ថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥

មុខរបរលក់នំក្រូច នំកង និងនំពងអន្សង មានចំណូលចូលជាប្រចាំថ្ងៃ ល្អសម្រាប់អ្នកយកទៅលក់បន្ត និងអ្នកមានដើមទុនតិច

១០ មិថុនា ២០២២ | សេដ្ឋកិច្ច

មុខរបរលក់នំក្រូច នំកង និងនំពងអន្សង ជាមុខរបរមួយដែលអាចរកចំណូលបានជាប្រចាំថ្ងៃ និងទទួលបាននូវចប្រាក់ចំណូលសមរម្យសម្រាប់ជីវភាព ជាពិសេសបច្ចុប្បន្ននេះក៏មានអ្នកធ្វើនំប្រភេទនេះបោះលក់ផងដែរដោយមិនចាំចាច់ចំណាយពេលធ្វើដោយខ្លួនឯង ល្អសម្រាប់អ្នកយកទៅលក់បន្តនិងមិនចង់ចំណាយដើមទុនច្រើន។

 

នំខ្មែរមានច្រើនប្រភេទ និងច្រើនរសជាតិអាស្រ័យតាមវត្ថុធាតុដើមនៃការផ្សំបញ្ជូលគ្នា រួមទាំងវិធីច្នៃប្រឌិត តាមទម្រង់ផ្សេងពីគ្នា។ ដោយសារតែមុខរបរធ្វើនំលក់ បានធ្វើឱ្យគ្រួសាររបស់លោស្រី ធីតា មានជីវភាពធូរធារជាងកាលពីមុន លោកស្រី ធីតា ជាអ្នកស្រុកកំពង់ចាម សព្វថ្ងៃនេះគាត់រស់នៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកប្រកបមុខរបរលក់នំកង នំក្រូច និងនំពងអន្សង តាំងពីអាយុ៨ឆ្នាំរហូតដល់បច្ចុប្បន្នមានរយះពេល២០ឆ្នាំមកហើយ។

 

លោស្រី ធីតា បានបន្ថែមថា គាត់ធ្វើនំសម្រាប់ផ្គត់ផ្គង់អ្នកចង់យកទៅលក់បន្ត និងធ្វើសម្រាប់លក់ខ្លួនឯងផងដែល។ ដោយធំឡើងជាមួយនិងមុខរបរលក់នំកង នំក្រូច និងនំពងអន្សង លោកស្រីចេះចំណេះជំនាញធ្វើនំនេះពីឪពុកម្តាយ កាលពីដើមឡើយគាត់មិនមានគំនិតធ្វើនំបោះលក់ឲ្យមានសមាជិកច្រើននោះទេ តែដោយសារតែគាត់ចង់ទទួលបាននូវប្រាក់កម្រៃច្រើនជាងនេះ គាត់ក៏មានគំនិតធ្វើនំបោះលក់តែម្តង។ 


បច្ចុប្បន្ននេះ លោកស្រីធីតា មានសមាជិកអ្នកយកនំទៅលក់បន្តប្រហែលជា១០នាក់។ក្នុងមួយនាក់យកនំទៅលក់ចាប់ពី១០០ទៅ២០០នំឡើងទៅ ចំពោះតម្លៃទិញចូល១០០នំ ៣ម៉ឺនរៀល តម្លៃលក់រាយនំកង នំក្រូច និងនំពងអន្សងមួយ ៥រយរៀលដែលជាតម្លៃថេរតាំងពីដើមរហូតមក មិនអាចឡើងថ្លៃបាននោះទេ បើទោះបីជាគ្រឿងនិងម្សៅសម្រាប់ធ្វើនំមានការឡើងថ្លៃក៏ដោយ  លោកស្រីបន្តថា គាត់ធ្វើនំលក់ជារៀងរាល់ថ្ងៃដោយក្នុង១ថ្ងៃ គាត់ធ្វើអស់៧០ទៅ៨០គីឡូម្សៅ ធ្វើលក់ចាប់ពី២ពាន់ទៅ៥ពាន់នំ និងថ្ងៃខ្លះអាចហក់ឡើងទៅដល់៧ពាន់នំផលិតទៅតាមតម្រូវការអតិថិជនកម៉្មុង និងផ្គត់ផ្គង់ទៅតាមកម្មវិធីនានា។


