ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥
ខ្យល់នានិទាឃរដូវឬរដូវផ្ការីកបានបោកបក់ដោយនាំមកនូវក្លិនផ្កាឈើដ៏ក្រអូបស្ទើរតែនៅពាសពេញទឹកដីចិន ហើយបានបង្កើតជាកន្លែងលម្ហែកាយស្រង់ក្លិនផ្កាដ៏គួរឱ្យអស្ចារ្យដែលទាក់ទាញមនុស្សជាច្រើនឱ្យទៅចូលរួមទស្សនាគយគន់ទេសភាពផ្កាព្រៃដ៏ស្រស់ស្អាតនៅតាមកន្លែងផ្សេងៗជាច្រើននៅប្រទេសចិន។
ដើមអាព្រីខូត (apricot) ពណ៌ក្រហមលាយពណ៌ផ្កាឈូកដែលដុះនៅលើផ្ទៃដីរាប់សិបគីឡូម៉ែត្រនោះបានបញ្ចេញផ្ការីកពេញជ្រលងភ្នំកម្ពស់ជាង ៣ ពាន់ម៉ែត្រនៅជុំវិញភូមិមួយក្នុងសង្កាត់ Tashkurgan Tajik នៅក្នុងតំបន់ស្វយ័ត Xinjiang Uygur ភាគពាយព្យនៃប្រទេសចិនដោយបង្កើតបានជាឋានសួគ៌លោកិយដោយមានទន្លេ Tashkurgan ពណ៌ត្បូងកណ្តៀងហូរសន្សឹមៗឆ្លងកាត់តំបន់ភ្នំនេះ។
ដើម Apricot នេះមានផ្លែស្រដៀងនឹងផ្លែប៉ោមប៉ុន្តែតូចជាងផ្លែប៉ោម ហើយត្រូវបានដាំនៅតំបន់ភ្នំខ្ពង់រាប បាមៀ។ ដើមនេះនឹងនៅតែបញ្ចេញផ្កាដ៏ស្រស់បំព្រងរបស់វារហូតដល់ពាក់កណ្តាលខែមេសាដែលជាពេលវេលាចេញផ្កាចុងក្រោយរបស់ដើមឈើនេះ ហើយអ្នកទេសចរមកពីទូទាំងប្រទេសចិននឹងសម្រុកទៅលេងតាមទីជនបទសម្រាប់ការណាត់ជួបដ៏ពិសេសរបស់ពួកគេជាមួយនឹងផ្កាឈើទាំងនេះ។
នៅក្នុងស្រុក Ningling នៃខេត្ត Henan ភាគកណ្តាលប្រទេសចិន ដើមភៀ (Pear) ដែលគ្របដណ្តប់លើផ្ទៃដីជាង ១៤ ៦៦៧ ហិកតានោះកំពុងបញ្ចេញផ្ការីកស្គុះស្គាយនៅលើដីរបស់អ្នកដាំដំណាំនេះដោយពួកគេកំពុងមមាញឹកក្នុងការធ្វើលម្អងផ្កានៅក្រោមដើមឈើដោយទន្ទឹងរង់ចាំពីការប្រមូលផលដ៏ល្អក្នុងពេលខាងមុខនេះ។
នៅក្នុងភូមិមួយនៅក្នុងស្រុក Wulian នៃខេត្ត Shandong នៅភាគខាងកើតប្រទេសចិន ដើមឈារី (Cherry) បានបញ្ចេញផ្ការីកពេញជើងភ្នំនិងជ្រលងភ្នំរួមជាមួយនឹងខ្យល់បក់សន្សឹមៗនៅក្នុងនិទាឃរដូវដ៏សែនស្ងប់ស្ងាត់នេះ។
ផ្ទៃដីដាំដើមឈារីនៅក្នុងភូមិនេះមានប្រហែល ២៧ ហិកតាជាមួយនឹងទិន្នផលប្រចាំឆ្នាំប្រហែល ២០ ម៉ឺនគីឡូក្រាមដែលទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើននៅក្នុងរដូវផ្ការីកនានិទាឃរដូវនិងរដូវច្រូតកាត់ក្នុងរដូវក្តៅ ដើម្បីសប្បាយរីករាយនឹងជីវិតរបស់ពួកគេជាមួយឧទ្យានចម្ការដំណាំនិងកសិកម្មរបស់អ្នកភូមិទាំងអស់នេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន