពេលយើងយកស្លឹកឈូកមកក្រាល ហើយយើងចាប់ផ្ដើមមានម្ហូបតែ២ ទៅ៣មុខតែប៉ុណ្ណោះកាលហ្នឹង ដែលពេលនោះ មានដូចជា គោងៀត ត្រីងៀត អីជាដើម។ ក៏ប៉ុន្ដែ វាហាក់មានសន្ទុះការចាប់អារម្មណ៍ខ្លាំងពីអតិថិជនដែលគាត់បានឃើញក្នុងផេករបស់យើង គាត់បាន ឃើញនៅតាមកញ្ចក់ទូរទស្សន៍ ឬក៏វេបសាយផ្សេងៗ ដែលបានចូលរួមចំណែកលើកស្ទួយនូវហាងFrank កាហ្វេរបស់យើង យើងក៏ចាប់ផ្ដើម ពង្រីកនូវទំហំនៃការលក់ ហើយយើងឃើញថា ការលក់ របស់យើងកាន់តែច្រើនឡើង»។
ប្ដូរពីការជំរុញលើកទឹកចិត្ត និងការទទួលបានការគាំទ្រពីអតិថិជន ស្ថាបនិកហាងបាយវត្ត និង Frank Coffee ក្នុងវត្តស្វាយពពែ ហាក់មានសន្ទុះជំរុញចិត្ដបន្ដការប្រើប្រាស់ស្លឹកឈូកវេចខ្ចប់ម្ហូបអាហារ ជូនអតិថិជនដែលតែងតែគាំទ្រដល់ហាងរបស់ខ្លួន។
ទាក់ទិនរឿងនេះដែរ លោក សួង គឹម សេង ពលរដ្ឋមួយរស់នៅរាជធានីភ្នំពេញ បានបង្ហាញការគាំទ្រដល់ការសម្រេចចិត្តរបស់លោក បឿនចំរើន ដែលបានប្រើប្រាស់ស្លឹកឈូកជំនួសឲ្យការប្រើប្រាស់ប្លាស្ទិក ព្រោះលោកយល់ឃើញថា នៅពេលដែលអ្នកលក់ទាំងអស់បានជួយកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក ប្រៀបបានគិតគូរទៅដល់បរិស្ថាន និងបានចូលរួមចំណែកមួយផ្នែកទៀតគិតគូរទៅដល់សុខភាពអ្នកបរិភោគដូចគ្នា។
គួរបញ្ជាក់ថា នៅក្នុងខែកក្កដា ឆ្នាំ២០២០ លោក បឿន ចំរើន ស្ថាបនិកបាយវត្ត និងម្ចាស់ហាងកាហ្វេ Frank Coffee បានទទួលលិខិតសរសើរទាក់ទងនិងការវេចខ្ចប់ម្ហូបអាហារពីក្រសួងបរិស្ថាន។ ការទទួលស្គាល់ នេះ ក៏ជាចំណែកមួយជំរុញឱ្យលោកបន្ដចូលរួមកាត់បន្ថយការរប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា និងការ លក់ដូរមួយដែលគិតគូរទៅដល់សុខភាពអ្នកបរិភោគ។
លោក បឿន ចំរើន៖«ជាការជំរុញលើកទឹកចិត្ដយ៉ាងខ្លាំងបំផុតសម្រាប់យើងខ្ញុំដែលជាស្ថាបនិក យើងខ្ញុំជាមួយបុគ្គលិកទាំងអស់ មានការរីករាយយ៉ាងធំធេងទាក់ទងជាមួយនិងការផ្ដល់តម្លៃពីអតិថិជន ពីទស្សនិកជន ក៏ដូចជា ក្រសួងបរិស្ថានផ្ទាល់ ដែលបានលើកទឹកចិត្ត និងគាំទ្រយើងរហូតមកដល់ ពេលបច្ចុប្បន្ននេះ »។ សូមជម្រាបជូនដែរថា ហាងកាហ្វេ Frank Coffee និងបាយវត្ត មានទីតាំងនៅតាមបណ្ដោយមហាវិថីសុធារស ទល់មុខនឹងស្ថានទូតសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងពុទ្ធិកសកលវិទ្យាល័យព្រះសីហមុនីរាជា និងវត្តស្វាយពពែនៃរាជធានីភ្នំពេញ៕
អត្ថបទ៖ ជុំ ជោគជាតា រូបភាព៖ សែត ប៊ុនថាន់