ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា ស្នើបារាំង ឱ្យបន្តជួយបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព

១៤ ឧសភា ២០២២ | ព័ត៌មានជាតិ


ពីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញដឹកជញ្ជូនគ្រឿងផ្ទុះ សម្រាប់ប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានស្នើប្រទេសបារាំងអោយបន្តជួយបណ្តុះបណ្តាលដល់កងកម្លាំងកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹង និងពង្រឹងធនធានមនុស្ស លើជំនាញរក្សាសន្តិភាព ភាសាបារាំង និងកាផ្លាស់ប្តូរទស្សនកិច្ច ដកស្រង់បទពិសោធន៍ប្រចាំឆ្នាំរវាងមជ្ឈមណ្ឌលរក្សាសន្តិភាពបារាំង និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកម្ពុជា។

 

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនដែលទើបបញ្ចប់នេះ មានតម្លៃណាស់ សម្រាប់កងយោធពលខេមរភូមិន្ទ និងសម្រាប់ប្រជាជនកម្ពុជា ក្នុងនោះបានផ្តល់ចំណេះដឹងផ្នែកដឹកញ្ជូនគ្រឿងផ្ទុះដោយសុវត្ថិភាព និងបង្កើតបានសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរ កម្ពុជា- បារាំង។ នាយឧត្តមសេនីយ៍ ក៏ថ្លែងអំណរគុណដល់ ឯកអគ្គរាជទូតបារាំង អនុព័ន្ធយោធា ប្រធានបេសកកម្ម ទីប្រឹក្សា បារាំង និងយោធាចារ្យ ដែលបានជួយជ្រោមជ្រែងដល់មជ្ឈមណ្ឌលជាតិតាំងពីដើមរៀងមក។

 


គួររម្លឹកថា វគ្គហ្វឹកហ្វឺនជំនាញដឹកជញ្ជូនគ្រឿងផ្ទុះសម្រាប់ប្រតិបត្តិការសន្តិភាព គឺជាវគ្គហ្វឹកហ្វឺនលើកទី២ហើយដែលមានកិច្ចគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរបស់សាធារណរដ្ឋបារាំង ដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ។ 

 


កន្លងមកបារាំងបានផ្តល់វគ្គហ្វឹកហ្វឺនដល់សិក្ខាកាមនៃកងយោធពលខេមរ ភូមិន្ទទាំងក្នុងនិងក្រៅប្រទេស សរុបចំនួ ៧៨វគ្គ សរុបសិក្ខាកាមចូលរួមជាង១៧០០នាក់ ។ វគ្គហ្វឹកហ្វឺនទាំងនោះរួមមាន ជំនាញបោសសំអាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (EOD) ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ (IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា វគ្គ GPS បំប៉នផ្នែក Computer សង្គ្រោះបឋម អាវុធហត្ថ ដឹកជញ្ជូនគ្រឿងផ្ទុះ បំប៉នផ្នែកភាសាបារាំងជាដើម។

 


គួរបញ្ជាក់ថា នៅក្នុងវិស័យរក្សាសន្តិភាព គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២២នេះ កម្ពុជាធ្លាប់បានរួមចំណែកបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៧ពាន់នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជិត ៨០០នាក់ កំពុងបំពេញបេសកកម្មរក្សា នៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

 

 

អត្ថបទ៖ សន រដ្ឋា , រូបភាព៖ ញិល សុជា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024