ថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥

ខ្លាំងមែន យ៉ែម ស្រីពេជ្រ ហោះទៅថតភាពយន្តជាមួយតារា ល្បីៗរបស់ ថៃ ក្នុងរឿងខ្នាតធំមួយ ! 

០១ មិថុនា ២០២២ | កម្សាន្ដ

 

ពិធីករនៅក្នុងកម្មវិធី « អ្នកជិតខាង »  PNN កញ្ញា យ៉ែម ស្រីពេជ្រ បានហោះទៅប្រទេស ថៃ ដើម្បីថតភាពយន្តខ្នាតធំមួយទៅតាមការអញ្ជើញអ្នកដឹកនាំដ៏ល្បីនៅក្នុងប្រទេស ថៃ ។  

 

នៅក្នុងឆ្នាំ ២០២២ នេះ យ៉ែម ស្រីពេជ្រ ជាសិល្បការីនីដំបូងគេដែលត្រូវបានផលិតករ ថៃ អញ្ជើញទៅថត ភាពយន្តខ្នាតធំនៅក្នុងប្រទេសនេះដោយត្រូវសម្តែងជាមួយតារាល្បីៗ ថៃ ជាច្រើនរូប ។ 

 


កាលពីប៉ុន្មានថ្ងៃមុនពិធីករក្នុងកម្មវិធី « អ្នកជិតខាង » របស់ទូរទស្សន៍ ភីអិនអិន រូបនេះបានឡើងយន្តហោះទៅប្រទេស ថៃ ស្ងាត់ៗ ដើម្បីជជែកពីរឿងថតភាពយន្ត មិនយូរប៉ុន្មានកាលពីថ្ងៃទី ២៩ ខែ ឧសភា ស្រាប់តែនាងបានបង្ហាញរូបភាពជាច្រើននៅក្នុងកម្មវិធី ក្រុងពាលីថតរឿងថ្មីរបស់ ថៃ រួមជាមួយតារាល្បីៗ ថៃ ជាច្រើនរូប ។ 

 


យ៉ែម ស្រីពេជ្រ បានបញ្ជាក់ប្រាប់ថា នាងពិតជាទទួលការងារថតភាពយន្តខ្នាតធំមួយនៅប្រទេស ថៃ មែន នាងត្រូវស្នាក់នៅទីនោះរយៈពេល ៣ ខែ  ដើម្បីថតរឿង ។ នាងពិតជាសប្បាយចិត្តណាស់ដែលមានឱកាសបានថតភាពយន្ត ខ្នាតធំនៅប្រទេស ថៃ ដែលជាប្រភេទរឿងប្រវត្តិសាស្រ្តរបស់ ថៃ នៅសម័យសុខោទ័យ ។ 

 


នៅមុនចេញទៅថតរឿងនេះ យ៉ែម ស្រីពេជ្រ បានប្រឹងប្រែងរៀនភាសា ថៃ អស់ជាច្រើនខែ ដើម្បីកាន់តែស្ទាត់ជំនាញលើការនិយាយ ដូច្នេះហើយទើបនាងមានភាពក្លាហាន និងជឿជាក់លើខ្លួនក្នុងការ ចេញទៅថតភាពយន្តខ្នាតធំនេះ ។

 

 

ថ្វីដ្បិតតែ យ៉ែម ស្រីពេជ្រ មិនបានប្រាប់ពីតម្លៃខ្លួន ក្នុងការថតភាព យន្តថ្មីនៅប្រទេស ថៃ តែបើតាមអ្នកស្និទ្ធជាមួយនាង បង្ហើបប្រាប់ថា យ៉ែម ស្រីពេជ្រ ទទួលបានតម្លៃ ខ្លួនខ្ពស់គួរសម ទើបនាងសម្រេចចិត្តផ្អាកការងារនៅក្នុងស្រុកទាំងអស់ ដើម្បីទទួលថតរឿងនៅក្រៅ ប្រទេស  ។ 

 


បើតាមគម្រោងរឿងដែល យ៉ែម ស្រីពេជ្រ ថត នៅប្រទេស ថៃ នឹងត្រូវដាក់បញ្ចាំងនៅបំណាច់ឆ្នាំ ២០២២ ឬ ដើមឆ្នាំ ២០២៣ ។ សម្រាប់ យ៉ែម ស្រីពេជ្រ ផ្ទាល់រំពឹងថា ស្នាដៃថ្មីរបស់ខ្លួននឹងទទួលបានការ គាំទ្រពីទស្សនិកជននៅពេលដាក់បញ្ចាំង ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា និង ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025