ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ការដោះដូរពាណិជ្ជកម្មសរុបរបស់កម្ពុជា មានទឹកប្រាក់ ១៧ ពាន់លានដុល្លារ កើនឡើងជាង២ពាន់លានដុល្លារ

១៩ ឧសភា ២០២២ | សេដ្ឋកិច្ច


ភ្នំពេញ ៖ គិតត្រឹម៤ខែ ដើមឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មកម្ពុជា ទៅកាន់ទីផ្សារបរទេស  មានទំហំទឹកប្រាក់សរុបប្រមាណ ១៧ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។

 


យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា គិតត្រឹមខែមករាដល់ខែមេសាឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុបមានទំហំទឹកប្រាក់ ១៧ ៦៤៩លានដុល្លារ កើនឡើងជាង២.៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួន ១៥ ២៨៤លានដុល្លារ។ ដោយការនាំចេញ មានតម្លៃ ៧ ៦០៦លានដុល្លារ កើនឡើង៣២.១% ដែលមានត្រឹម ៥.៧ពាន់លានដុល្លារ និងនាំចូលមានតម្លៃ ១០ ០៤៣ លានដុល្លារកើនឡើង ៥.៤%។

 


ទំនិញសំខាន់ដែលកម្ពុជា បាននាំចេញរួមមាន សម្លៀកបំពាក់ក្នងតម្លៃជាង ២.៨ពាន់លានដុល្លារ កើនឡើងជាង ៦០០លានដុល្លារអាមេរិក ស្បែកជើងចំនួន ៥៧០លានដុល្លារ កើនឡើង ៣៧.៩%  វត្ថុធ្វើពីស្បែក និងរោមសត្វតម្លៃ ៦៧២លានដុល្លារ កើនឡើង ៥៤.៤% ម៉ាស៊ីន និងឧបករណ៍អគ្គិសនី ៥០៤លានដុល្លារ កើនឡើង៥៧.១% ផ្លែឈើ ៣៤៩លានដុល្លារ កើនឡើង ២០.៥%, ធញ្ញជាតិ ៤៩៥លានដុល្លារថយចុះ៦.២% ដោយក្នុងនោះការនាំចេញទំនិញទៅអាមេរិកក្នុងតម្លៃ ២.៩ពាន់លានដុល្លារ កើនឡើង៥៣.៦%, វៀតណាម៩៧៧លានដុល្លារ កើនឡើង ៥%, ចិន ៤២៣ លានដុល្លារ ថយចុះ០.១%។  

 


ចំណែកការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) មានចំនួន ១,២១២.៩ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៣៥.២ លានដុល្លារអាមេរិក ស្មើនឹង ៣៨.២%។

 


ការនាំចេញកសិផលសរុបមានតម្លៃ ១,១២៣.៥ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០៧.៤ លានដុល្លារអាមេរិក ស្មើនឹង ១០.៦% ដែលក្នុងនោះ ស្រូវនាំចេញមានតម្លៃ ២៩៨.៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៧.២ លានដុល្លារអាមេរិក (៥.៤%), ការនាំចេញអង្ករមានតម្លៃ ១០៥.១ លានដុល្លារអាមេរិក ថយចុះប្រមាណ ៤.៧ លានដុល្លារអាមេរិក (៤.៣%), កៅស៊ូនាំចេញមានតម្លៃ ១០៣.២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ១០.១ លានដុល្លារអាមេរិក (១០.៩%), និងកសិផលផ្សេងទៀតមានតម្លៃ ៦១៦.៣ លានដុល្លារអាមេរិក កើនឡើង ១១៩.១ លានដុល្លារអាមេរិក (២៤%)។
 

 

អត្ថបទ៖ ម៉ៅ ចរិយា រូបភាព ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024