ថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥

នគរបាលជាតិថា មិនទាន់ដល់ពេលបង់ប្រាក់ពិន័យចរាចរណ៍ តាមធនាគារអេឡិចត្រូនិកទេ

១៥ មិថុនា ២០២០ | ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចមិនទាន់អនុវត្តការបង់ប្រាក់ពិន័យចរាចរណ៍ តាមប្រព័ន្ធធនាគារអេឡិចត្រូនិកនៅឡើយទេ។ ការបញ្ជាក់នេះ គឺបន្ទាប់ពីមានសំណើរសុំនគរបាលជាតិ ពិចារណា ឈានទៅអនុវត្តការបង់ប្រាក់តាមប្រព័ន្ធធានាគារ ដើម្បីបង្កើនភាពងាយស្រួល និងប្រសិទ្ធភាពការងារ។ អគ្គស្នងការរងនគរបាលជាតិ បានអះអាងពីហេតុផលចំាបាច់ ដែលពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍។

 


យុទ្ធនាការការរឹតបន្តឹងការអនុវត្តច្បាប់ជាមួយនឹងការបង្កើនប្រាក់ផាកពិន័យតាមអនុក្រឹត្យថ្មីអនុវត្តបានជាង១ខែ ក្រសួងមហាផ្ទៃបានទទួលសំណើរពីបណ្ដាធនាគារដៃគូសុំឱ្យពិនិត្យលទ្ធភាពឈានទៅអនុវត្តការបង់ប្រាក់ពិន័យតាមប្រតិបត្តការធនាគារអេឡិចត្រូនិក។ ប៉ុន្តែសំណើរនេះត្រូវបានអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃឆ្លើយតបថាមិនទាន់ដល់ពេលសមគួរនៅឡើយទេ។


អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឱ្យដឹងថា ការអនុវត្តនីតិវិធីនៃការគ្រប់គ្រង ការប្រមូល ការបែងចែកប្រាក់ពិន័យ ការប្រើប្រាស់បង្កាន់ដៃពិន័យរស់នគរបាលបានប្រព្រឹត្តទៅដោយមានយន្តការច្បាស់លាស់ និងត្រួតពិនិត្យត្រឹមត្រូវ។ ឯកឧត្តមបន្តថាបើទោះបីជានីតិវិធីមិនទាន់មានភាពជឿនលឿនផ្នែកបវិទ្យា ប៉ុន្តែការងារនេះមានលក្ខណៈជាក់លាក់ តម្លាភាព និងមិនមានបញ្ហាអ្វីធ្វើឲ្យបាត់បង់ប្រាក់ចំណូល កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលនោះឡើយ។

 


កាលបញ្ជាក់របស់ឯកឧត្តម ហ៊ឹម យ៉ាន គឺបន្ទាប់ពីក្រសួងមហាផ្ទៃកាលពីថ្ងៃម្សិលមិញនេះ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការប្រមូលប្រាក់ពិន័យចរាចរណ៍តាមរយៈសេវាធនាគាអេឡិចត្រូនិករបស់ធនាគារជាដៃគូរបម្រើសេវាកម្មប្រតិបត្តិការចំណូល-ចំណាយថវិការដ្ឋ ពិនិត្យទៅលើលិខិតសំណើរបស់ធនាគារអេឡិចត្រូនិកជាដៃគូរ ដើម្បីសហការប្រមូលប្រាក់ការផាកពិន័យចរាចរណ៍។ 


បើតាមនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការនគរបាលសំណើរបស់ស្ថាប័នធនាគារទៅលើការបង់ប្រាក់ពិន័យនេះគឺសមស្របនឹងបរបិទរីកចំរើននៃបច្ចេកវិទ្យាហើយ ប៉ុន្តែនាពេលនេះ វាមិនទាន់អាចឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងបាននៅឡើយទេ ពីព្រោះអគ្គស្នងការនគរបាលជាតិចង់ឲ្យមានការជួបផ្ទាល់រវាងអ្នកល្មើស និងនគរបាលចរាចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយអប់រំអំពីករណីល្មើស និងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។

 


សូមបញ្ជាក់ថា បច្ចប្បន្ននេះ អ្នកល្មើសច្បាប់ចរាចរណ៍ មានជម្រើសៗក្នុងការបង់ប្រាក់ផាកពិន័យ គឺបងនៅនឹងកន្លែង និងបង់នៅអង្គភាពនគរបាលណាមួយ។ រាល់ប្រាក់ផាកពិន័យទាំងអស់សុទ្ធតែមានវិក័យបត្រ៕

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025