ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ២០២៥
ការទន្ទឹងរង់ចាំត្រូវបានបញ្ចប់ ទីបំផុតដំណើរឿងជំនាន់កូនរបស់ នាងណាត ឬ ព្រាយក្រឡាភ្លើង ត្រូវបានបន្តផលិតបន្តដើម្បីឱ្យទស្សនិកជនបានដឹងថាតើក្រោយពីកូននាងបានស្លាប់ក្នុងពោះជាមួយម្ដាយ ដោយភាពយន្តនេះនឹងបញ្ចាំងពីថ្ងៃទី៣ មិថុនា នេះតទៅគ្រប់រោងភាពយន្ត។
ខ្សែភាពយន្ដរន្ធត់ដ៏ល្បីល្បាញដែលដកស្រង់ចេញពីដំណាលរឿង នាងណាត ឬ ព្រាយក្រឡាភ្លើងនៅដែនដីប្រាក់ខាណង ដែលទស្សនិកជនក្មេងចាស់ប្រុសស្រីធ្លាប់តាមដានទស្សនាជាច្រើនលើកសារមកហើយនោះ គឺពិតជាមានសាច់រឿងគួរឲ្យជក់ជិតដិតអារម្មណ៍គ្រប់សម័យកាលផលិត ដោយពេលនេះបានឈានមកដល់ជំនាន់កូនរបស់នាងណាតហើយ។
«អាដែង កូនព្រាយក្រឡាភ្លើង» ជាភាពយន្តបន្តសាច់រឿងពីនាងណាតដែលជាម្ដាយ។ តួយ៉ាង រឿងនេះមិនមែនជាការផលិតថ្មី ដោយសាច់រឿងនៅដដែលដូចពីមុននោះឡើយ តែជាសាច់រឿងថ្មីបន្តមកនិយាយពីកូនប្រុសនាងណាត ឈ្មោះ ដែង ដែលបានស្លាប់ក្នុងពោះជាមួយម្ដាយព្រោះសម្រាលមិនរួច ជាហេតុបណ្ដាលឲ្យនាងក្លាយជាព្រាយក្រឡាភ្លើងនោះឯង។
ដោយសារតែតួអង្គកូនប្រុសនាងណាត ត្រូវបានបំភ្លេចចោលដោយមិនមានអ្នកណាលើកយកមកនិយាយឡើយ ហេតុនេះទើប M Pictures ធ្វើការជីកគាស់កកាយសាច់រឿង អាដែង បំប្លែងដំណើររឿង ដើម្បីផលិតជាភាពយន្តរឿង «អាដែង កូនព្រាយក្រឡាភ្លើង» នេះឡើង ដែលរឿងនេះពោរពេញដោយឈុតឆាកដ៏ល្អអស្ចារ្យជាច្រើននៅក្នុងផ្ទៃរឿងតែមួយ ពិសេសគឺឈុតបង្កប់ដោយអត្ថន័យអប់រំ បង្ហាញពីចំណងមិត្តភាព ការសាមគ្គី និងឈុតឆាកកំប្លុកកំប្លែង ដែលនឹងធ្វើឱ្យអ្នកមើលផ្ទុះសំណើចក្អាកក្អាយ។
ដំណើរសាច់រឿងជំនាន់កូននេះ បានបង្ហាញពីវិញ្ញាណម្ដាយដែលបានដើរតាមគន្លងព្រះពុទ្ធសាសនាដើម្បីជម្រះបាបដែលបានសាង ហើយបន្សល់ទុកខ្មោចអាដែងជាកូនឲ្យនៅកំព្រីកំព្រាតែឯងនៅក្នុងភូមិ ដោយអ្នកស្រុកភូមិក៏បានដឹងច្បាស់ពីដំណើរ និងដឹងរឿងខ្មោចអាដែងនៅក្នុងភូមិដែល តែមិនបានប្រាប់ក្មេងៗក្នុងភូមិឱ្យដឹងឮឡើយ ដើម្បីកុំឲ្យក្មេងក្មាងភ័យ ជាហេតុ អាដែង អាចរាប់អានក្មេងក្នុងភូមិជាមិត្តដូចមនុស្សធម្មតាបាន។ តែហេតុការណ៍មិនបានប្រណីមិត្តភាពពួកគេឲ្យមានក្ដីសុខឡើយ ស្រាប់តែមានព្រឹត្តិការណ៍ដ៏ព្រឺព្រួចលាយឡំជាមួយឈុតឆាកផ្ទុះសំណើចក្អាកក្អាយនិងក្ដុកក្ដួលអារម្មណ៍បានកើតឡើង។
ងាកមកចាប់អារម្មណ៍ពីអ្នកចូលរួមដែលភាគច្រើនសុទ្ធសឹងជាយុវវ័យ ដែលបានចូលទស្សនារឿង «អាដែង កូនព្រាយក្រឡាភ្លើង» ក្នុងថ្ងៃ Pre- Screening វិញ ម្នាក់ៗបានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយ ចំពោះវត្តមានរឿងខ្មោចបែបកំប្លែងនេះក្នុងរោងភាពយន្តនៅកម្ពុជា ព្រោះតែរឿងនេះជាវគ្គបន្តពីរឿងមុនដែលគ្រប់គ្នាទន្ទឹងរង់ចាំមកជាយូរហើយ។
ចំែណកអ្នកដែលមិនធ្លាប់បានទស្សនារឿងនេះកាលពីជំនាន់នាងណាតដែលជាម្តាយ បានលើកឡើងថា ដ្បិតតែខកខានមិនបានទស្សនាកាលជំនាន់ម្តាយក៏ពិតមែន តែពួកគេចាប់អារម្មណ៍ និងចង់មើលរឿងនេះណាស់ បន្ទាប់ពីបានទស្សនា Trailer ខ្លីរួចហើយ ពិសេសគឺរឿងខ្លោចបែបកំប្លែងបែបនេះ គឺគ្រប់គ្នាចូលចិត្តខ្លាំងតែម្តង។ ប្រិយមិត្តអាចទស្សនារឿង «អាដែង កូនព្រាយក្រឡាភ្លើង» បាននៅគ្រប់រោងភាពយន្ដទំនើបចាប់ពីថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២២នេះតទៅ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច