ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤

និយ័តករមូលបត្រកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ

១២ ឧសភា ២០២២ | សេដ្ឋកិច្ច

 

នៅក្នុងថ្ងៃនេះ និយ័តករមូលបត្រកម្ពុជា និង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតនូវ កិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងពង្រីកការផ្សព្វផ្សាយបន្ថែមទៀតអំពី វិស័យមូលបត្រកម្ពុជា។

 

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងឱ្យដឹងថា ការចុះអនុស្សរណៈ នាពេលនេះ គឺដើម្បីអភិវឌ្ឍធនធានមនុស្សលើជំនាញគណនេយ្យ និងមូលបត្រ ហើយក៏បង្ហាញពី កិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹង វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងបង្ហាញពី វិស័យមូលបត្រកម្ពុជា ទៅកាន់សិស្ស និស្សិត ដែលអាចពាំនំាទំនុកចិត្តទៅកាន់ វិនិយោគិន និងសាធារណជន។

 


ឯកឧត្តម ស៊ូ សុជាតិ សង្កត់ធ្ងន់ថា អ្វីដែលនិយ័តករចង់បាន គឺដើម្បីអនុញ្ញាតឲ្យ មន្រ្តីជំនាញនៃនិយ័តករមូលបត្រកម្ពុជា អាចទទួលបានការបណ្តុះបណ្តាលបន្ថែម ដែលអាចបម្រើកិច្ចការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

 


លោក ប៊ុន សុន្ទរុង្គ អគ្គនាយករងនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានមានប្រសាសន៍ផងដែរថា វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ គឺជាវិទ្យាស្ថានឯកទេស ផ្តល់នូវការសិក្សាលើផ្នែកជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ធនាគារ និងពន្ធដារ និងជំនាញផ្សេងៗជាច្រើន។

 


ជាចុងក្រោយ លោក ប៊ុន សុន្ទរុង្គ ក៏បានបញ្ជាក់ថា វិទ្យាស្ថាន នឹងរៀបចំការចុះកម្មសិក្សានៅ និយ័តករមូលបត្រកម្ពុជា ដើម្បីឲ្យសិស្ស និស្សិត បានស្វែងយល់ និងសិក្សាបន្ថែមអំពី វិស័យមូលបត្រកម្ពុជា និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាព៖ អ៊ិន អាត

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024