លើសពីនេះគេតែងចំណាំ នំកង មានសណ្ដានជាកង នំនេះគេប្រើម្សៅធ្វើនំពងអន្សង គ្រាន់តែគេច្នៃចេញឱ្យមានរូបរាងផ្សេងមួយទៀត ដោយមិនប្រើស្នូលតែប្រឡាក់ស្ករក្រហមពីលើ។នំពងអន្សង នំនេះមានរូបរាងមូលៗធ្វើមកពីម្សៅអង្ករដំណើប លាយម្សៅអង្ករខ្សាយ និងមានស្នូលសណ្ដែកនៅពីខាងក្នុង និងមានប្រឡាក់ល្បាយស្ករពីខាងក្រៅ។ គេចម្អិននំប្រភេទនេះ ដោយការបំពង ហើយនាពេលបច្ចុប្បន្នវត្តមាននំនេះ នៅតែមានទូទៅតាម ស្រុកស្រែចម្ការ និងរាជធានីភ្នំពេញ។

 


និងចុងក្រោយនំក្រូច ជានំប្រើម្សៅដូចគ្នាទៅនឹងនំពងអន្សងដែរ ប៉ុន្ដែប្ដូររូបរាង និងស្នូលរបស់វា។ គេអាចធ្វើចេញជាពីប្រភេទនំគឺ ស្នូលប្រៃ និងស្នូលផ្អែម។ គេអាចសម្គាល់ស្នូលប្រៃតាមរយៈការប្រឡាក់ស្ករក្រហមនៅពីលើនំ ហើយស្នូលសណ្ដែកនៅខាងក្នុង ចំណែកឯស្នូលផ្អែម មានស្នូលសណ្ដែកនៅខាងក្នុងផ្អែម និងមិនមានប្រឡាកស្ករខាងក្រៅទេ។ 

 


លោកស្រីធីតា បន្តថា កាលពីអំឡុងពេលនៃការបិទខ្ទប់កូវីដ១៩ នំកង នំក្រូច និងនំពងអន្សង បែជាមានការលក់ដាច់ទៅវិញ ព្រោះអំឡុងពេលនោះមិនសូវសំបូរមានអ្នកលក់ អ្នកលក់ត្រឹម៥ឬ៦នាក់ប៉ុណ្ណោះ ដោយកាលនោះក្នុង១នាក់លក់អស់៥រយទៅ៦រយនំ ដោយនាំគ្នាចេញទៅលក់នៅម៉ោង៩ព្រឹក ត្រឡប់មកផ្ទះវិញនៅម៉ោង១១ថ្ងៃត្រង់។ 

 


ជាមួយគ្នានេះដែរ លោកស្រី ធីតា ក៏បានធ្វើការអំពាវនាវដល់យុវជន និងបងប្អូនខ្មែរទាំងអស់ឲ្យជួយទិញ និងជួយគាំទ្រដល់អ្នកដែលលក់នំកង នំក្រូច និងនំពងអន្សង ទាំងអស់ដែលមានលក់នៅតាមទីសាធារណះ ឬតាមទីផ្សារនានា ព្រោះនំនេះជានំខ្មែរ មានតម្លៃសមរម្យជាពិសេសគ្រប់វ័យក៏អាចទទួលទានបាន ទៀតសោតលោកស្រី ចង់ឲ្យនៅតែមានលក់ជារៀងរហូត និងថែរក្សាអត្តសញ្ញាថានំក្រូច នំកង និងនំពងអន្សងជានំរបស់ខ្មែរ។
 

 

អត្ថបទ: ថុន សុកេតុមាលា រូបភាព: អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025